ព័ត៌មានជាតិ

ក្រសួងបរិស្ថាន ត្រៀមរៀបចំពិព័រណ៍ «ពន្លកបៃតង» ចែកកូនឈើជូនសាធារណជន​ ដោយឥតគិតថ្លៃ រួមមួយព្រឹត្តិការណ៍ដាំដើមត្នោ ត១លានដើម នៅកម្ពុជា ក្នុងឆ្នាំ២០២៥

ភ្នំពេញ ៖ «ពិព័រណ៍«ពន្លកបៃតង» ចែកកូនឈើ ជូនសាធារណជនដោយឥតគិតថ្លៃ រួមមួយព្រឹត្តិការណ៍ ដាំដើមត្នោត ១លានដើម នៅកម្ពុជាក្នុងឆ្នាំ២០២៥ រៀបចំឡើងដើម្បីបណ្ដុះគំនិត របស់ប្រជាពលរដ្ឋកម្ពុជា ឱ្យស្រឡាញ់ដើមឈើ ស្រឡាញ់ភាពបៃតង និង ស្រឡាញ់បរិស្ថាន»។ នេះជាប្រសាសន៍ លើកឡើងរបស់ លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួង បរិស្ថាន ក្នុងឱកាសអញ្ជើញ ជាអធិបតីដឹកនាំកិច្ចប្រជុំក្រុមការងារ ត្រៀមរៀប ចំពិព័រណ៍«ពន្លកបៃតង» ចែកកូនឈើដោយ ឥតគិតថ្លៃ ជូនសាធារណជនយកទៅដាំ រួមមួយព្រឹត្តិការណ៍ដាំដើមត្នោត ចំនួន១លានដើមនៅកម្ពុជា ក្នុងឆ្នាំ២០២៥ នាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងបរិស្ថាន ។

លោក រដ្ឋមន្រ្តី បានបន្ថែមថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានបន្តយកចិត្តទុកដាក់យ៉ាងខ្លាំងថែមទៀត បន្តពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការការពារ និង អភិរក្សបរិស្ថាន និងធនធានធម្មជាតិ និងបានដាក់ ចេញអភិក្រម «អភិវឌ្ឍន៍ដើម្បីអភិរក្ស និងអភិរក្សដើម្បីអភិវឌ្ឍន៍» តាមរយៈយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។ ជាមួយគ្នានេះ អនុលោមតាមយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ដែលបានចេញស្របតាម យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល និងការចង្អុលបង្ហាញដោយផ្ទាល់ ពីសម្តេចធិបតី ហ៊ុន ម៉ាណែត ដើម្បីព្រឹងការគ្រប់គ្រងធនធានធម្មជាតិ ឱ្យកាន់តែមានប្រសិទ្ធភាព គឺការយកចិត្តទុកដាក់លើការពង្រីក គម្របព្រៃឈើរបស់កម្ពុជា ។ ដូចនេះ ក្រសួងបរិស្ថាន បានដាក់ចេញយុទ្ធនាការ«ពន្លកបៃតង» គឺការបណ្តុះគំនិតស្រឡាញ់ ភាពបៃតង តាមរយៈសកម្មភាព បណ្តុះកូនឈើ ចែកកូនឈើ និងដាំដើមឈើ ឱ្យបានច្រើនយ៉ាងតិច ១លានដើម ក្នុងមួយឆ្នាំ ។

សូមបញ្ជាក់ថា ក្រសួងបរិស្ថាននឹងរៀបចំពិព័រណ៍ «ពន្លកបៃតង» រួមជាមួយព្រឹត្តិការណ៍ដាំដើមត្នោតមួយលានដើមនៅកម្ពុជា ក្នុងឆ្នាំ២០២៥ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅវិមាន ឈ្នះ-ឈ្នះ រាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។

ក្នុងអំឡុងពេល៣ថ្ងៃ នៃព្រឹត្តិការណ៍នេះ ក្រសួងបរិស្ថាននឹងធ្វើការចែកកូនឈើ ជាច្រើនប្រភេទ ដោយឥតគិតថ្លៃ ជូនដល់សាធារណជន ដើម្បីយកទៅដាំតាមលំនៅឋាន វត្តអារាម សាលារៀន សហគមន៍ តំបន់ការពារធម្មជាតិ និងទីសាធារណៈផ្សេងៗ ដែលជាការលើកទឹកចិត្ត ឱ្យប្រជាពលរដ្ឋទាំងអស់ ស្រឡាញ់និងចូលរួមដាំដើមឈើ បង្កើនវិសាលភាព គម្របព្រៃឈើនៅកម្ពុជា សំដៅឆ្ពោះទៅសម្រេចការ អភិវឌ្ឍប្រកប ដោយអព្យាក្រឹតកាបូននៅឆ្នាំ ២០៥០។ ពិព័រណ៍«ពន្លកបៃតង ឆ្នាំ២០២៥ មានការដាក់តាំងបង្ហាញ សមិទ្ធផលនានា របស់ក្រសួងបរិស្ថាន អង្គការជាតិ និងអន្តរជាតិ ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងសមាគម យុវជន ព្រមទាំង ផលិតផលខ្មែរ និងផលិតផលជីវៈចម្រុះ ពីសហគមន៍ផងដែរ ៕

To Top