ភ្នំពេញ៖ ក្រុមការងារចំពោះកិច្ចគ្រប់គ្រងមូលនិធិ កសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន (ក.គ.ម) ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន បានគូសបញ្ជាកថា វឌ្ឍនភាពនៃដំណើរការកសាងផ្លូវព្រំដែន នៅក្នុងរយៈពេលប្រមាណ ៧ខែ ជាលទ្ធផលរួមនៃដំណើរការ កសាងផ្លូវក្រវាត់ព្រំដែន គឺសម្រេចបាន ប្រមាណ ៥៣,៣០% នៃផែនការរួម ។
យោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីវឌ្ឍនភាព នៃការកសាងផ្លូវក្រវាត់ព្រំដែន ដោយប្រើប្រាស់ មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥នេះ បានបង្ហាញអំពីវឌ្ឍនភាព នៃការកសាងផ្លូវក្រវាត់ព្រំដែន និងដំណើរការនៃ គ្រប់គ្រងមូលនិធិ កសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន គិតចាប់ពីខែធ្នូ ឆ្នាំ២០២៤ មកដល់បំណាច់ខែមិថុនា ឆ្នាំ២០២៥នេះ ដូចមានលទ្ធផលសង្ខេបខាងក្រោម៖
១. ក្រុមការងារចំពោះកិច្ច ក.គ.ម បានចាត់បញ្ជូនកម្លាំងវិស្វកម្មកសាងផ្លូវ ចំនួន ៨កងឯកភាព ដោយប្រើប្រាស់ រថយន្ត-គ្រឿងចក្រ និងម៉ាស៊ីនគ្រប់ប្រភេទ ចំនួន ២៨៦ គ្រឿង ក្នុងនោះនៅខេត្តមណ្ឌលគិរី មាន ៥កងឯកភាព ប្រើប្រាស់រថយន្ត-គ្រឿងចក្រ និងម៉ាស៊ីនគ្រប់ប្រភេទ ចំនួន ២០០គ្រឿង និងខេត្តរតនគិរី មាន ៣កងឯកភាព ប្រើប្រាស់រថយន្ត-គ្រឿងចក្រ និងម៉ាស៊ីនគ្រប់ប្រភេទ ចំនួន ៨៦ គ្រឿង។
២. ចំពោះការងាររាវរកគ្រាប់មីន-យុទ្ធភណ្ឌមិនទាន់ផ្ទុះ តាមមុខសញ្ញានៃការដ្ឋានស្ថាបនាផ្លូវក្រវាត់ព្រំដែន ត្រូវបានសម្រេចជាស្ថាពរ លើផ្ទៃដីទំហំ ៤.៤១៥.០០០ ម៉ែត្រការ៉េ ស្មើនឹង ៧០,៦៤% នៃផ្ទៃដីសរុប ដែលគ្រោងរាវរក ទំហំ ៦.២៥០.០០០ ម៉ែត្រការ៉េ ដោយបានរកឃើញគ្រាប់គ្រប់ប្រភេទ ចំនួន ៧៩គ្រាប់ ក្នុងនោះរួមមាន គ្រាប់ប៊ុមប៊ី (គ្រាប់បែកចង្កោម) ចំនួន ៣៥គ្រាប់។
៣. ក្រុមការងារចំពោះកិច្ច ក.គ.ម បានកសាងសម្រេចជាស្ថាពរ សំណង់សិល្បការរួមមាន៖ លូប្រអប់ សរុប ចំនួន ២៣កន្លែង ស្មើនឹង ២៣៦,៧០ ម៉ែត្រ, ដាក់លូមូលបេតុងគ្រប់ប្រភេទ សរុប ១៧៨ កន្លែង និងស្ថាបនា សម្រេចជាស្ថាពរ នូវថ្នល់បេតុងបង្រៀរទឹក សរុប ចំនួន ១០កន្លែង ស្មើនឹង ២២១,៨០ ម៉ែត្រ។
៤. វឌ្ឍនភាពនៃដំណើរការកសាងផ្លូវព្រំដែន នៅក្នុងរយៈពេលប្រមាណ ៧ខែ កន្លងមកនេះ ក្រុមការងារចំពោះកិច្ច ក.គ.ម បានឈូសព្រៃទទឹង ៥ម៉ែត្រ បានប្រវែង ១៧៦,៥០ គីឡូម៉ែត្រ សម្រាប់រកផ្លូវខ្សែដំបូង, ឈូសផ្លូវ ទទឹង២០ម៉ែត្រ បានប្រវែង ១៥១,២០គីឡូម៉ែត្រ សម្រាប់រកអ័ក្សផ្លូវ, លុបជ្រលង-អូរ បន្ទាបចំណោតភ្នំ និងធ្វើប្រឡាយបានប្រវែង ១២៧,៨០គីឡូម៉ែត្រ, ចិតជញ្ជាំងភ្នំ ធ្វើប្រឡាយបង្ហូរទឹកភ្លៀង កសាងនូវទំនប់សុវត្ថិភាព និងកសាងតួផ្លូវ បានប្រវែង ១២៤.៨០ គីឡូម៉ែត្រ និងក្រាលល្បាយកម្ទេចថ្ម សម្រេចជាស្ថាពរ ប្រវែង ៨៥,៩០ គីឡូម៉ែត្រ។ ជាលទ្ធផលរួមនៃដំណើរការ កសាងផ្លូវក្រវាត់ព្រំដែននេះ គឺសម្រេចបាន ប្រមាណ ៥៣,៣០% នៃផែនការរួម ក្នុងនោះ ខេត្តមណ្ឌលគិរី សម្រេចបានប្រវែង ៦១ គីឡូម៉ែត្រ ស្មើនឹង ៥៦,៦៤% និងខេត្តរតនគិរី បានប្រវែង ២៤,៩០ គីឡូម៉ែត្រ ស្មើនឹង ៤៨,៤៨%។
៥. ចំពោះមុខនេះ ក្រុមការងារកំពុងបន្តជំរុញ ការងារបោសសម្អាតមីន យុទ្ធភណ្ឌមិនទាន់ផ្ទុះបន្ថែមទៀត, បន្ត ជំរុញល្បឿនកសាងផ្លូវក្នុងរដូវវស្សា ដោយធានាឱ្យបានតាមបទដ្ឋានលក្ខណៈបច្ចេកទេស មានគុណភាព និងភាពធន់នឹងអាកាសធាតុ, បន្តជំរុញល្បឿននៃការកសាង សំណង់សិល្បការ្យ ដោយពេលភ្លៀងធ្លាក់ខ្លាំងគឺ សម្រាក និងពេលរាំងភ្លៀង បន្តអនុវត្តភារកិច្ចកសាងសំណង់ ។
៦. ក្រុមការងារចំពោះកិច្ច ក.គ.ម ប្តេជ្ញាបន្តអនុវត្តភារកិច្ចរបស់ខ្លួន ឱ្យកាន់តែសកម្ម ប្រកបដោយស្មារតីទទួល ខុសត្រូវខ្ពស់ ដើម្បីឈានទៅសម្រេចបាន នូវការកសាងផ្លូវតាមព្រំដែនតាមផែនការ ដែលបានគ្រោងទុក និងបន្តផ្តល់ព័ត៌មាន ស្តីពីវឌ្ឍនភាពថ្មីៗ នៃដំណើរការកសាងផ្លូវក្រវាត់ព្រំដែន ដោយប្រើប្រាស់មូលនិធិកសាង ហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែននេះ ជាបន្តបន្ទាប់៕

















