ភ្នំពេញ ៖ ក្នុងអាណត្តិរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ទន្ទឹមនឹងភាពមមាញឹក ក្នុងការអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាល សាធារណៈក្រោមការដឹកនាំផ្ទាល់ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្រសួងមុខងារសាធារណៈ បានប្រឹងប្រែងបំពេញការងារយ៉ាងសកម្ម ក្នុងការធានានូវការបើកផ្តល់បៀវត្ស និងប្រាក់ឧបត្ថម្ភផ្សេងៗ ជូនមន្ត្រីរាជការនិងមន្ត្រី ជាប់កិច្ចសន្យា ស្របតាមគោល ការណ៍រាជរដ្ឋាភិបាល ដើម្បីធានាប្រសិទ្ធភាព នៃការគ្រប់គ្រងថវិការដ្ឋ។

ការបើកផ្តល់បៀវត្សនិងប្រាក់ឧបត្ថម្ភ ត្រូវបានអនុវត្តតាមគណនីរបស់មន្ត្រីទាន់ពេលវេលា ទៀងទាត់ និងរៀងរាល់២ សប្តាហ៍ម្តង។ ដោយឡែក ក្នុងខែមានពិធីចូលឆ្នាំថ្មីប្រពៃណីជាតិនិងបុណ្យភ្ជុំបិណ្ឌ មន្ត្រីរាជការនិងមន្ត្រីជាប់កិច្ចសន្យា ទទួលបានបៀវត្សនិងប្រាក់ ឧបត្ថម្ភមុនពេលពិធីបុណ្យ និង ទទួលបានការបើកផ្តល់មុន កាលកំណត់ថែមទៀត នៅក្រោយពិធីបុណ្យ ។ ការរៀបចំបើកផ្តល់ទាន់ពេល ទៀងទាត់ និងឆាប់រហ័សនេះ បានបង្ហាញពីការយក ចិត្តទុកដាក់ខ្ពស់ និងជាប្រចាំរបស់រាជរដ្ឋាភិបាលចំពោះជីវភាពរស់នៅ និងសេចក្តីត្រូវប្រចាំថ្ងៃរបស់មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា។

ចំពោះការគ្រប់គ្រងការបើកផ្តល់បៀវត្ស និងប្រាក់ឧបត្ថម្ភ ប្រកបដោយប្រសិទ្ធភាព និងការធានានូវការប្រើប្រាស់ថវិកា ដោយត្រឹមត្រូវនោះ ក្រសួងមុខងារសាធារណៈ ដោយមានកិច្ច សហការពីក្រសួង ស្ថាប័នថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ ក្រោមជាតិ បានរៀបចំយន្តការតាមដាន ត្រួតពិនិត្យជាប្រចាំលើការបើកផ្តល់បៀវត្ស និងប្រាក់ឧបត្ថម្ភផ្សេងៗ ដើម្បីធានាថា ថវិកាសម្រាប់បៀវត្សនិងប្រាក់ ឧបត្ថម្ភផ្សេងៗ ត្រូវបានប្រើប្រាស់ដោយត្រឹមត្រូវ និងចំគោលដៅកំណត់តាមលិខិត បទដ្ឋានគតិយុត្តរបស់រាជរដ្ឋាបាល។

ក្នុងនោះក្នុងស្ថានភាព ដែលមានការបើកបៀវត្ស ឬប្រាក់ឧបត្ថម្ភមិនស្របតាមគោលការណ៍ ដោយហេតុការណ៍ផ្តល់ ព័ត៌មានដល់អង្គភាពមិនទាន់ពេលវេលា ពាក់ព័ន្ធនឹងការប្រែប្រួល ស្ថានភាពមន្ត្រីឬ ការបំពេញឯកសារមិន បានស្របតាមការកំណត់ ដូចជាករណី មរណភាព ការស្ថិតក្នុងភាពទំនេរគ្មានបៀវត្ស ការស្ថិតក្រៅក្របខ័ណ្ឌ ការចូលនិវត្តន៍ ការឈប់សម្រាកពីការងារជាដើម ត្រូវបានតាមដានត្រួតពិនិត្យជាប្រចាំដោយក្រសួងមុខងារសាធារណៈ ។ ក្នុងករណីមានការបើកហួស ក្រសួងមុខងារ សាធារណៈបានជំរុញអង្គភាព នៃក្រសួង ស្ថាប័នថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ ក្រោមជាតិ ធ្វើការបង្វិលសាច់ប្រាក់ ចូលក្នុងថវិកាជាតិវិញ។ កិច្ចការនេះ ត្រូវបានយកចិត្តទុកដាក់ និងអនុវត្តជាប្រចាំ។

ទន្ទឹមនេះ ក្រសួងមុខងារសាធារណៈ បាននិងកំពុងពិនិត្យឡើងវិញ ដើម្បីកែលម្អបែបបទ និងនីតិវិធីនៃការបើកផ្តល់បៀវត្ស និងប្រាក់ឧបត្ថម្ភ ពិសេស តាមរយៈការអភិវឌ្ឍ ប្រព័ន្ធឌីជីថល នៃការបើកផ្តល់បៀវត្សនិងប្រាក់ឧបត្ថម្ភ ដើម្បីលើកកម្ពស់ប្រសិទ្ធភាព នៃការគ្រប់គ្រងនិងការប្រើប្រាស់ថវិកា សម្រាប់បៀវត្សនិងប្រាក់ឧបត្ថម្ភ ឲ្យកាន់តែប្រសើរស្រប តាមវិធានការកែទម្រង់ របស់រាជរដ្ឋាភិបាល៕


