បាត់ដំបង ៖ កសិកររស់នៅតាមបណ្ដោយព្រំដែន កម្ពុជា-ថៃ ក្នុងស្រុកកំរៀង ខេត្តបាត់ដំបង បានអំពាវនាវដល់ប្រមុខ រាជរដ្ឋាភិបាល ដែលមានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងស្ថាប័នពាក់ព័ន្ធជួយរកដំណោះស្រាយតម្លៃកសិផល ជូនពួកគាត់ ដែលកំពុងប្រឈមមុខ នឹងការខាតបង់ (មិនរួចថ្លៃដើម) ប្រសិនបើស្ថិតនៅក្នុងស្ថានភាពបច្ចុប្បន្ន។

បើតាមតំណាងកសិករនៅឃុំត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង បានត្អូញត្អែរប្រាប់មជ្ឈមមណ្ឌលព័ត៌មានដើមអម្ពិល នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ថា បច្ចុប្បន្នពោតក្រហមស្ថិត ក្នុងតម្លៃមួយដែលពិបាកនឹងទទួលយកបាន។

កសិករបញ្ជាក់ថា «តម្លៃនៅសាឡូ៤បាត(៤០០រៀល) ការបើសិនជាយើងលក់នៅតាមចំការអត់ដល់តម្លៃ៤បាតទេគឺបានតែតម្លៃ៣.៨ បាតឬ៣.៩ តែប៉ុណ្ណោះ ។ បើយើងកាច់កិន ទៅលើថ្លៃ ត្រាក់ទ័រ ដីថ្លៃពូជ ថ្លៃជី មិនអាចរួចខ្លួនទេដោយសារថ្លៃ ពូជ ជី មានតម្លៃថ្លៃ»។

កសិករបន្ថែមថា ចំពោះការទិញកសិផលទៅតាមឈ្មួញ ឬសៃឡូ គឺការទិញរិតត្បិតជាងឆ្នាំមុន ពោលទាល់តែពោតមានអាយុកាល៣ខែ ១៥ថ្ងៃ ឬទៅ៣ខែ ២០ថ្ងៃទើបឈ្មួញ ទិញឬសៃឡូទិញ ប៉ុន្តែបើកសិករណាកាច់ពោតមានអាយុកាលត្រឹមតែ៣ខែ សៃឡូមិនព្រមទិញយកនោះទេ ខណៈឆ្នាំមុនពោត ត្រឹមតែ៣ខែ ឬ៣ ខែ៥ថ្ងៃ សៃឡូទិញយកដោយមិនរើសអើងនោះទេដែលមានតម្លៃរហូតទៅដល់៥.៣បាត ទៅ ៥.៤ បាត ។

កសិករខាងលើបន្តត្អូញពីទុក្ខលំបាកទៀតថា បើប្រៀបធៀបទៅឆ្នាំមុន គឺនៅឆ្នាំនេះ ប្រជាកសិករមានការលំបាកយ៉ាងខ្លាំង ដោយសារមិនមានតម្លៃសមល្មម សម្រាប់ពួកគាត់ក្នុងការបង្គ្រប់បង់ធនាគារ និងថ្លៃពូជ។
បើតាមកសិករដដែល មូលហេតុនៃការបង្ខំចិត្តកាច់ពោត មុនអាយុកាលកំណត់នេះ ដោយសារត្រូវការលុយបង់ធនាគារ ៕


