ព័ត៌មានជាតិ

សម្តេចធិបតី៖ ត្រូវតែពិនិត្យ គិតគូរនៅក្នុង ការបង្កើនថវិកា ការពារជាតិបន្ថែម

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា ទំនើបកម្មកងទ័ព គឺត្រូវការទំនើបកម្ម៣យ៉ាង ទំនើបកម្មរចនាសម្ព័ន្ធ, ទំនើបកម្មការកសាងធនធានមនុស្ស និងទំនើបកម្មគ្រឿងបំពាក់ ដែលកំណែទម្រង់ ដើម្បីអភិវឌ្ឍនេះ ពាក់ព័ន្ធទៅនឹងថវិកាជាតិ ដែលត្រូវពិនិត្យនៅក្នុងការគិតគូរ នៅក្នុងការបង្កើនថវិកា ការពារជាតិ ក្រោយពីកម្ពុជាកន្លងទៅ បានបង្វែលថវិកាការពារជាតិ សម្រាប់​ការចំណាយសង្គម អភិវឌ្ឍធនធានមនុស្ស អប់រំ សុខាភិបាល និងវិស័យផ្សេងៗជាអទិភាព ។

ក្នុងឱកាសអញ្ជើញ ជាអធិបតី សម្ពោធដាក់ ឱ្យប្រើប្រាស់សមិទ្ធផល នៃមជ្ឈមណ្ឌលហ្វឹកហ្វឺន កងរាជអាវុធហត្ថភ្នំជុំសែន រីករាយ និងអបអរសាទរខួបលើកទី៣២ ទិវាកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣-១៤ កក្ដដា ២០២៥) នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥នេះ សម្តេចធិបតី បានថ្លែងថា ការប្រឈមរបស់កម្ពុជា​ រួមទាំងសង្គ្រាមផ្ទៃក្នុងរាប់ទសវត្សន៍កន្លងទៅ ដែលការកសាងកងកម្លាំងក្រោយនយោបាយឈ្នះឈ្នះ និងការប៉ះទង្គិតគ្នាព្រំដែន ឆ្នាំ២០០៨-២០១១ ក៏ជាកត្តារួមផ្សំនៃការ​កំណែទម្រង់កងទ័ព ស្របពេលនៃការប្រឈមជាមួយថៃ នៅឆ្នាំ២០២៥នេះ គឺជាមេរៀនមួយសម្រាប់កម្ពុជា និងជាឱកាសមួយសម្រាប់កម្ពុជា នៅក្នុងការពិនិត្យវាយតម្លៃ និងដាក់ទិសដៅ សម្រាប់ធ្វើការកែទម្រង់កងទ័ព ។

សម្តេចធិបតី សង្កត់ធ្ងន់ថា កម្ពុជា មិនអាចនៅនឹងក្កល់នោះទេ ត្រូវតែដើរទៅមុខជាប្រចាំ ដូចនេះផ្អែកទៅលើកិច្ចការងារ កំណែទ​ម្រង់កងទ័ព ត្រូវធ្វើជាបន្តទៀត ហើយពន្លឿន នៅក្នុងកិច្ចការមួយចំនួន ។

ក្នុងនោះសម្តេចធិបតី បានបញ្ជាក់ថា ការដឹកនាំពង្រឹងទៅលើការកំណែទម្រង់ការពារជាតិនេះ គឺត្រូវការកម្លាំងសរុប ដូចនេះការរៀបចំនៅក្នុងការពិនិត្យវាយតម្លៃ ការពង្រឹង និងទំនើបកម្មកងទ័ព ទៅថ្ងៃមុខ ដើម្បីបង្កើនប្រសិទ្ធភាព គឺត្រូវការទំនើបកម្ម៣យ៉ាង ទំនើបកម្មរចនាសម្ព័ន្ធ ទំនើបកម្មការកសាងធនធានមនុស្ស និងទំនើបកម្មគ្រឿងបំពាក់ សមត្ថភាពបំពាក់ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា “ពាក់ព័ន្ធទៅនឹងថវិកាជាតិ យើងត្រូវពិនិត្យនៅក្នុងការគិតគូរ នៅក្នុងការបង្កើនថវិកាការពារជាតិ នៅក្នុងកម្រិតណាមួយ ក្រោយពីសង្គ្រាម ក្រោយពីនយោបាយឈ្នះឈ្នះ យើងបានបង្វែលថវិកាការពារជាតិ របស់យើងមួយចំនួនធំកាត់បន្ថយចុះ ទៅជាថវិកាសម្រាប់​បង្កើនទៅលើមុខផ្សេងៗ ការចំណាយសង្គម អភិវឌ្ឍធនធានមនុស្ស អប់រំ សុខាភិបាល វិស័យផ្សេងៗ ជាអទិភាព កងទ័ពរបស់យើងកន្លងទៅ អាវុធគ្រាប់យើងគំទិចចោលរាប់តោន កម្លាំងជំនាញជាច្រើនត្រូវបានបាត់បង់ ក្រោយមកយើងចាប់ផ្តើមកសាង ក្រោយពីសមាហរណកម្ម ក្រោយពីនយោបាយឈ្នះឈ្នះឡើងវិញ ពី៩៣រហូត៩៨យើងគំទិចច្រើនណាស់ យើងរំសាយច្រើន ឥឡូវយើងចាប់ផ្តើមបន្តទៀត ចឹងការគិតគូពីថវិកាជាតិ នៅក្នុងវិស័យការពារជាតិនៅសំខាន់ ប៉ុន្តែចាយទៅអីឱ្យចំគោលដៅ ។

បន្ថែមលើនេះ សម្តេចធិបតី បញ្ជាក់ថា ការធ្វើរចនាសម្ព័ន្ធ ត្រូវធ្វើទំនើបកម្ម ឱ្យស្របតាមសំណូមពរភារកិច្ច និងបេសកកម្មការពារជាតិ ការពារ​បូរណភាពទឹកដី ប្រឆាំងនឹងការប៉ុនប៉ង ឈ្លានពាននានា ខណៈការពារជាតិរបស់កម្ពុជា ការកសាងកងព័ទរបស់កម្ពុជា មិនមែនសម្រាប់ទៅវៃដណ្តើមដីអ្នកណាទេ ប៉ុន្តែការការពារទឹកដីរបស់កម្ពុជា៕

To Top