ព័ត៌មានជាតិ

បណ្ឌិត កៅ ថាច ៖​ ការបង្កើតធុរកិច្ចរបស់សហគ្រិននីមួយៗមិនត្រឹមផលចំនេញទេ ប៉ុន្តែគឺជាការចូលរួមកសាងជាតិយ៉ាងសកម្មជាពិសេស ការវិនិយោគសម្រាប់អនាគត

កំពង់ធំ៖ ​លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB និងជាសមាជិកយុវជនគណបក្សថ្នាក់កណ្តាល តំណាងសហគ្រិនវ័យក្មេង នៅរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥នេះបានអញ្ជើញចូលរួមថ្លែងសុន្ទរកថា នៅក្នុងសិក្ខាសាលាស្តីពីកាលានុវត្តភាព​ និងទិសដៅវិនិយោគសម្រាប់អនាគត​ ដែលសហការរៀបចំដោយសមាគមសហគ្រិនវ័យក្មេងកម្ពុជា​ និងយុវជនគណបក្សថ្នាក់កណ្តាល​ ផ្នែកសហគ្រិនវ័យក្មេង​ និងដែលគាំទ្រដោយធនាគារARDB។

កម្មវិធីនេះ មានការអញ្ជើញចូលរួមពីលោក នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ,លោក នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាសមាជិកគណៈកម្មាធិការកណ្តាលយុវជនគណបក្សថ្នាក់កណ្តាល, លោកបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកប្រតិបត្តិសហគ្រិនខ្មែរ និងឧកញ៉ា ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជាផងដែរ។

នៅក្នុងសិក្ខាសាលានោះលោកបណ្ឌិត កៅ ថាច បានមានប្រសាសន៍ថា សិក្ខាសាលានៅថ្ងៃនេះ ដែលរៀបចំឡើងដោយសមាគមសហគ្រិនវ័យក្មេងកម្ពុជា និងយុវជនគណបក្សថ្នាក់កណ្តាលផ្នែកសហគ្រិន​ គឺពិតជាមានសារៈសំខាន់ណាស់ ហើយសូមសម្តែងកោតសរសើរដល់សហគ្រិនវ័យក្មេង ស្របពេលដែលសេដ្ឋកិច្ចពិភពកំពុងតែមានភាពមិនប្រាកដប្រជា និងសេដ្ឋកិច្ចកម្ពុជាដែលក៏កំពុងតែមានការងើបឡើងដែលបង្ហាញឲ្យឃើញនូវសូចនករមួយនៃការជំរុញសេដ្ឋកិច្ចក្នុងស្រុកផងដែរ។ លោកបណ្ឌិតបានមានប្រសាសន៍ថា សហគ្រិនមិនត្រឹមតែបង្កើតអាជីវកម្មប៉ុណ្ណោះទេ ប៉ុន្ក្នុែក៏ជាការចូលរួមចំណែកនៃការកសាងជាតិរបស់ពួកគាត់ ជាពិសេស ការបង្កើតអាជីវកម្មបៃតងនិងសេដ្ឋកិច្ចបៃតងជាដើម។

បន្ទាប់ពីអនុសាសន៍គន្លឹះរបស់លោកបណ្ឌិត កៅ ថាច ជូនដល់សហគ្រិនវ័យក្មេង ឧកញ៉ា ប៉ិច បូឡែន បានឡើងថ្លែងនិងរៀបចំកិច្ចពិភាក្សាយ៉ាងផុសផុល ដែលមានវាគ្មិនល្បីៗ ផ្តល់ឱកាសនៃការវិនិយោគថ្មីៗ សម្រាប់សហគ្រិនវ័យក្មេងទាំងពេលបច្ចុប្បន្ននិងពេលអនាគត ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍន៍សង្គមជាតិ ។

លោកបណ្ឌិត កៅ ថាច មានប្រសាសន៍ បញ្ជាក់ថា បើយើងក្រឡែកមើលជាក់ស្តែង តាមពិតទៅ វិស័យកសិកម្មកម្ពុជានៅតែបន្តរក្សាបាននូវស្ថេរភាពល្អ ទោះបីស្ថានភាពសេដ្ឋកិច្ចសកលមានភាពមិនច្បាស់លាស់ក៏ដោយហើយកំណើនវិស័យកសិកម្មទៀតសោតត្រូវបានគាំទ្រ ជាមួយអនុវិស័យមួយចំនួនដូចជា ដំណាំស្រូវ ដំណាំស្វាយចន្ទី ដំណាំកៅស៊ូនិងដំណាំដំឡូងមីជាដើម។

ទន្ទឹមនោះលោកបណ្ឌិតបានរំលឹកថា បច្ចុប្បន្ននេះ វិស័យកសិកម្មនេះកំពុងធ្វើធ្វើបដិវត្តន៍កម្មបែបទំនើប ដោយប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ ទទួលបានទិន្នផលខ្ពស់ ក្នុងចក្ខុវិស័យឈានទៅរកការធ្វើកសិកម្មប្រកបដោយចីរភាពនិងធានាបានបរិយាបន្នសេដ្ឋកិច្ច តាមរយ:ការទទួលបានការគាំទ្រហិរញ្ញពីរាជរដ្ឋាភិបាល។

បន្ទាប់ពីបទអន្តរាគមន៍របស់លោកបណ្ឌិត កៅ ថាច នៅក្នុងកិច្ចពិភាក្សារួចមក លោក​នុត អ៊ុនវ័ណរ៉ា និងលោកបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ដែលមានការសម្របសម្រួលដោយ ឧកញ៉ា ប៉ិច បូឡែន បានមានប្រសាសន៍ពលើកឡើងពី ស្ថានភាពសេដ្ឋកិច្ចកម្ពុជា បញ្ហាប្រឈម និងការចាប់យកឱកាសថ្មីៗ សម្រាប់សហគ្រិនវ័យក្មេងទៅថ្ងៃអនាគតផងដែរ។

លោកបណ្ឌិត កៅ ថាច ក្នុងនាមធនាគារអភិវឌ្ឍន៏ជនបទនិងកសិកម្ម បានផ្តល់ទស្សនវិស័យមួយចំនួនសម្រាប់កាលានុវត្តភាព និងទិសដៅវិនិយោគសម្រាប់ឱកាសអាជីវកម្មថ្មីនិងទៅអនាគតដូចជា គឺ ទី១ ការមូលធនមនុស្ស ទី២ នាវានិវត្តន៍កសិកម្ម ទី៣ ហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា ទី៤ ចីរភាពបរិស្ថាន ទី៥ ការកសាង សមត្ថភាពស្ថាប័ន ការត្រៀមខ្លួនសម្រាប់ឱកាសអាជីវកម្មថ្មី ក្នុងការរួមចំណែកអភិវឌ្ឍន៍នៅក្នុងសង្គមជាតិទាំងមូល។

បន្ថែមពីនេះលោកផ្តល់អនុសាសន៍ថា ការបង្កើតធុរកិច្ចរបស់សហគ្រិននីមួយៗមិនត្រឹមផលចំនេញទេ ប៉ុន្តែគឺជាការចូលរួមកសាងជាតិយ៉ាងសកម្មជាពិសេសការវិនិយោគទៅអនាគត៕

To Top