ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបានណែនាំ គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីធានាការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តរហ័ស និងជឿនលឿន ។
ក្នុងឱកាសអញ្ជើញជាអធិបតីប្រកាសជាផ្លូវការ ដាក់ឲ្យអនុវត្តក្របខណ្ឌយុទ្ធសាស្ត្រកម្មវិធី កំណែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាល នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ សម្ដេចធិបតី បានជំរុញគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ។
សម្តេចបញ្ជាក់ថា គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ និងក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ត្រូវសហការចាប់ផ្តើម រៀបចំនីតិវិធីដាក់ឲ្យដំណើរការគណៈកម្មការជំនាញទាំង៤ វិស័យ ជាមួយក្រុមការងារកែទម្រង់ច្បាប់នៃក្រសួងស្ថាប័ន ប្រកបដោយភាពប្រទាក់ក្រឡាគ្នា ស្របតាមអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ» ព្រមទាំងរៀបចំផែនការសកម្មភាពចូលរួម អនុវត្តក្របខ័ណ្ឌយុទ្ធសាស្ត្រ នៃកម្មវិធីកែទម្រង់ច្បាប់ របស់រាជរដ្ឋាភិបាលឲ្យសម្រេចជាលទ្ធផល ជាក់ស្ដែងស្របតាមសូចនាករសមិទ្ធកម្មគន្លឹះ ។
សម្តេចនាយករដ្ឋមន្រ្តីសង្ឃឹមថា កម្ពុជានឹងបោះជំហានទៅមុខប្រកបដោយភាពស្វាហាប់ ដើម្បីសម្រេចបាននូវការកសាងនិម្មាបនកម្មនៃប្រព័ន្ធច្បាប់ និងវប្បធម៌នីតិរដ្ឋ ដោយផ្អែកលើគុណតម្លៃប្រវត្តិសាស្ត្រកម្ពុជា និងគុណតម្លៃសាកល ដើម្បីធានាស្ថិរភាពនិងចីរភាព នៃការកសាងរដ្ឋមួយដែលរឹងមាំ ឯករាជ្យ អធិបតេយ្យ ប្រជាធិបតេយ្យសេរីពហុបក្ស គោរពសិទ្ធិ សេរីភាពនិងសេចក្តីថ្លៃថ្នូររបស់មនុស្ស សមធម៌ និងយុត្តិធម៌ក្នុងសង្គម វប្បធម៌ថ្កុំថ្កើងរុងរឿង និងប្រព័ន្ធសេដ្ឋកិច្ចទីផ្សារជឿនលឿន សុខុមាលភាពប្រជាពលរដ្ឋ នាយុគសម័យបច្ចេកវិទ្យាទំនើប ៕
