ព័ត៌មានជាតិ

៦ខែ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បណ្ដេញជនបរទេសជិត ៥ពាន់នាក់ ស្មើនឹង ៨៨សញ្ជាតិ ចេញពីកម្ពុជា

ភ្នំពេញ ៖ ក្នុងរយៈពេល៦ខែ ឆ្នាំ២០២៥នេះ មានជនបរទេសជិត ៥ពាន់នាក់ ស្មើនឹង៨៨សញ្ជាតិ ត្រូវបានអគ្គនាយកដ្ឋានអន្តោប្រវេសន៍ អនុវត្តនីតិវិធីបណ្ដេញចេញពីកម្ពុជា ទៅកាន់ប្រទេសកំណើតរៀងៗខ្លួន ក្រោយរកឃើញប្រព្រឹត្តបទល្មើស លួចឆ្លងដែនចូលមកធ្វើការដោយខុសច្បាប់ ឬប្រព្រឹត្តបទល្មើសនានា ។ នេះបើតាម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ។

បើតាម លោកអគ្គនាយក ក្នុងរយៈពេលដូចគ្នានេះ ក៏មានប្រជាពលរដ្ឋខ្មែរជាង ៥ពាន់នាក់ដែរ ដែលប្រព្រឹត្តបទល្មើសផ្សេងៗនៅក្រៅប្រទេស ត្រូវបានអាជ្ញាធរបរទេសសាមីបញ្ជូនមកកម្ពុជាវិញ ខណៈសមត្ថកិច្ចកម្ពុជា ក៏បានសហការជួយសង្គ្រោះស្ដ្រីជនជាតិខ្មែរចំនួន ១៨០នាក់ បញ្ជូនពីប្រទេសចិនមកកាន់មាតុភូមិ បន្ទាប់ពីចាញ់បោកមេខ្យល់អូសទាញនាំទៅរៀបការជាមួយជនបរទេស។

សូមបញ្ជាក់ថា ប្រទេសកម្ពុជា បានបង្កើនការរឹតបន្តឹងច្បាប់អន្តោប្រវេសន៍ ដោយអនុវត្តយ៉ាងម៉ឺងម៉ាត់ លើករណីជាអាទិ៍ ការឆ្លងដែនចូលមកដោយខុសច្បាប់ ការស្នាក់នៅហួសសុពលភាព ការលួចធ្វើការដោយគ្មានច្បាប់អនុញ្ញាត និងការប្រើប្រាស់ឯកសាររដ្ឋបាលដោយក្លែងបន្លំ ជាដើម។ ដូចប្រទេសនានាដែរ រាល់ជនបរទេសប្រព្រឹត្តបទល្មើស អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានអនុវត្តនីតិវិធីបណ្ដេញចេញ និងខ្លះទៀតដាក់ចូលបញ្ជីខ្មៅ មិនឱ្យមកជាន់ដីកម្ពុជាតែម្ដងក៏មានដែរ៕

To Top