ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងការងារ អំពាវនាវឱ្យបងប្អូនពលរកខ្មែរនៅថៃ ដែលមិនមានឯកសារពេញលេញគួរត្រឡប់មកធ្វើការនៅកម្ពុជាវិញ

ភ្នំពេញ៖ លោក​ ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អំពាវនាវឱ្យបងប្អូនពលរកខ្មែរនៅប្រទេសថៃ ដែលមិនមានឯកសារពេញលេញ គួរត្រឡប់មកធ្វើការនៅកម្ពុជាវិញ ប្រសិនបើនៅទីនោះ មានការរើសអើង មានការធ្វើទុក្ខបុកម្នេញ ឬមិនមានសុវត្ថិភាព។ នេះ បើយោងតាមកិច្ចសម្ភាសន៍ពិសេសរវាងលោករដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយទូរទស្សន៍ជាតិកម្ពុជា ដែលបានចេញផ្សាយនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥។

លោក​ ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា «អ្នកដែលមិនមានឯកសារពេញលេញ មិនត្រឹមតែបាត់អត្ថប្រយោជន៍ ប.ស.ស. ដែលមាននៅខ្មែរទេ។ បងប្អូននៅទីនោះ ពេលខ្លះធ្វើការឱ្យគេហើយ គេមិនឱ្យប្រាក់ខែក៏មានដែរ ព្រោះយើងខ្វះឯកសារ។ ទៅណាមកណា យើងបារម្ភពីការធ្វើទុក្ខបុកម្នេញពីអ្នកនេះ អ្នកនោះនៅស្រុកគេ»។

លោករដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្តទៀតថា «ដូចនេះ សម្រាប់បងប្អូនដែលអត់មានឯកសារពេញលេញ ខ្ញុំនៅតែអំពាវនាវដដែលថា​ អាចវិញត្រឡប់មកប្រទេសកំណើតរបស់យើងវិញ ដែលមានការងារសមរម្យ ប្រាក់ឈ្នួលសមរម្យ និងអត្ថប្រយោជន៍ ប.ស.ស. ដែលជួយបងប្អូន»។

ការធ្វើការនៅកម្ពុជា ក្រៅពីការងារសមរម្យ និងប្រាក់ឈ្នួលសមរម្យ ពលករខ្មែរ អាចទទួលបានផលប្រយោជន៍ច្រើនពី​បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ដូចជាការមើលថែទាំសុខភាពពេលមានជំងឺ ឬគ្រោះថ្នាក់ការងារផ្សេងៗ និងទទួលបានប្រាក់សោធននិវត្តន៍ពេលពលករដល់វ័យចំណាស់។ នេះ បើយោងតាមប្រសាសន៍របស់លោករដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងកិច្ចសម្ភាសន៍ជាមួយនឹងទូរទស្សន៍ខាងលើ។

«នេះ គឺជាទ្រព្យមួយ ដែលមិនអាចកាត់ថ្លៃបាន។ ពេលដែលយើងឈឺ ពេលខ្លះលុយដែលសន្សំមានទាំងប៉ុន្មានក៏បាត់បង់ទៅវិញដែរ។ ដូចនេះ យើងទៅធ្វើការនៅគេ អត់ឯកសារ មានកម្លាំងចេះតែទ្រាំលំបាកទៅ។ តែពេលយើងឈឺស្កាត់ យើងធ្វើការលែងកើត​។ ពេលត្រឡប់មកវិញ គឺគ្រួសារទាំងមូល នឹងក្លាយជាអ្នកដោះស្រាយបន្ទុករបស់បងប្អូន។ ដូចនេះ យល់ល្អ ពិចារណាមកស្រុកកំណើតរបស់យើងវិញ»។ លោករដ្ឋមន្ត្រី បានលើកឡើងដូចនេះ។

លោកហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា សូមបងប្អូនត្រឡប់មកស្រុកកំណើតវិញ ប្រសិនបើនៅទីនោះ មានការរើសអើង មានការធ្វើទុក្ខបុកម្នេញ ឬមិនមានសុវត្ថិភាព។ រាជរដ្ឋាភិបាលកម្ពុជា បានត្រៀមខ្លួនទទួលស្វាគមន៍បងប្អូន ហើយព្រមទាំងមានការងារសមរម្យសម្រាប់ជូនបងប្អូនផងដែរ៕

To Top