ព័ត៌មានជាតិ

អគ្គលេខាធិការ គ.ជ.ប អំពាវនាវឱ្យរួមគ្នាលុបបំបាត់ ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ សម័យបច្ចេកវិទ្យា AI ក្នុងដំណើរការបោះឆ្នោត

ភ្នំពេញ៖ លោក ទេព នីថា អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានផ្តាំផ្ញើដល់មន្ត្រី គ.ជ.ប ត្រូវមានការប្រុងប្រយ័ត្នឱ្យបានខ្លាំង​ ចំពោះព័ត៌មាននានាដែលខ្លួនទទួលបាន និងចែកចាយបន្ត ដើម្បីលើកកម្ពស់តម្លាភាពនៃការផ្សព្វផ្សាយព័ត៌មាន និងលុបបំបាត់ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ជាពិសេស ចំពោះការប្រើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ក្នុងដំណើរការបោះឆ្នោត ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គឺមានការកើនឡើងខ្លាំង ដែលអាចបង្កជាការគំរាមកំហែងថ្មី និងគួរឱ្យព្រួយបារម្ភ​ ទាំងមុនពេល ក្នុងពេល និងក្រោយពេលបោះឆ្នោត។ 

ការអំពាវនាវបស់​ អគ្គលេខាធិការ គ.ជ.ប​ ខាងលេីនេះ​ ធ្វេីឡេីងក្នុងឱកាសអញ្ជើញបិទវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពអ្នករាជការ គ.ជ.ប ស្តីពី «ការលើកកម្ពស់ការយល់ដឹងអំពីព័ត៌មានក្លែងក្លាយ​ ពាក់ព័ន្ធនឹងការងារបោះឆ្នោត ក្នុងបរិបទបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)» នៅខេត្តព្រះសីហនុ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥នេះ​។ 

លោក ទេព នីថា បានថ្លែងថា ផ្អែកតាមរបាយការណ៍បូកសរុបលទ្ធផលនៃវគ្គបណ្តុះបណ្តាល សូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវគ្គបណ្តុះបណ្តាល ដែលបានប្រព្រឹត្តទៅដោយរលូន ហើយសិក្ខាកាមទាំងអស់​ ក៏មានការយល់ដឹងកាន់តែច្បាស់អំពីព័ត៌មាន ក្លែងក្លាយក្នុងបរិបទបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ដែលអាចបង្កជាការកំរាមកំហែង​ ដល់ដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត និងការបោះឆ្នោត​ នៅព្រះរាជាណាចក្រកម្ពុជា នាសម័យបដិវត្តិន៍ឧស្សាហកម្ម ៤.០។

លោកថាក្នុងសង្គមប្រជាធិបតេយ្យ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានបានដើរតួនាទីសំខាន់ក្នុងការឃ្លាំមើលសកម្មភាពរបស់អ្នកដឹកនាំ លើកកម្ពស់តម្លាភាព និងទំនួលខុសត្រូវរបស់អ្នកនយោបាយ សំដៅរួមចំណែកអភិវឌ្ឍន៍ប្រទេសឱ្យមានការរីកចម្រើន ព្រមទាំងរាយការណ៍អំពីព្រឹត្តិការណ៍នានា​ ជូនប្រជាពលរដ្ឋបានដឹង​ ដើម្បីធ្វើការសម្រេចផ្នែកនយោបាយ។ ប៉ុន្តែការផ្សព្វផ្សាយព័ត៌មាន​ ក៏អាចជាអាវុធមុខពីរ ដែលបង្កឱ្យមាន ជម្លោះ ការបែកបាក់ អស្ថិរភាពសង្គម និងគំរាមកំហែងដល់សន្តិសុខជាតិ ប្រសិនបើព័ត៌មានទាំងនោះជាព័ត៌មានក្លែងក្លាយ។  

ជាមួយគ្នានេះដែរ លោក ទេព នីថា បានបញ្ជាក់ថា យើងដឹងហើយថា ក្នុងបរិបទនៃសាកលភាវូបនីយកម្ម និងការរីកចម្រើនជឿនលឿននៃបច្ចេកវិទ្យា ព័ត៌មាន ជាពិសេសបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ដែលបានរួមចំណែកយ៉ាងខ្លាំងក្នុងការបង្កើតព័ត៌មាន និងបញ្ជូនព័ត៌មានបានលឿន និងទូលំទូលាយដល់ដៃប្រជាពលរដ្ឋទូទាំងសកលលោក ប៉ុន្តែភាពរីកចម្រើននេះក៏កំពុងបង្កផលប៉ះពាល់អវិជ្ជមានមួយចំនួនដល់ពិភពលោកតាមរយៈរូបភាព ឬសំឡេងក្លែងក្លាយ និងព័តមានក្លែងក្លាយជាដើម។ បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ឬជាភាសាអង់គ្លេសហៅថា Artificial Intelligence (AI) គឺសំដៅទៅលើប្រាជ្ញារបស់ម៉ាស៊ីន ឬកុំព្យូទ័រ ដែលត្រូវបានបង្កើតឡើងដោយយកត្រាប់តាមប្រាជ្ញារបស់មនុស្ស ពោលគឺជាកម្មវិធី ឬប្រព័ន្ធមួយដែលមានសមត្ថភាពធ្វើឱ្យម៉ាស៊ីនមានរបៀបគិតបានដូច ឬស្រដៀងមនុស្ស។

ភ្ជាប់ជាមួយគ្នានេះដែរ លោកក៏លើកឧទាហរណ៍ជាក់ស្តែង ចាប់តាំងពីមានជម្លោះព្រំដែនកម្ពុជា-ថៃ យើងសង្កេតឃើញអ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួនបានបង្កើតព័ត៌មានដោយប្រើបញ្ញាសិប្បនិម្មិត (AI) ដែលមាតិកា ទាំងនោះរួមមានព័ត៌មានជាសំណេរ ជាសំឡេង ជារូបភាពយោធា និងសញ្វវុធ ព្រមទាំងជាឃ្លីបវីដេអូខ្លីៗជាដើម ហើយថ្មីៗនេះមានជនអនាមិកថៃបានកាត់តវីដេអូថ្នាក់ដឹកនាំប្រទេសយើង ដោយប្រឌិតសំឡេងទៅជាភាសាថៃ។

ទន្ទឹមនេះលោកសង្ឃឹមថា​ សិក្ខាកាមទាំងអស់មុននឹងជឿលើព័ត៌មានអ្វីមួយ ត្រូវតែរកព័ត៌មានពីប្រភពផ្សេងទៀតឱ្យបានច្រើនដើម្បីផ្ទៀងផ្ទាត់ថាព័ត៌មានទាំងនោះជាព័ត៌មានពិត ឬក្លែងក្លាយ ឬជាព័ត៌មានដែលបង្កើត​ ដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) និងគួរចៀសវាងចែកចាយបន្ត​ នូវព័ត៌មានក្លែងក្លាយ ដែលអាចគំរាមកំហែងដល់ស្ថាប័ន គ.ជ.ប ការបោះឆ្នោត សន្តិសុខផ្ទាល់ខ្លួន និងសន្តិសុខជាតិជាយថាហេតុ៕

To Top