ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ស្ពានអាកាស សម្តេចធិបតី ហ៊ុន ម៉ាណែត ត្រង់ចំណុចប្រសព្វរវាងមហាវិថី សម្តេចតេជោ ហ៊ុន សែន និងផ្លូវជាតិលេខ២ ស្ថិតនៅព្រំប្រទល់រាជធានីភ្នំពេញ និងខេត្តកណ្តាល ដែលមានទិសដៅចរាចរ តាមបណ្តោយមហាវិថី សម្តេចតេជោ ហ៊ុន សែន ឆ្លងកាត់ផ្លូវជាតិលេខ២ ឆ្ពោះទៅអាកាសយានដ្ឋានអន្តរជាតិតេជោ នឹងបើកឱ្យប្រើប្រាស់ជាបណ្តោះអាសន្នចាប់ពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ តទៅ ។
សូមរំលឹកថា ស្ពានអាកាស «សម្តេចធិបតី ហ៊ុន ម៉ាណែត» ត្រូវបានស្ថាបនាជាស្ពានភ្លោះទ្វេទិស និងត្រូវបានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយមានក្រុមហ៊ុន OCIC ជាអ្នកទទួលការសាងសង់។

បច្ចុប្បន្នការសាងសង់ស្ពានអាកាស សម្តេចធិបតី ហ៊ុន ម៉ាណែត សម្រេចបានលទ្ធផល ដូចតទៅ៖ ស្ពាន អាកាសទី១ សម្រេចបានការសាងសង់ ១០០% ហើយស្ពានអាកាសទី២ គ្រោងនឹងបញ្ចប់ការសាងសង់ នាដើមខែសីហា ឆ្នាំ ២០២៥។
ចំពោះមុខ ដើម្បីជួយសម្រួលដល់លំហូចរាចរ និងការធ្វើដំណើរ របស់បងប្អូនប្រជាពលរដ្ឋ ទាំងក្នុងពេលបច្ចុប្បន្ន និងក្នុងអំឡុងពិធីបុណ្យភ្ជុំបិណ្ឌខាងមុខ សំដៅដោះស្រាយការកកស្ទះចរាចរ ឱ្យបានជាអតិបរមានោះ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានផ្តល់គោលការណ៍ សម្រេចដ៏ខ្ពង់ខ្ពស់បំផុត ឱ្យរដ្ឋបាលរាជធានីភ្នំពេញ ដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្ន នូវស្ពានអាកាសសម្តេចធិបតី ហ៊ុន ម៉ាណែត ដូចខាងក្រោម៖

ស្ពានអាកាសទី១ មានទិសដៅចរាចរតាមបណ្តោយមហាវិថី សម្តេចតេជោ ហ៊ុន សែន ឆ្លងកាត់ផ្លូវជាតិលេខ២ ឆ្ពោះទៅអាកាសយានដ្ឋានអន្តរជាតិតេជោ ចាប់ពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥តទៅ។
ស្ពានអាកាសទី២ មានទិសដៅចរាចរ ពីអាកាសយានដ្ឋានអន្តរជាតិតេជោ ឆ្លងកាត់ផ្លូវជាតិលេខ២ ឆ្ពោះមក មហាវិថី សម្តេចតេជោ ហ៊ុន សែន ចូលមករាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ តទៅ៕
