ព័ត៌មានជាតិ

នគរបាលជាតិ ៖ វិដេអូធ្វើទារុណកម្ម ឆក់ស្ដ្រីម្នាក់ក្នុងរថយន្ដនោះ គឺប្រភពនៅឯបរទេស ហើយក៏មិនមែនស្ដ្រីខ្មែរឡើយ

ភ្នំពេញ ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា វិដេអូប្រើអំពីហឹង្សា ដោយបុរសម្នាក់ ធ្វើទារុណកម្ម ទៅលើស្រ្តីម្នាក់ ក្នុងរថយន្ត ហើយបានយកដំបងឆក់នោះ គឺមានប្រភពនៅឯបរទេស ហើយមិនមែន នៅកម្ពុជានោះទេ រីឯស្រ្តីរងអំពី ហឹង្សានោះ ក៏មិនមែនជាជនជាតិខ្មែរដែរ។

ថ្មីៗនេះ អគ្គស្នងការដ្ឋាន នគរបាលជាតិ ឃើញមានការបង្ហោះផ្សព្វផ្សាយ និងចែករំលែកបន្ត តាមបណ្តាញទំនាក់ទនងសង្គម នូវវីដេអូ ដែលមានសកម្មភាព ប្រើអំពីហឹង្សា ដោយមានបុរសម្នាក់ធ្វើទារុណកម្ម ទៅលើស្រ្តីម្នាក់ក្នុងរថយន្ត និងបានយកដំបងឆក់ ឆក់ទៅលើស្រ្តីរូបនោះ។

យោងតាមគេហទំព័រហ្វេសប៊ុក របស់អគ្គស្នងការដ្ឋាន នគរបាលជាតិ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ បានលើកឡើងថា «តាមការស្រាវជ្រាវ ជំនាញកំណត់បានថា វីដេអូដែលបានបង្ហោះផ្សព្វផ្សាយនោះ គឺមានប្រភពនៅឯបរទេស មិនមែនកើតឡើង ក្នុងព្រះរាជាណាចក្រកម្ពុជានោះទេ រីឯស្រ្តីដែលរងអំពីហឹង្សា និងការធ្វើទារុណកម្មនោះ ក៏មិនមែនជនជាតិខ្មែរ ផងដែរ ចំពោះការបង្ហោះផ្សព្វផ្សាយ និងចែករំលែកនូវវីដេអូនេះ អ្នកប្រើប្រាស់ តាមបណ្តាញទំនាក់ទំនងសង្គម គ្រាន់តែចង់ចែក រំលែកព័ត៌មាន អំពីអំពើហឹង្សានិងការធ្វើទារុណកម្ម លើស្រ្តីដើម្បីអោយអ្នកប្រើប្រាស់ តាមបណ្តាញទំនាក់ទំនងសង្គមនានាបានដឹង និងថ្កោលទោស ចំពោះបុរស ដែលប្រព្រឹត្តិនោះតែប៉ុណ្ណោះ»។

អគ្គស្នងការដ្ឋាននគរបាលជាតិ បានសំណូមពរដល់អ្នកប្រើប្រាស់តាមបណ្តាញទំនាក់ទំនងសង្គមដែលបានបង្ហោះផ្សព្វផ្សាយ និងបានចែករំលែកនូវវីដេអូខាងលើ សូមលុប និងបញ្ឍប់នូវការបង្ហោះផ្សព្វផ្សាយ និងចែករំលែកបន្តទៀត ជៀសវាងការភាន់ច្រលំ ដល់សារធារណជនថាវីដេអូនេះ បានកើតឡើងក្នុងព្រះរាជាណាចក្រកម្ពុជា ហើយក៍សូម ក្រើនរំលឹកដល់សាធារណជនទាំងអស់មេត្តាជ្រាបថា រាល់ការបង្ហោះខ្លឹមសារ រូបភាព ឬវីដេអូណាមួយ សូមបញ្ជាក់ឲ្យច្បាស់ពីប្រភព និងកន្លែងកើតហេតុ ជៀសវាងធ្វើអោយមានការភាន់ច្រឡំពីសាធារណជន។

បន្ថែមពីនោះ អគ្គស្នងការដ្ឋាន នគរបាលជាតិ ក៏សូមឱ្យពិនិត្យ និងពិចារណាឱ្យបានច្បាស់ នូវគោលបំណង ក្នុងការបង្ហោះខ្លឹមសារ រូបភាព ឬវីដេអូណាមួយ ដែលធ្វើឱ្យសាធារណជនភ្ញាក់ផ្អើល ក្នុងន័យទាញយកការចាប់អារម្មណ៍ ឬប្រជាប្រិយភាព ឬកេងចំនេញផលប្រយោជន៍មកបុគ្គល ដែលរាល់ការបង្ហោះផ្សព្វផ្សាយនូវព័ត៌មានក្លែងក្លាយ ព័ត៌មានបំពុលសង្គម ធ្វើឱ្យមានផលប៉ះពាល់ ដល់សន្តិសុខ សណ្តាប់ធ្នាប់សង្គម គឺជាអំពីខុសច្បាប់ និងត្រូវទទួលខុសត្រូវ ចំពោះមុខច្បាប់ជាធរមាន៕

To Top