ព័ត៌មានជាតិ

ក្រសួងមហាផ្ទៃ ឱ្យពលរដ្ឋប្រុងប្រយ័ត្ន ករណីក្លែងបន្លំរូបភាព AI ដើម្បីឆបោកការបរិច្ចាគប្រាក់សប្បុរសធម៌

ភ្នំពេញ ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានធ្វើការក្រើនរំលឹកដល់ប្រជាពលរដ្ឋប្រុងប្រយ័ត្ន ចំពោះករណីក្លែងបន្លំរូបភាពបញ្ញាសិប្បនិម្មិត (AI) ដើម្បីឆបោកការបរិច្ចាគប្រាក់សប្បុរសធម៌។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល។

ការក្រើនរំលឹករបស់ ក្រសួងមហាផ្ទៃ បន្ទាប់ពីថ្មីៗនេះមានការផ្សព្វផ្សាយតាមរយៈបណ្តាញទំនាក់ទំនងសង្គម នូវរូបភាពកុមារកំព្រា ជនពិការ ដ៏គួរឱ្យសោកសង្រែងកំពុងត្រូវការជំនួយសប្បុរសសង្គ្រោះបន្ទាន់ ដែលបង្កើតឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI ពីជនខិលខូច ក្នុងគោលដៅឆបោកប្រាក់ប្រជាពលរដ្ឋស្លូតត្រង់ ដែលមានចិត្តអាណិតអាសូរពិតប្រាកដតាមរយៈការបរិច្ចាគថវិកាទៅកាន់ពួកគេ។

ដោយសារបច្ចេកវិទ្យា AI កាន់តែមានភាពរីកចម្រើន ការបង្កើតរូបភាពសិប្បនិម្មិតនានា កាន់តែមានភាពស្រដៀងទៅនឹងរូបភាពពិតប្រាកដជាខ្លាំង ដែលធ្វើឱ្យសាធារណជនទូទៅកាន់តែមានផលពិបាកក្នុងការបែកចែករវាងរូបភាពពិតប្រាកដ និងរូបភាពសិប្បនិម្មិត។ ជនខិលខូចបានឆ្លៀតឱកាសនេះប្រើប្រាស់នូវរូបភាពសិប្បនិម្មិតទាំងនោះធ្វើការផ្សព្វផ្សាយតាមរយៈបណ្តាញទំនាក់ទំនងសង្គម ដើម្បីស្នើសុំការបរិច្ចាគថវិកាជំនួសសប្បុរសទៅឱ្យពួកគេ។

ក្នុងន័យនេះ ក្រុមការងារបច្ចេកទេស នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ និងសាធារណជនទាំងអស់មេត្តាប្រុងប្រយ័ត្នខ្ពស់ចំពោះល្បិចឆបោកខាងលើ និងចូលរួមប្រើប្រាស់វិធីសាស្រ្តមួយចំនួន ដូចជា៖

១. កុំធ្វើការបរិច្ចាគប្រាក់ទៅលើមូលនិធិ ដែលគ្មានប្រភពច្បាស់លាស់តាមបណ្តាញសង្គម

២. កុំចុចតំណភ្ជាប់នានា ដែលគ្មានប្រភពច្បាស់លាស់

៣. សូមរាយការណ៍មកកាន់សមត្ថកិច្ចជំនាញ ដែលនៅជិតលោកអ្នកបំផុត

៤. សូមកុំចែករំលែកបន្ត ( Share ) នៅលើគណនីបណ្តាញសង្គមរបស់លោកអ្នក

៥. សូមចូលរួមរាយការណ៍ទៅកាន់ក្រុមហ៊ុនបណ្តាញទំនាក់ទំនងសង្គម (Report) ដូចជា Facebook, Telegram, TikTok សម្រាប់ករណីក្លែងក្លាយខាងលើ៕

To Top