បន្ទាយមានជ័យ ៖ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានដាក់ចេញនូវ បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដល់គ្រប់កងកម្លាំង ដែលឈរជើងនៅ តាមបណ្តោយព្រំដែន អាជ្ញាធរក្រុង-ស្រុក ជាប់ព្រំដែន បន្តរួមគ្នាទប់ស្កាត់ នូវបទល្មើសផ្សេងៗ មិនអនុញ្ញាតឱ្យមាន ការយកទំនិញពីថៃចូលកម្ពុជាឡើយ បើមានត្រូវតែពួតដៃក្នុង ការធ្វើការបង្ក្រាបឱ្យបាន។

ការដាក់ចេញនូវវិធានការយ៉ាងម៉ឺងម៉ាត់នេះ ធ្វើឡើងក្នុងឱកាសដែល លោកអភិបាលខេត្ត បានដឹកនាំកិច្ចប្រជុំ ជាមួយការងារក្រុមការងារ កងកម្លាំងឈរជើងតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ។

ស្របពេលដែលបញ្ហាព្រំដែន នៅតែតានតឹង លោក អភិបាលខេត្ត បានគូសបញ្ជាក់ថា «ជំរុញទៅដល់កងកម្លាំង គ្រប់កងអង្គភាពដែលឈរជើងតាមបន្ទាត់ព្រំដែន អាជ្ញាធរ មូលដ្ឋាន ត្រូវយកចិត្តទុកដាក់ពិនិត្យទៅតាមបន្ទាត់ព្រំដែន មិនអនុញ្ញាតឱ្យមានការលួចឆ្លងដែន ក៏ដូចជាសកម្មភាពផ្សេងៗ ដែលជាបទល្មើសតាមព្រំដែន បើសិនជាមានការ រកឃើញថា មានបទល្មើសនៅតាមព្រំដែនត្រូវធ្វើការបង្ក្រាបឱ្យបានដោយគ្មានលើកលែងឡើយ»។

លោក អភិបាលខេត្ត បានអំពាវនាវ ឱ្យប្រជាពលរដ្ឋដែលមានបំណងចង់វិលត្រឡប់មកកម្ពុជាវិញ សូមធ្វើដំណើរតាមច្រកផ្លូវការ ដើម្បីងាយស្រួល ក្រុមការងារ ទទួលរង់ចាំទទួល។ លោក អភិបាលខេត្ត ក៏បានបញ្ជាក់ជាថ្មីទៀតថា រដ្ឋបាលខេត្ត បានត្រៀមនូវរថយន្តជាច្រើនគ្រឿង ព្រមទាំងទីតាំងសំចត សម្រាប់ទទួលពលករនៅច្រកទ្វាអន្តរជាតិប៉ោយប៉ែត ដោយមានក្រុមការងារចម្រុះ មានក្រសួងការងារបណ្ដុះបណ្ដាល និងវិជ្ជាជីវៈ ប.ស.ស ក៏ដូចជាសមត្ថកិច្ច អាជ្ញាធរក្រុង បានចាំទទួលដោយមានការផ្តល់នូវអាហារសម្រន់ ក៏ដូចជាជូនដល់បងប្អូនទៅតាមបណ្ដាខេត្ត ដោយពុំមានគិតថវិកាឡើយ៕
