ព័ត៌មានជាតិ

អភិបាលរាជធានីភ្នំពេញ នាំយកទៀនព្រះវស្សា​-ទ័យវត្ថុ និងបច្ច័យប្រគេនដល់១៥១វត្ត និង៥សាលាបុណ្យ​ ក្នុងរាជធានីភ្នំពេញ

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១០ ខែកក្កដា​ ឆ្នាំ២០២៥​ បាននាំយកទៀនព្រះវស្សា​​​ និងទ័យវត្ថុ បច្ច័យ និងគ្រឿងបរិក្ខារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ទៅប្រគេនដល់វត្តចំនួន១៥១វត្ត និង៥សាលាបុណ្យក្នុងរាជធានីភ្នំពេញ សំរាប់បុណ្យចូលព្រះវស្សា ក្នុងន័យចូលរួមលើកតម្កើង វិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។

ពិធីខាងលើនេះ បានរៀបចំជាសរុប នៅក្នុងបរិវេណវត្តនាគវន័្ត ​ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក​ ក្រោមអធិបតីភាពលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ​ និងលោកស្រី ជា ស៊ីណា ឃួង ស្រេង។

តាមទំនៀមទំលាប់ជាប្រពៃណី នៃព្រះពុទ្ធសាសនា ព្រះសង្ឃទាំងឡាយគ្រប់អារាម ក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវនិមន្តចូលកាន់ព្រះវស្សា អស់ថេរវេលា ៣ខែ ចាប់ពីថ្ងៃ១រោច ខែអាសាធតទៅ។ ពាក្យថា (វស្សា)ប្រែថា(ភ្លៀងឬរដូវភ្លៀង) ដែលមានកំណត់រយៈពេល៣ខែ រាប់ពីថ្ងៃ១រោចខែអាសាធ​ ដល់ថ្ងៃ១៥កើតខែកត្តិក។ ក្នុងរយៈពេល៣ខែនេះ​នៅគ្រប់ព្រះវិហារទាំងឡាយ​គេតែងរក្សាភ្លើងទៀនព្រះវស្សា​ ធ្វើពីក្រមួនឱ្យឆេះជានិច្ច។ តែបច្ចុប្បន្ននេះ ដោយសាក្រមួនពុំសូវសំបូរ គេនិយមប្រើប្រេងជំនួសវិញ។ ជួនកាលមានព្រះសង្ឃខ្លះ ពុំបានចូលព្រះវស្សា តាមកំណត់កាលវេលា៣ខែ ដោយមានធុរៈអ្វីមួយ ឬដោយរោគាពាធិនោះ លោកអាចចូលបច្ឆិមិកវស្សាបាន គឺព្រះអង្គនឹងចូលនៅថ្ងៃ១រោជ ខែស្រាព ហើយត្រូវគិតវស្សាឱ្យគ្រប់៣ខែ ដូចព្រះសង្ឃដែលចូលមុន គឺត្រូវចេញវិញ នៅថ្ងៃ១រោជខែកត្តិក ។

ចំពោះទ័យទាន ដែលត្រូវប្រគេនដល់ព្រះសង្ឃ តាមវត្តទាំង១៥១វត្ត និង៥សាលាបុណ្យដោយ ក្នុង១វត្តនិង១សាលាបុណ្យមាន ២០០.០០០រៀល, ទៀនវស្សា១គូ, អង្ករ១០០គីឡូក្រាម, សាដកចំនួន១, ស្ករស១បាវ២៥គីឡូក្រាម, ទឹកដោះគោខាប់១កេស, ទឹកក្រូច៤កេស, ទឹកបរិសុទ្ធ៤កេស, មី៤កេសតូច, ត្រីខកំប៉ុង១កេសស្មើ១០០កំប៉ុង។

ក្នុងឱកាសនោះដែរលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ​ និងលោកស្រី​ ជា ស៊ីណាឃួង ស្រេង បាទអញ្ជើញអុជទៀន អុជធុនៅលើព្រះវិហារ សុំសេចក្ដីសុខសប្បាយ ជូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ នាចូលព្រះវស្សានេះផងដែរ៕

To Top