ភ្នំពេញ៖ ក្នុងរយៈពេល៥ខែដើមឆ្នាំ២០២៥ នេះ មានភ្ញៀវទេសចរឆែក មកទស្សនាកម្ពុជាប្រមាណជិត ៤.០០០នាក់ទៅហើយ ខណៈដែលកាលពីឆ្នាំ២០២៤ កន្លងទៅ មានចំនួនជិត ៦.០០០នាក់ ការណ៍នេះបានបង្ហាញថា ចំនួនភ្ញៀវទេសចរឆែក មកទស្សនាកម្ពុជា មានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ។
យោងតាមជំនួបសម្ដែងការគួរសម និងជម្រាបលា ជាមួយលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ កាលពីរសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ ក្នុងឱកាសបញ្ចប់អាណត្តិបេសកកម្មការទូត នៅព្រះរាជាណាចក្រកម្ពុជា នាទីស្តីការក្រសួង លោក Martin Vávra ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឆែក ប្រចាំកម្ពុជា បានសម្តែងនូវការពេញចិត្ត ចំពោះការរីកចម្រើនឥតឈប់ឈរ នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ជាពិសេសកិច្ចសហប្រតិបត្តិការល្អៗ លើគ្រប់វិស័យរួមទាំងវិស័យទេសចរណ៍ផងដែរ ហើយកិច្ចសហប្រតិបត្តិការនេះ នឹងបន្តពង្រឹងនិងពង្រីកបន្ថែមទៀត ដើម្បីជាប្រយោជន៍ដល់ប្រទេស និងប្រជាជន នៃប្រទេសទាំងពីរ។
ជាការឆ្លើយតប លោករដ្ឋមន្ត្រី បានអបអរសាទរលោកឯកអគ្គរដ្ឋទូត ដែលបានបញ្ចប់បេសកកម្មការទូតនៅកម្ពុជា ប្រកបដោយជោគជ័យ និងបានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង និងកិច្ចសហប្រតិបត្តិការដ៏ល្អ របស់ឯកឧត្តមឯកអគ្គរដ្ឋទូត នាពេលកន្លងមក ព្រមទាំងស្នើឯកឧត្តមឯកអគ្គរដ្ឋទូត បន្តជួយផ្សព្វផ្សាយពីសភាពការណ៍ពិត នយោបាយ សន្តិសុខ សេដ្ឋកិច្ច និងសង្គមដែលមានភាពល្អប្រសើរ រួមទាំងកាលានុវត្តវិនិយោគ និងសក្តានុពលទេសចរណ៍របស់កម្ពុជា ដល់ថ្នាក់ដឹកនាំ ធុរជន និងប្រជាពលរដ្ឋឆែក។
ក្នុងនោះ លោក ហួត ហាក់ កត់សម្គាល់ថា ក្នុងអាណត្តិទូតរបស់ លោក Martin Vávra ឯកអគ្គរដ្ឋទូតឆែកប្រចាំកម្ពុជា ចំនួនភ្ញៀវទេសចរឆែក មកទស្សនាកម្ពុជា មានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ។
ជាកិច្ចបញ្ចប់ លោករដ្ឋមន្ត្រី បានជូនពរឯកឧត្តមឯកអគ្គរដ្ឋទូត និងក្រុមគ្រួសារ ទទួលបានសុខភាពបរិបូរណ៍ និងទទួលបានជោគជ័យគ្រប់ភារកិច្ចការងារ។
សូមបញ្ជាក់ជូនថា លោក Martin Vávra ជាឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឆែកទី១ ដែលមាននិវេសដ្ឋាននៅប្រទេសកម្ពុជា ហើយចំនួនភ្ញៀវទេសចរឆែក មកទស្សនាកម្ពុជា មានការកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ ដោយនៅឆ្នាំ២០២៣ មានចំនួនប្រមាណ ៤.០០០ នាក់ ឆ្នាំ២០២៤ កន្លងទៅមានចំនួនជិត ៦.០០០នាក់ ហើយក្នុងរយៈពេល៥ខែដើមឆ្នាំ២០២៥ នេះ មានភ្ញៀវទេសចរឆែក មកទស្សនាកម្ពុជាប្រមាណជិត ៤.០០០នាក់ហើយ៕







