ព័ត៌មានជាតិ

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ៖ ថៃប្រញាប់ដោះស្រាយ រឿងអាស្រូវ ដ៏ស្អុយអសោច ក្នុងផ្ទះខ្លួន ហើយបញ្ឈប់វប្បធម៌ លាបពណ៌កម្ពុជា

ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែកក្កដា នេះ បានទទូចឱ្យរដ្ឋាភិបាលថៃ ប្រញាប់បោសសម្អាត រឿងអាស្រូវដ៏ស្អុយអសោច ក្នុងផ្ទះខ្លួនឯងឱ្យជ្រះ ហើយឈប់ទាញកម្ពុជា ទៅពាក់ព័ន្ធជាមួយ ។

ការលើកឡើងបែបនេះ ធ្វើឡើងបន្ទាប់ពីអ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក ជេរ៉ាយុ ហួងសាប់ ( Jirayu Huangsab) ត្រូវបានសារព័ត៌មាន របស់ថៃស្រង់សម្តីថា ប្រទេសថៃ នឹងសហការជាមួយការិយាល័យប្រឆាំង នឹងគ្រឿងញៀននិងឧក្រិដ្ឋកម្មរបស់អង្គការសហប្រជាជាតិ ( UNODC) និងអង្គការលើកលែងទោស អន្តរជាតិ ដើម្បីដោះស្រាយបញ្ហាឧក្រិដ្ឋកម្មឆបោក តាមអនឡាញពីប្រទេសកម្ពុជា។

លោក ប៉ែន បូណា បន្តថា ថៃគួរតែបោះបង់ចោលទម្លាប់ដ៏អាក្រក់ ក្នុងការទម្លាក់បញ្ហាទៅឱ្យប្រទេសជិតខាង នៅពេលដែលខ្លួនមានរឿងអាស្រូវផ្ទៃក្នុង។ លោក បញ្ជាក់ថា រយៈពេលជាងមួយខែចុងក្រោយនេះ ចាប់តាំងពីមានភាពតានតឹង បញ្ហាព្រំដែនដែលបង្កឡើង ដោយទាហានថៃ កាលពីថ្ងៃទី២៨ ឧសភា ឆ្នាំ២០២៥ មក ប្រទេសកម្ពុជា និងថ្នាក់ដឹកនាំកម្ពុជាទទួលរងការលាបពណ៌បង្ខូចបង្កាច់ គ្រប់បែបយ៉ាងពីសំណាក់អាជ្ញាធរនិងមន្ត្រីថ្នាក់ដឹកនាំថៃ។ អាស្រ័យហេតុនេះ សូមថៃប្រញាប់បញ្ឈប់វប្បធម៌ដ៏អាក្រក់នេះ ហើយយកពេលវេលាដោះស្រាយបញ្ហាផ្ទៃក្នុង របស់ខ្លួនឱ្យបានឆាប់ទើបជាការល្អ។

អ្នកនាំពាក្យរាជរដ្ឋាភិបាល បញ្ជាក់ថា កម្ពុជាចេះដោះស្រាយបញ្ហា នៅក្នុងប្រទេស របស់ខ្លួនតាមរយៈយន្តការប្រយុទ្ធប្រឆាំង ជាមួយឧក្រិដ្ឋកម្ម តាមប្រព័ន្ធអ៊ិនធឺណិត ដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីដោយផ្ទាល់ និងបានធ្វើការងារយ៉ាងសកម្ម និងអាចគ្រប់គ្រងសភាពការណ៍បាន ។

អ្នកនាំពាក្យ ថា «ដូច្នេះ សូមរដ្ឋាភិបាលថៃ កុំព្រួយបារម្ភពីកម្ពុជា ខណៈដែលប្រទេសរបស់ខ្លួន គឺជាសំបុកឧក្រិដ្ឋជនតាមអនឡាញ និងសំបុកជួញដូរគ្រឿងញៀនដ៏ធំបំផុតក្នុងតំបន់ ។ បើតាមអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា គឺកម្ពុជាទេដែលរងគ្រោះ ពីបណ្តាញចែកចាយឧក្រិដ្ឋជនតាមអ៊ិនធឺណិត និងចែកចាយគ្រឿងញៀនពីប្រទេសថៃ»

To Top