ភ្នំពេញ ៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា គិតត្រឹមឆ្នាំ២០២៥ រដ្ឋបាលព្រៃឈើ និងខណ្ឌរដ្ឋបាលព្រៃឈើ បានបណ្តុះ និងដាំកូនឈើជាង២១លានដើម ដោយប្រើប្រាស់ថវិការដ្ឋ ។ ការលើកឡើងរបស់លោករដ្ឋមន្រ្តីនេះ ក្នុងពិធី «រុក្ខទិវា ៩កក្កដា»ដែលធ្វើឡើងនៅខេត្តកំពង់ចាម ។

លោក ឌិត ទីណា ឲ្យដឹងទៀតថា ជាមួយនឹងការបណ្តុះកូនឈើទាំងជាង២១លានដើមនេះ ក៏មានកូនឈើជាច្រើនលានដើមផ្សេងទៀតត្រូវបានបណ្តុះ និងដាំដោយប្រជាពលរដ្ឋនៅទូទាំងប្រទេស ដោយមិនរាប់បញ្ចូលឈើហូបផ្លែ ឬដំណាំឧស្សាហកម្ម ដូចជាស្វាយ ខ្នុរ ដូង ដូងប្រេង កៅស៊ូ និងស្វាយចន្ទីជាដើម។

លោកបន្តថា តាមរយៈកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈររបស់រាជរដ្ឋាភិបាលជាច្រើនអាណត្តិកន្លងមកនេះ ដោយមានក្រសួងកសិកម្ម ក្រសួងបរិស្ថាន អាជ្ញាធរពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ជាសេនាធិការ កម្ពុជានៅតែបន្តរក្សាបាននូវតុល្យភាព និងនិរន្តរភាពល្អប្រសើរក្នុងកិច្ចការអភិរក្ស និងអភិវឌ្ឍធនធានធម្មជាតិសម្រាប់ប្រជាពលរដ្ឋទូទាំងប្រទេសនិងកូនចៅជំនាន់ក្រោយរបស់កម្ពុជា។

សូមបញ្ជាក់ថា កម្ពុជា គឺជាប្រទេសឈានមុខគេមួយនៅក្នុងតំបន់ និងពិភពលោក ដែលបានដាក់តំបន់ព្រៃឈើទំហំជាង ៤០%នៃផ្ទៃប្រទេស ជាតំបន់ការពារធម្មជាតិ និងបន្តជំរុញការដាំស្តារព្រៃឈើឡើងវិញ។

សម្រាប់ពិធី រុក្ខទិវា៩ កក្កដា លើកទី៣០នេះ កូនឈើចម្រុះប្រភេទ មានដូចជា ធ្នង់ នាងនួន គ្រញូង បេង ក្ងោក និងត្របែកព្រៃសរុបចំនួន ១៥ ០០០ដើម ត្រូវបានដាំក្នុងសួនរុក្ខទិវាទំហំ១០ហិកតា ស្ថិតក្នុងភូមិកសិដ្ឋាន ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម៕
