ព័ត៌មានជាតិ

សម្ដេចតេជោ ផ្ដាំទៅអ្នកនយោបាយថៃ កុំចេះតែដើរចោទកម្ពុជាតែផ្តេសផ្តាស មិនមើលប្រទេសខ្លួន

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានផ្ដាំទៅអ្នកនយោបាយថៃ កុំចេះតែដើរចោទកម្ពុជាតែផ្តេសផ្តាស មិនមើលប្រទេសខ្លួន ដែលជាទីកន្លែងសំបុកដ៏សុខសាន្ត របស់ក្រុមឧក្រិដ្ឋជនឆបោក ក្រុមគ្រឿងញៀន និងក្រុមលាងលុយកខ្វក់។

ជាមួយគ្នានេះ សម្ដេចក៏បានអំពាវនាវ សូមឲ្យមេដឹកនាំពិភពលោក ក៏ដូចមេដឹកនាំអាស៊ាន ទទួលស្គាល់នូវអ្វីដែល ថាក់ស៊ីន លើកឡើង ។

តាមរយៈបណ្ដាញសង្គម ហ្វេសប៊ុក នៅថ្ងៃទី១៣ ខែកក្លដា ឆ្នាំ២០២៥នេះ សម្ដេចតេជោ ហ៊ុន សែន បានសរសេរយ៉ាងដូច្នេះថា៖ «ដូចការលើកឡើងរបស់ខ្ញុំកាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ នៅខេត្តព្រះវិហារអញ្ជឹងមែន មេឧក្រិដ្ឋជនឆបោកអនឡាញនៅពាសពេញប្រទេសថៃ ហើយទីក្រុងបាងកក ជាសំបុកនៃពួកឧក្រិដ្ឋជនឆបោកខុសច្បាប់ និងលាងលុយកខ្វក់ទាំងនោះ ហើយក្រុមនេះរីករាលហៀរចេញពីថៃចូលកម្ពុជា នៅពេលនេះលោក ថាក់ស៊ីន បានសារភាព តាមកិច្ចសម្ភាសន៍លើទូរទស្សន៍ថៃ កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ ដោយបាននិយាយថា ឧក្រិដ្ឋជនធំៗឆបោក តាមអនឡាញកំពុងស្នាក់នៅអាផាតមិន ថ្លៃៗរាប់ពាន់លានបាត នៅទីក្រុងបាងកក ហើយធ្វើដំណើរដោយសេរី ចេញចូលប្រទេសក្បែរខាង»។

សម្ដេចបន្ថែមថាជាក់ស្ដែងកាលពីថ្ងៃទី៩ ខែកក្កដា ២០២៥ ប៉ូលិសអន្តោប្រវេសន៍ថៃ បានចាប់ខ្លួនមេធំល្បែងអនឡាញ និងលាងលុយដែលមានតម្លៃ ១១.៥២ពាន់លានបាត នៅឯព្រលានយន្តហោះអន្តរជាតិ ដនមឿង ស្របពេលរបាយការណ៍របស់ ការិយាល័យប្រឆាំងគ្រឿងញៀន និងឧក្រិដ្ឋកម្មរបស់ អង្គការសហប្រជាជាតិ ហៅកាត់ថា UNODC បានបញ្ចេញថា ការផលិត និងជួញដូរគ្រឿងញៀន នៅក្នុងតំបន់ត្រីកោណជាប់ព្រំដែន រវាងប្រទេសមីយ៉ាន់ម៉ា ឡាវ និងថៃ បានកើនឡើងគួរឱ្យកត់សម្គាល់ ខណៈប្រទេសថៃគឺជាច្រកផ្លូវឆ្លងកាត់ និងជាទីកន្លែងមួយដ៏សំខាន់ សម្រាប់ចែកចាយគ្រឿងញៀនមួយផ្នែកធំលើសលុបចេញ ពីតំបន់ត្រីកោណមាស។

ដូច្នេះសម្ដេចសូមឲ្យមេដឹកនាំពិភពលោក ក៏ដូចមេដឹកនាំអាស៊ាន ទទួលស្គាល់នូវអ្វី ដែលជាការលើកឡើង របស់ថាក់ស៊ីន ហើយក៏សូមប្រាប់ទៅអ្នកនយោបាយថៃ កុំចេះតែដើរចោទកម្ពុជាតែផ្តេសផ្តាស មិនមើលប្រទេសខ្លួន ដែលជាទីកន្លែងសំបុកដ៏សុខសាន្ត របស់ក្រុមឧក្រិដ្ឋជនឆបោក ក្រុមគ្រឿងញៀន និងក្រុមលាងលុយកខ្វក់។

សម្ដេចបន្ថែមថា កន្លងមកនាយករដ្ឋមន្ត្រីថៃ ដែលកំពុងត្រូវបានព្យួរតំណែងបាននិយាយថា ការបិទព្រំដែនជាមួយកម្ពុជា ដើម្បីប្រយុទ្ធជាមួយល្បែងអនឡាញគឺជារឿងអសីលធម៍នយោបាយដ៏ធ្ងន់ធ្ងរក្នុងទំនាក់ទំនងជាមួយប្រទេសជិតខាងដែលរឿងនេះ វាតម្រូវឲ្យមានកិច្ចសហប្រត្តិបតិការ រវាងបណ្តារដ្ឋក្នុងតំបន់ ដើម្បីប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ។

សម្ដេចក៏បានអានព័ត៌មាននៅប៉ុន្មានថ្ងៃមុនដែល ថាក់ សុីន និយាយថា នឹងមិនមានសង្រ្គាមរវាងកងទ័ព នៃប្រទេសទាំងពីរទេ តែនេះគឺជាការប្រកួតមុជទឹក! អ្នកណាមុជបានយូរជាងគឺអ្នកនោះឈ្នះ។

សម្ដេចថា តាមការយល់ ថាក់សុីន ចង់និយាយដល់ការបិទ ព្រំដែន តើអ្នកណាទ្រាំបានយូរជាង។ បើដូចនេះមេក្លោងនៅពីក្រោយការបិទព្រំដែនគឺលោក ថាក់ សុីន នេះឯង។ កម្ពុជាកំដរលែងល្បែងនេះមិនថា ពេលណាត្រូវចប់ ប៉ុន្តែខ្លាចតែអ្នកបបួលលែងល្បែងនេះដួលរលំមុនពេលល្បែងលែងចប់៕

To Top