ព័ត៌មានជាតិ

ពលករថៃ៦នាក់ ដែលប៉ុនប៉ងឆ្លងដែនមកធ្វើការនៅកម្ពុជាត្រូវប៉ូលិសថៃចាប់ខ្លួន

ពលករថៃចំនួន៦នាក់ ត្រូវបានចាប់ខ្លួនក្នុងពេលដែលជិតនឹងមកដល់កម្ពុជា ដើម្បីធ្វើការនៅភោជនីយដ្ឋានមួយកន្លែងក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ នេះបើតាមការផ្សាយរបស់កាសែតថៃនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥នេះ។

បើតាមកាសែតដដែល ពលករថៃទាំង៦នាក់ ដែលមានស្រី៣នាក់ និងក្មេងម្នាក់ ត្រូវបានចាប់ខ្លួនក្នុងភូមិសាស្ត្រស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ប្រទេសថៃ ជាប់ព្រំដែនរបស់កម្ពុជា ក្នុងខណៈដែលពួកគេកំពុងលួចឆ្លងដែនមកកម្ពុជាដើម្បីធ្វើការនៅភោជនីយដ្ឋានក្នុងក្រុងប៉ោយប៉ែតដោយផ្តល់ថវិកាឱ្យមេខ្យល់នាំផ្លូវប្រមាណ២ពាន់បាត ឬ៦០ដុល្លារក្នុងម្នាក់ដើម្បីបានឆ្លងដែនចូលមកធ្វើការនៅកម្ពុជា។

ទាក់ទងនឹងបញ្ហានេះ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ុន មេសា បានបញ្ជាក់ថា ការឆ្លងដែនមកធ្វើការទៅវិញទៅមករវាងប្រជាជននៃប្រទេស ដែលមានព្រំដែនជាប់គ្នាជារឿងធម្មតា។ ពោល គឺនៅកម្ពុជាក៏មានពលរដ្ឋថៃមកធ្វើការប្រមាណជាង៦ពាន់នាក់ផងដែរ។

លោក ស៊ុន មេសា បញ្ជាក់ថា៖ «នេះមានន័យថា ទីផ្សារការងារនៅកម្ពុជាសម្បូរ និងមានលក្ខណៈល្អ ហើយប្រាក់ឈ្នួលសមរម្យ ដែលធ្វើឲ្យពលរដ្ឋប្រទេសជិតខាងមកធ្វើការនៅកម្ពុជា»។

បន្ថែមពីនេះ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានបន្តអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរ កុំឆ្លងព្រំដែនខុសច្បាប់ទៅកាន់ប្រទេសថៃក្នុងដំណាក់កាលនេះ ព្រោះអាចនឹងប្រឈមនឹងការធ្វើទុក្ខបុកម្នេញ និងការរើសអើងណាមួយ ឬបាត់បង់អត្ថប្រយោជន៍ផ្សេងៗ ហើយបងប្អូនគួរតែធ្វើការនៅក្នុងប្រទេសកម្ពុជាយើងវិញ ខណៈដែលកម្ពុជាកំពុងខ្វះកម្លាំងពលកម្មប្រមាណជាង២៥ម៉ឺនកន្លែងនៅទូទាំងប្រទេស។

បើតាមអ្នកនាំពាក្យដដែល ការធ្វើការនៅកម្ពុជា មានការចំណាយតិចជាង មានការថែទាំសុខភាព មានការថែទាំលើផ្នែកគ្រោះថ្នាក់ការងារ និងមានប្រាក់សោធននិវត្តន៍ថែមទៀតផង ខណៈដែលធ្វើការនៅប្រទេសថៃ ពលករកម្ពុជាមិនទទួលបានប្រាក់សោធននិវត្តន៍នោះឡើយ៕

To Top