ភ្នំពេញ៖ មុនកាលកំណត់ លោក Marco Rubio រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក បានបង្ហាញក្ដីសង្ឃឹម ថាការចូលចតនាវាកងទ័ពជើងទឹកអាមេរិក នៅកំពង់ផែរាម ពិតជាទទួលបានជោគជ័យ។

ការលើកឡើង របស់ប្រមុខការទូតអាមេរិកបែបនេះ ធ្វើឡើងនៅក្នុងជំនួបទ្វេភាគី ជាមួយលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ ក្នុងឱកាសកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៨ និងកិច្ចប្រជុំពាក់ព័ន្ធ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។
ក្នុងជំនួបនេះ លោក Rubio បានកោតសរសើរ ចំពោះតួនាទីរបស់កម្ពុជា ក្នុងនាមជាប្រទេសសម្របសម្រួល ក្នុងការ ជំរុញភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-សហរដ្ឋអាមេរិក (CSP) ជាពិសេសក្នុងការសម្រួល ដល់ការបញ្ចប់ការចរចាសេចក្តីថ្លែងការណ៍ចក្ខុវិស័យរួមរបស់ថ្នាក់ដឹកនាំអាស៊ាន-សហរដ្ឋអាមេរិក ដែលនឹង គ្រោងអនុម័តនៅក្នុងកិច្ចប្រជុំកំពូល នៅចុងខែតុលាខាងមុខនេះ។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស បានអោយដឹងថា ភាគីទាំងពីរ បានពិភាក្សាផ្ដោតលើវិស័យនៃកិច្ចសហប្រតិបត្តិការសំខាន់ៗដូចជា ពាណិជ្ជកម្ម សន្តិសុខ និងការពារជាតិ។


លោក ប្រាក់ សុខុន បានរំលឹកដល់ការប្រារព្ធពិធីអបអរដ៏មានអត្ថន័យ ក្នុងឱកាសខួបលើកទី៧៥ នៃទំនាក់ទំនងការទូតកម្ពុជា-សហរដ្ឋអាមេរិក ដែលបានប្រព្រឹត្តក្នុងខែមករា ឆ្នាំនេះ នៅសារមនី្ទរជាតិកម្ពុជា៕

