ព័ត៌មានជាតិ

នាយករដ្ឋមន្ដ្រីសិង្ហបុរី គាំទ្រការលើកកម្ពស់សមត្ថភាពធនធានមនុស្ស ក្នុងជួរកងកម្លាំងអនុវត្តច្បាប់ក្រសួងមហាផ្ទៃកម្ពុជា

ភ្នំពេញ ៖ នាឱកាសអនុញ្ញាតឱ្យ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចូលជួបសម្ដែងការគួរសម នៅវិមានរដ្ឋាភិបាលសិង្ហបុរី នាថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ លោក ឡរ៉េន វ៉ុង (Lawrence Wong) នាយករដ្ឋមន្ត្រីសិង្ហបុរី បានគាំទ្រចំពោះការលើកកម្ពស់សមត្ថភាពធនធានមនុស្ស ក្នុងជួរកងកម្លាំងអនុវត្តច្បាប់នៃក្រសួងមហាផ្ទៃកម្ពុជា។

នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ ក្រសួងមហាផ្ទៃ ស្តីពីលទ្ធផល នៃដំណើរទស្សនកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា នៅសាធារណរដ្ឋសិង្ហបុរី ចាប់ពីថ្ងៃទី៧-៩ ខែកក្កដា ឆ្នាំ២០២៥។

ក្នុងជំនួបសម្ដែងការគួរសម លោកឧបនាយករដ្ឋមន្ត្រីស សុខា បានសម្តែងនូវការអបអរសាទរ និងគាំទ្រយ៉ាងពេញទំហឹង ចំពោះលទ្ធផលនៃដំណើរទស្សនកិច្ចរបស់ លោក Lawrence Wong មកកាន់ព្រះរាជាណាចក្រកម្ពុជា កន្លងទៅថ្មីៗនេះ វត្តមានរបស់ លោក បានពង្រឹង កាន់តែខ្លាំងក្លាថែមទៀតនូវចំណងទំនាក់ទំនង មិត្តភាព និងកិច្ចសហប្រតិបត្តិការល្អលើគ្រប់វិស័យបម្រើ ដល់ឧត្តមប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជន និងប្រទេសទាំងពីរ។

លោក Lawrence Wong បានសម្តែងការគាំទ្រចំពោះក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងមហាផ្ទៃសិង្ហបុរី ដែលសម្រេចបាន សមិទ្ធផលប្រកបដោយផ្លែផ្កា ជាពិសេសតាមរយៈការចុះហត្ថលេខាលើអនុស្សរណៈនាពេលនេះ បានឆ្លុះបញ្ចាំងអំពីការប្តេជ្ញាចិត្ត និងកិច្ចខិតខំប្រឹងប្រែងរបស់ភាគីទាំងពីរក្នុងការប្រយុទ្ធប្រឆាំង ឧក្រិដ្ឋកម្មឆ្លងដែន ហើយ លោក បានគាំទ្រចំពោះការលើកកម្ពស់សមត្ថភាពធនធានមនុស្ស ក្នុងជួរ កងកម្លាំងអនុវត្តច្បាប់នៃក្រសួងមហាផ្ទៃកម្ពុជា។

ក្នុងក្របខណ្ឌតំបន់ លោក Lawrence Wong និង លោកឧបនាយករដ្ឋមន្ត្រី ស សុខា ក៏បានគូសបញ្ជាក់អំពីសារៈសំខាន់ក្នុងការពង្រឹងមជ្ឈភាពអាស៊ាន ហើយក្នុងន័យនេះកិច្ចសហប្រតិបត្តិការ រវាងក្រសួងមហាផ្ទៃនៃប្រទេសទាំងពីរ ក៏នឹងរួមចំណែកធានាបានសន្តិសុខ ស្ថិរភាព និងវិបុលភាព ក្នុងតំបន់អាស៊ាន តាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបបានបទល្មើស ឆ្លងដែនគ្រប់ប្រភេទ ជាពិសេស បទល្មើសគ្រឿងញៀន, ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា, អំពើជួញដូរ មនុស្ស ជាដើម។

សូមជម្រាបជូនថា លោក ឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃកម្ពុជា បំពេញទស្សនកិច្ច នៅសាធារណរដ្ឋសិង្ហបុរី ចាប់ពីថ្ងៃទី៧-៩ ខែកក្កដា តបតាមការអញ្ជើញរបស់ លោក K. Shanmugam រដ្ឋមន្រ្តីសម្របសម្រួលសន្តិសុខជាតិ និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃសិង្ហបុរី៕

To Top