ព័ត៌មានជាតិ

កម្ពុជា បង្ហាញក្តីកង្វល់ ចំពោះថៃ ចម្លងគំរូប្រាសាទអង្គរខ្មែរ

ភ្នំពេញ ៖ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានបង្ហាញ ក្តីកង្វល់ចំពោះសំណង់ចម្លង ដ៏ធំតាមគំរូប្រាសាទអង្គរ នៅក្នុងខេត្តបុរីរម្យ ប្រទេសថៃ ក្នុងសម័យប្រជុំលើកទី៤៧ របស់គណៈកម្មាធិការ បេតិកភណ្ឌពិភពលោក នាទីក្រុងប៉ារីស នាថ្ងៃ១០ កក្កដា ។

យោងតាមលិខិត របស់ក្រសួងវប្បធម៌ បានឲ្យដឹងថា លោកស្រី ភឿង សកុណាបានធ្វើបទអន្តរាគមន៍ផ្លូវការ ក្នុងសម័យប្រជុំលើកទី៤៧ ។ ក្នុងនោះលោកស្រីបានថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់ជាប់មិនដាច់របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក ចំពោះកិច្ចការការពារបេតិកភណ្ឌពិភពលោក ជាពិសេសប្រាសាទ អង្គរវត្ត ដែលបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក តាំងពីឆ្នាំ១៩៩២ ហើយក៏ជានិមិត្តរូបជាតិកម្ពុជាផងដែរ។

ជាមួយនឹងសេចក្តីថ្លែងអំណរ គុណលោកស្រី រដ្ឋមន្រ្តី គូសបញ្ជាក់ថា “យើងខ្ញុំសូមជម្រាប ជូនគ្រប់សមាជិក គណៈកម្មាធិការ ទាំងអស់អំពីកង្វល់របស់កម្ពុជា ពាក់ព័ន្ធនឹងសំណង់ចម្លងដ៏ធំតាមគំរូប្រាសាទអង្គរ នៅក្នុងខេត្តបុរីរម្យ ព្រះរាជាណាចក្រថៃ ដោយមិនបានពិភាក្សា ជាមួយកម្ពុជា ហើយក៏មិនបានគោរព ទៅដល់ក្រមសីលធម៌ នៃតម្លៃវប្បធម៌របស់កម្ពុជា នោះដែរ ។ ការសាងសង់ នេះក៏បានប៉ះពាល់ផងដែរដល់ Integrity និង Authenticity និងតម្លៃលេចធ្លោជាសកល (OUV-Outstanding Universal Value) របស់រមណីយដ្ឋានអង្គរទាំងមូល” ។

លោកស្រីបន្តថា ទោះបីកម្ពុជា បានខិតខំព្យាយាមជាច្រើនលើកច្រើនសារ ក្នុងការជជែកជាមួយភាគីថៃ ក៏ការសាងសង់នេះ នៅតែបន្តមិនបញ្ឈប់នោះទេ។ ករណីសាងសង់ចម្លងនេះ កំពុងបង្កជាសំណល់គំរូ ដ៏គ្រោះថ្នាក់បំផុតសម្រាប់គ្រប់ បេតិកភណ្ឌពិភពលោកទាំងអស់ ។
ដូច្នេះ លោកស្រីស្នើសុំអង្គការយូណេស្កូ ក៏ដូចជាស្ថាប័នពិគ្រោះយោបល់ទាំងអស់ របស់អង្គការយូណេស្កូ ពិនិត្យជាទូទៅលើបញ្ហានេះ ជាមួយការយកចិត្តទុកដាក់ខ្ពស់៕

To Top