ព័ត៌មានជាតិ

ប្រមុខក្រសួងមហាផ្ទៃកម្ពុជា ក្រសោបបានទាំងយន្តការសហប្រតិបត្តិការ និងបទពិសោធសំខាន់ៗ ពីទស្សនកិច្ចនៅសិង្ហបុរី

ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបញ្ចប់ដំណើរទស្សនកិច្ច នៅសាធារណរដ្ឋសិង្ហបុរីដោយជោគជ័យ និងបានដឹកនាំគណៈប្រតិភូ មាតុភូមិនិវត្តន៍មកដល់ព្រះរាជាណាចក្រកម្ពុជាវិញហើយ នាថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥នេះ។

ក្នុងរយៈពេល ៣ថ្ងៃ នៃដំណើរទស្សនកិច្ចដ៏មានសារសំខាន់នោះ ប្រមុខក្រសួងមហាផ្ទៃកម្ពុជា ក្រសោបបានលទ្ធផលគួរឱ្យកត់សម្គាល់ថ្មីៗបន្ថែមទៀត ក្នុងក្របខណ្ឌសហប្រតិបត្តិការទ្វេភាគី ដើម្បីពង្រឹងបន្ថែម គុណភាពនៃការអនុវត្តតួនាទី និងភារកិច្ចរបស់ក្រសួងមហាផ្ទៃ។

លទ្ធផលសំខាន់ៗនៃដំណើរទស្សនកិច្ច ត្រូវបាន លោក រ៉េន រតនៈ អ្នកនាំពាក្យ លោកឧបនាយករដ្ឋមន្រ្តី ស សុខា សង្ខេបថា មានជាអាទិ៍ ជំនួបពិភាក្សាទ្វេភាគីយ៉ាងស៊ីជម្រៅ និងប្រកបដោយស្មារតីមិត្តភាព រវាងលោកឧបនាយករដ្ឋមន្រ្តី ស សុខា និងលោក K. Shanmugam រដ្ឋមន្រ្តីសម្របសម្រួលសន្តិសុខជាតិ និង ជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃសិង្ហបុរី រហូតភាគីទាំងពីរឈានដល់ការ ចុះហត្ថលេខាលើអនុស្សារណៈ នៃការយោគយល់ស្ដីពី ការបង្ការ និងប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ដែលជាឯកសារសហប្រតិបត្តិការស្នូលថ្មីមួយទៀត សម្រាប់កម្លាំងអនុវត្តច្បាប់នៃប្រទេសទាំងពីរ ។

ស្មារតីនៃជំនួបទ្វេភាគី និងការសម្រេចបានអនុស្សារណៈនៃការយោគយល់គ្នានេះ ក៏ត្រូវបាន នាយករដ្ឋមន្រ្តីសិង្ហបុរី លោក Lawrence Wong ដែលទើបបញ្ចប់ទស្សនកិច្ចប្រកបដោយផ្លែផ្កានៅកម្ពុជា កាលពីសប្ដាហ៍មុន បង្ហាញការពេញចិត្ត និងអះអាងពីការត្រៀម លក្ខណៈគាំទ្របន្ថែមទៀត ក្នុងកម្រិតថ្នាក់ដឹកនាំកំពូល។ បើតាមលោក រ៉េន រតនៈ នាឱកាសទទួល លោកឧបនាយករដ្ឋមន្រ្តី ជួបសម្ដែងការគួរសម នៅវិមានរដ្ឋបាល នាយករដ្ឋមន្រ្តីសិង្ហបុរី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះឆន្ទៈ និងលទ្ធផលដ៏ជាក់ស្ដែងរបស់កម្ពុជា លើការងារប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន រួមទាំងបទល្មើសគ្រឿងញៀន ។

ឈរលើស្មារតីរៀនស្វែងយល់ពីគ្នាទៅវិញទៅមកដោយគ្មានទីបញ្ចប់ នាឱកាសទស្សនកិច្ចសិង្ហបុរីដែលជាប្រទេសស៊ីវិល័យមួយក្នុងតំបន់ និងពិភពលោក លោកឧបនាយករដ្ឋមន្រ្តី បានឆ្លៀតដឹកនាំគណៈប្រតិភូទស្សនកិច្ចទីតាំងសំខាន់ៗមួយចំនួនទៀត រួមមាន ការិយាល័យផ្ដល់សេវាសាធារណៈ មជ្ឈមណ្ឌលប្រឆាំងបទល្មើសឆបោក មន្ទីរប្រឆាំងគ្រឿងញៀន និងស្ដាប់ការធ្វើបទបង្ហាញសង្ខេប អំពីគំនិតផ្ដួចផ្ដើមប្រឆាំងភេវរកម្ម។ អ្នកនាំពាក្យអះអាងថា នេះជាទម្លាប់ប្រមុខក្រសួងមហាផ្ទៃ អនុវត្តគ្រប់ដំណើរទស្សនកិច្ច នៅក្រៅប្រទេស ពោលគឺមិនទុកពេលឱ្យនៅទំនេរនោះឡើយ៕

To Top