ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា អាជីវកម្មរបស់ក្រុមហ៊ុន VINCI Airports នៅកម្ពុជា ដែលបានរួមចំណែកយ៉ាងសំខាន់ ដល់ការជំរុញកំណើនសេដ្ឋកិច្ចជាតិ ជាពិសេសរួមចំណែក ដល់ការជំរុញ កំណើនភ្ញៀវទេសចរអន្តរជាតិ មកកម្ពុជា ។

ការថ្លែងរបស់សម្តេចធិបតីខាងលេីនេះ ធ្វេីឡេីងក្នុងឱកាសអនុញ្ញាតឱ្យ លោក Nicolas NOTEBAERT ប្រធានក្រុមហ៊ុន VINCI Airports និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន SCA ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ នៅវិមានសន្ដិភាព។
ក្នុងជំនួបនេះ លោកប្រធានក្រុមហ៊ុន VINCI Airports បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្ដេចធិបតីដែលបានចំណាយពេលដ៏មមាញឹក អនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្ដែងការគួរសម។

លោកប្រធានក្រុមហ៊ុន បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលធានាបាននូវសុខសន្តិភាព, ស្ថិរភាព និងការអភិវឌ្ឍរីកចម្រើន លើគ្រប់វិស័យ ដែលជាលក្ខខណ្ឌចាំបាច់នៃការធានាបាន នូវស្ថិរភាពនៃវិនិយោគ របស់វិស័យឯកជន ក៏ដូចជាភាពជោគជ័យរបស់ក្រុមហ៊ុន។
លោកប្រធានក្រុមហ៊ុន ក៏បានគូសបញ្ជាក់ពីការកើនឡើងគួរឱ្យកត់សម្គាល់ នៃចំនួនអ្នកធ្វើដំណើរតាមយន្តហោះ ដែលក្នុងរយៈពេល ៣០ឆ្នាំមកនេះ ចំនួនអ្នកធ្វើដំណើរមានការកើនឡើងប្រមាណជា ៤០ដង បើប្រៀបធៀប ទៅនឹងឆ្នាំ១៩៩៥។

លើសពីនេះ លោកប្រធានក្រុមហ៊ុន បានជម្រាបជូនដោយសង្ខេបអំពីដំណើរការ និងប្រតិបត្តិការអាជីវកម្ម របស់ក្រុមហ៊ុន ដែលបច្ចុប្បន្នក្រុមហ៊ុន កំពុងតែមមាញឹកដើម្បីត្រៀមលក្ខណៈ ខណៈពេលដែលអាកាសយានដ្ឋានអន្តរជាតិតេជោ គ្រោងនឹងដាក់ឱ្យដំណើរការនាពេលឆាប់ៗខាងមុខ។
ក្រៅពីវិស័យអាកាសចរ, លោកប្រធានក្រុមហ៊ុន ក៏បានបន្ថែមទៀតថា ក្រុមហ៊ុនក៏មានចំណាប់អារម្មណ៍វិនិយោគ លើវិស័យផ្សេងៗទៀត ដូចជា វិស័យថាមពលស្អាត និងទឹកស្អាត នៅកម្ពុជា ដែលក្រុមហ៊ុនរំពឹងថា នឹងចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ដែលជាការវិនិយោគ ឈ្នះ ឈ្នះ រវាងរាជរដ្ឋាភិបាល និងវិស័យឯកជន។

ជាការឆ្លើយតប, សម្ដេចធិបតី បានសម្តែងក្តីរីករាយ និងវាយតម្លៃខ្ពស់ចំពោះជោគជ័យ នៃអាជីវកម្មរបស់ក្រុមហ៊ុន VINCI Airports នៅកម្ពុជា ដែលបានរួមចំណែកយ៉ាងសំខាន់ ដល់ការជំរុញកំណើនសេដ្ឋកិច្ចជាតិ និង ជាពិសេស, ការរួមចំណែក ដល់ការជំរុញកំណើនភ្ញៀវទេសចរអន្តរជាតិ មកកម្ពុជា ព្រមទាំង បាន អបអរសាទរ ចំពោះខួបទី៣០ នៃភាពជាដៃគូរវាងក្រុមហ៊ុន VINCI និង កម្ពុជា (១៩៩៥-២០២៥)។
សម្ដេចធិបតី បានគូសរំលេចពីគោលនយោបាយ និងយុទ្ធសាស្ត្រគន្លឹះរបស់រាជរដ្ឋាភិបាល ក្នុងការទាក់ទាញការវិនិយោគបរទេស តាមរយៈការដាក់ចេញនូវការលើកទឹកចិត្តនានា ដល់វិនិយោគិន ។ សម្រាប់វិស័យអាកាសចរ, រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយបើកចំហជើងមេឃ, ភ្ជាប់ទំនាក់ទំនង ជាមួយបណ្ដាប្រទេសលើសកលលោក ដែលបច្ចុប្បន្ននេះ ជើងហោះហើរត្រង់ពីកម្ពុជា ទៅកាន់បណ្ដាប្រទេសជាច្រើនត្រូវបានតភ្ជាប់ និងកំពុងពង្រីកការតភ្ជាប់ជើងហោះហើរបន្ថែមទៀត ស្របពេលនឹងកំណើននៃភ្ញៀវទេសចរជាតិ និងអន្តរជាតិ ។

ជាក់ស្ដែង, កម្ពុជា បានចុះហត្ថលេខាលើការតភ្ជាប់ជើងហោះហើរត្រង់បន្ថែម ជាមួយប្រទេសមួយចំនួន ដូចជាឥណ្ឌា និងកំពុងពង្រីកជើងហោះហើរត្រង់បន្ថែមទៀត ទៅកាន់បណ្ដាប្រទេសមជ្ឈិមបូព៌ា ដែលការរីកចម្រើននៃការហោះហើរត្រង់នេះ នឹងជួយកាត់បន្ថយដល់ការចំណាយ និងពេលវេលា លើការធ្វើដំណើរ និងទាក់ទាញអ្នកធ្វើដំណើរជាធុរកិច្ច និង ជាអ្នកទេសចរ មកកម្ពុជាកាន់តែច្រើនថែមទៀត។
ចំពោះបំណងនៃការពង្រីកការវិនិយោគបន្ថែម លើវិស័យផ្សេងៗរបស់ក្រុមហ៊ុន សម្ដេចធិបតី បានលើកទឹកចិត្តឱ្យក្រុមហ៊ុន បន្តទំនាក់ទំនងឱ្យកាន់តែល្អប្រសើរថែមទៀតជាមួយក្រសួងស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ហើយសម្ដេចធិបតី បានបញ្ជាក់ថា រាជរដ្ឋាភិបាល បានត្រៀមខ្លួនរួចជាស្រេច ក្នុង ការគាំទ្រ និងតែងតែយកចិត្តទុកដាក់ ចំពោះភាពជោគជ័យនៃការវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា៕

