ព័ត៌មានជាតិ

រដ្ឋមន្រ្តីសុខាភិបាល ៖ ធនាគារពិភពលោក រួមចំណែកលើកកម្ពស់ ប្រព័ន្ធថែទាំសុខភាព

ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីសុខាភិបាល បានលើកឡើងថា ធនាគារពិភពលោក បានសហការគាំទ្រក្រសួងសុខាភិបាល ដោយបានចូលរួមចំណែក ក្នុងការលើកកម្ពស់ ប្រព័ន្ធថែទាំសុខភាពនៅកម្ពុជា ។

ក្នុងឱកាសជួបពិភាក្សាការងារលើកិច្ចសហប្រតិបត្តិការអាទិភាពសុខាភិបាល ជាមួយលោកស្រី Tenia Meyer នាយិកាធនាគារពិភពលោក ប្រចាំកម្ពុជា និងលោកស្រី Caryn Bredenkamp នាយិកាផ្នែកសុខភាព និងអាហាររូបត្ថម្ភ ប្រចាំតំបន់អាស៊ីបូព៌ា នៃធនាគារពិភពលោក នាថ្ងៃ៨ កក្កដា សាស្ត្រាចារ្យ ឈាង រ៉ាបានលើកឡើងថា ការលើកកម្ពស់ថែទាំសុខភាពនេះរបស់ធនាគារពិភពលោក ធ្វើឡើងតាមរយៈកិច្ចសហប្រតិបត្តិការលើគម្រោងអាហារូបត្ថម្ភ , គម្រោងពង្រឹងប្រព័ន្ធអប់រំមុនពេលបម្រើការងារ , គម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខភាពដំណាក់កាលទី២ និងគម្រោងឆ្លើយតបការរាតត្បាតនៃជំងឺកូវីដ-១៩។

លោកស្រី Tenia Meyer តំណាងធនាគារពិភពលោកបានប្រាប់សាស្ត្រាចារ្យរដ្ឋមន្ត្រីថា អាទិភាពរបស់ធនាគារពិភពលោក គឺស្របគ្នានឹងអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា សំដៅលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជន ចូលរួមចំណែកដើម្បីឈានទៅសម្រេចបានការគ្របដណ្តប់សុខភាពជាសកល ។ លោកស្រីបញ្ជាក់ថា ធនាគារពិភពលោក មានបំណងរៀបចំគម្រោងថ្មី ដើម្បីបន្តគាំទ្រវិស័យសុខាភិបាលពីគម្រោងបច្ចុប្បន្នដែលនឹងអនុវត្តន៍ចប់ក្នុងពេលមួយឆ្នាំទៀត និងស្នើសុំអនុសាសន៍ណែនាំពីសាស្ត្រាចារ្យរដ្ឋមន្ត្រី។

ជាមួយគ្នានេះ សាស្ត្រាចារ្យក៏បានលើកឡើងពីការងារអាទិភាពចំបងដែលគួរបន្តខិតខំបន្ថែមគឺ ការបង្ការ និងការស្រាវជ្រាវរកជំងឺមហារីក ដើម្បីព្យាបាលឲ្យបានទាន់ពេលវេលា , ការងារសុខភាពឌីជីថល និងការចុះបញ្ជីអ្នកជំងឺតាមប្រព័ន្ធអេឡិចត្រូនិក ។

សាស្ត្រាចារ្យរដ្ឋរដ្ឋមន្ត្រីសង្កត់ធ្ងន់ថា ការចូលរួមចំណែក របស់ដៃគូអភិវឌ្ឍន៍ មានសារៈសំខាន់ដើម្បីចូលរួម ចំណែកសម្រេចបាននូវផែនការ យុទ្ធសាស្ត្រសុខាភិបាល ក៏ដូចជាអាទិភាពសុខាភិបាល ដើម្បីឈានទៅរកការ សម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ស្របតាមផែនការយុទ្ធសាស្រ្តបញ្ចកោណ នៃរាជរដ្ឋាភិបាល អាណត្តិទី៧ ៕

To Top