ភ្នំពេញ ៖ សម្តេចធិបតី នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានបញ្ជាឲ្យឯកឧត្តម ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងអគ្គមេបញ្ជាការ ត្រូវពិនិត្យមើល គោលការណ៍ពង្រឹង ក្នុងការជ្រើសរើសយោធាចារ្យថ្មី ឲ្យបានច្បាស់លាស់ ។
ក្នុងឱកាសអញ្ជើញជាអធិបតី សម្ពោធដាក់ឲ្យប្រើប្រាស់សមិទ្ធផល នៃមជ្ឈមណ្ឌលហ្វឹកហ្វឺន កងរាជអាវុធហត្ថ ភ្នំជុំសែនរីករាយ និងអបអរសាទរ ខួបលើកទី៣២ ទិវាកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣-១៤ កក្ដដា ២០២៥) នាថ្ងៃ១៤ កក្កដា នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ត្រូវមានការកំណត់ឲ្យបានច្បាស់លាស់ក្នុងការជ្រើសរើសយោធាចារ្យ គឺត្រូវចម្រាញ់យកអ្នក ដែលមានសមត្ថកិច្ចខ្ពស់ និងជំនាញច្បាស់ ព្រោះអង្គភាពហ្វឹកហ្វឺនគឺ ជាទីកន្លែងមួយ ដែលគ្រប់គ្នាចង់ប្រកួតប្រជែងបញ្ចេញសមត្ថភាពទៅបំពេញ បេសកកម្មទាំងក្នុងនិងក្រៅប្រទេស។
សម្តេចនាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត គូសបញ្ជាក់ថា “អីចឹងការហ្វឹកហ្វឺនត្រូវពង្រឹងសាលា និងអង្គភាពហ្វឹកហ្វឺន ដែលយកចិត្តទុកដាក់ទៅលើការគិតគូពីយោធាចារ្យ ។ ខ្ញុំសូមឲ្យក្រសួងការពារជាតិ អគ្គបញ្ជាការ ប្រភេទទ័ព អាចពិនិត្យមើលពីគោលការណ៍នៅក្នុងការរៀបចំពង្រឹងការរើសយោធាចារ្យថ្មី ដើម្បីបន្តវេននិងការបង្សាំគ្នាយ៉ាងម៉េច ។ កន្លងទៅនៅជើងគោកខ្ញុំ បំពេញម្តងគឺរូបមន្ត បើរើសនាយទាហានសកម្ម ដែលចេញពីអ្នកធ្លាប់ មានការបណ្តុះបណ្តាលរួច ហើយយើងរើសបំពេញម្តង” ។
នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែតបញ្ជាក់ទៀថា សូម្បីតែយោធាចារ្យ ក៏ត្រូវការអ្នកបន្តវេនដែរ ព្រោះភារកិច្ចអ្នក បំពេញមុខងារ ជាយោធាចារ្យពេលបញ្ចប់ការងារ ហើយត្រឡប់ទៅអង្គភាពវិញ ក៏ក្លាយទៅជាគ្រូហ្វឹកហ្វឺនផងដែរ ។ ដូច្នេះត្រូវគិតគូឲ្យ បានម៉ត់ចត់លើឯកសារ សង្គតិភាព និងទំនើបកម្មឯកសារហ្វឹនហ្វឺនព្រោះជាកក្តាចាំបាច់ ដែលត្រូវរៀបចំមិនអាចធ្វេសប្រហែលបាននោះទេ ៕
