ព័ត៌មានជាតិ

រដ្ឋមន្ដ្រីអប់រំ ៖ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ត្រូវតែចេះប្រើប្រាស់ AI ប្រកបដោយទទួលខុសត្រូវខ្ពស់

ភ្នំពេញ ៖ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងពីការអប់រំក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (AI) ទាមទារឱ្យការអប់រំមានការប្រែប្រួល និងសម្របខ្លួនទៅនឹងបច្ចេកវិទ្យាថ្មីៗ ដោយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ត្រូវតែចេះប្រើប្រាស់ AI ប្រកបដោយការទទួលខុសត្រូវខ្ពស់។

ក្នុងពិធីសម្ពោធជាផ្លូវការអគារសិក្សាថ្មីនៃសាលាចំណេះទូទៅអន្តរជាតិឌូវី ទីតាំង ICONIC និងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់អគារសិក្សាថ្មី នៃសាលាអន្តរជាតិបាត់ដំបង ខេត្តបាត់ដំបង នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ លោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បានថ្លែងថា ក្រសួង ក៏បានពង្រីកផ្នែកអប់រំកូមារតូច និងលើកទឹកចិត្តឱ្យសិស្សចូលរៀនមត្តេយ្យសិក្សាកាន់តែច្រើន ដែលជាដំណាក់កាលមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់អនាគតការសិក្សារបស់កុមារ។

ជាមួយគ្នានេះ លោក ឧបនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះសាលាដែលបានប្រើប្រាស់កម្មវិធី Cambridge នៅក្នុងកម្មវិធីសិក្សារបស់ខ្លួន ដែលបង្ហាញពីការឈានទៅរកស្តង់ដាអន្តរជាតិ និងបានលើកឡើងពីការអប់រំក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (AI) ដែលទាមទារឱ្យការអប់រំមានការប្រែប្រួល និងសម្របខ្លួនទៅនឹងបច្ចេកវិទ្យាថ្មីៗ ដោយលោកគ្រូ អ្នកគ្រូ និងក្មួយៗសិស្សានុសិស្ស ត្រូវតែចេះប្រើប្រាស់ AI ប្រកបដោយការទទួលខុសត្រូវខ្ពស់។

លោក ឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា បច្ចេកវិទ្យានេះនឹងជួយឱ្យការសិក្សារៀនសូត្រកាន់តែមានភាពងាយស្រួលដោយអាចរៀនពីចម្ងាយបាន ឬអាចស្វ័យសិក្សាដោយខ្លួនឯងបានគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។ ក្រសួងអប់រំនៅតែលើកទឹកចិត្តឱ្យប្រើប្រាស់បច្ចេកវិទ្យានេះប្រកបដោយការទទួលខុសត្រូវខ្ពស់ ទោះបីជាវាមានអត្ថប្រយោជន៍ច្រើនក៏ដោយ៕

To Top