កំពង់ឆ្នាំង ៖ នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតី សម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផល នៃមជ្ឈមណ្ឌលហ្វឹកហ្វឺន កងរាជអាវុធហត្ថភ្នំជុំសែនរីករាយ និងអបអរសាទរខួបលើកទី៣២ ទិវាកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣-១៤ កក្ដដា ២០២៥)។

ពិធីនេះ ប្រារព្ធឡើងនៅមជ្ឈមណ្ឌល ហ្វឹកហ្វឺនកងរាជអាវុធហត្ថជុំសែនរីករាយ ស្ថិតនៅភូមិច្រកកូវ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។

សូមបញ្ជាក់ថា កងរាជអាវុធហត្ថ ត្រូវបានបង្កើតឡើង តាមព្រះរាជក្រឹត្យលេខ៤៤៦ NS. និង៤៤៧ NS. ដែលមានឈ្មោះដំបូងថា «កងរាជអាវុធហត្ថខ្មែរ» បានធ្វើសកម្មភាពរហូតដល់មុនថ្ងៃទី៥ ខែតុលា ឆ្នាំ១៩៧១ កងរាជអាវុធហត្ថខ្មែរ បានប្តូរឈ្មោះជា «កងអាវុធហត្ថជាតិ»។ ពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ រហូតដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ១៩៩៣ នៅប្រទេសកម្ពុជាពុំមានកងរាជអាវុធហត្ថទេ៕

