ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រកាស ដាក់ឱ្យអនុវត្តក្រប ខណ្ឌយុទ្ធសាស្ត្រ នៃកម្មវិធីកែទម្រង់ច្បាប់ របស់រាជរដ្ឋាភិបាល

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតី ប្រកាសដាក់ឱ្យអនុវត្តក្របខណ្ឌយុទ្ធសាស្ត្រ នៃកម្មវិធីកែទម្រង់ច្បាប់ របស់រាជរដ្ឋាភិបាល។

លោកឧបនាយករដ្ឋមន្ត្រី វង្សី វិស្សុត រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានឱ្យដឹងថា ការកែទម្រង់ច្បាប់នៅកម្ពុជា ត្រូវបានបង្កើតឡើងរួមគ្នានឹងការកែទម្រង់យុត្តិធម៌ តាមរយៈការអនុម័តជាផ្លូវការនូវកម្មវិធី «ការកែទម្រង់ច្បាប់ និងតុលាការ» ដោយកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០០៣ ក្រោមអធិបតីភាព សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រីកម្ពុជា និងបច្ចុប្បន្ន ជាប្រធានព្រឹទ្ធសភា ក្នុងចក្ខុវិស័យបង្កើតនូវវិស័យច្បាប់ និងតុលាការមួយ ដែលអាចជឿទុកចិត្តបាន និងមានស្ថិរភាព សម្រាប់ទ្រទ្រង់គោលការណ៍សិទ្ធិរបស់បុគ្គល ការបែងចែកអំណាចដាច់ពីគ្នា និងនីតិរដ្ឋ នៅក្នុងលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស តាមរយៈការលើកស្ទួយនូវការ រីកចម្រើនសេដ្ឋកិច្ចនាំមុខ ដោយវិស័យឯកជន។

ក្នុងទស្សនវិស័យនៃការបង្កើនល្បឿនការកែទម្រង់ ច្បាប់ និងតុលាការ រាជរដ្ឋាភិបាលក៏បានអនុម័ត នូវកម្មវិធីសកម្មភាព សម្រាប់អនុវត្តយុទ្ធសាស្ត្រកំណែទម្រង់ច្បាប់ និងតុលាការ ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០០៥ ដើម្បីលើកកម្ពស់ អភិបាលកិច្ចល្អ ដែលជាស្នូល នៃយុទ្ធសាស្ត្រចតុកោណ ដំណាក់កាល់ទី១ និងដែលត្រូវបានបន្ត ចាត់ទុកជាការងារ អាទិភាពនៅដំណាក់កាលទាំងបួន នៃយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល៕

To Top