ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រី ឱ្យធ្វើវិសោធនកម្មច្បាប់ កាតព្វកិច្ចយោធា ពី១៨ខែទៅ២៤ខែ និងត្រៀមអនុវត្តចាប់ពីឆ្នាំ២០២៦តទៅ

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានឱ្យគោលការណ៍ ធ្វើវិសោធនកម្មច្បាប់កាតព្វកិច្ចយោធាឆ្នាំ២០០៦ ឈានទៅដល់អនុវត្តឆ្នាំ២០២៦ ដោយឱ្យចូលហ្វឹកហ្វឺនពី១៨ខែ (ក្នុងច្បាប់ឆ្នាំ២០០៦) កែឱ្យទៅ២៤ខែ ។

ការប្រកាសរបស់សម្តេចធិបតី ខាងលើនេះ ធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតី សម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផល នៃមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ និងអបអរសាទរខួបលើកទី៣២ ទិវាកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣-១៤ កក្ដដា ២០២៥) នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥នេះ ។

ថ្លែងក្នុងឱកាសនោះ សម្តេចធិបតី បានថ្លែងថា ផ្នែកទៅលើលទ្ធភាពថវិកាបច្ចុប្បន្ន បូកជាមួយនឹងស្ថានភាពនៃការគ្រប់គ្រង សម្តេចបាឱ្យគោលការណ៍ ធ្វើវិសោធនកម្មច្បាប់កាតព្វកិច្ចយោធាឆ្នាំ២០០៦ ដោយត្រូវកែដើម្បីយើងឈានទៅដល់ការអនុវត្តឆ្នាំ២០២៦ ។ ក្នុងន័យនេះឆ្នាំ២០២៦តទៅ នឹងត្រូវអនុវត្តច្បាប់កាតព្វកិច្ចយោធា ដែលនេះគឺការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ខណៈច្បាប់នេះ មានតាំងពីឆ្នាំ២០០៦ និងអនុវត្តនៅ២០២៦ គឺមានរយៈ២០ឆ្នាំគត់ ។

សម្តេចធិបតី នាយករដ្ឋមន្ត្រី មានប្រសាសន៍ថា “ខ្ញុំឱ្យកែ ពិនិត្យមើលមួយចំនួនថា វាស្របបច្ចុប្បន្នឥឡូវច្បាប់ចាស់ ឧទាហរណ៍យើងអនុវត្ត១៨ខែ បើសិនជាយើងគិតមើលគ្រាន់តែរើស ហើយមកហ្វឹកហ្វឺនហើយបំពេញ១៨ខែ គឺតិចអស់បាត់ហើយ ចឹងឱ្យគិតគូមើលដើម្បីកែឱ្យទៅ២៤ខែ ទើបសមសម្រប ហើយប្រទេសភាគច្រើន ២៤ខែ ព្រោះគ្រាន់តែយើងហ្វឹកហ្វឺនចល័តចុះចល័តឡើងអស់៥ទៅ៦ខែបាត់ទៅហើយ ទៅបំពេញ១៨ខែទៀត ចឹងគឺនេះនឹងត្រូវអនុវត្តពីឆ្នាំក្រោយ” ។

បន្ថែមលើនេះ សម្តេចធិបតី បានគូសបញ្ជាក់ថា ការអនុវត្តកាតព្វកិច្ចយោធានឹងជួយបង្កើនបរិមាណសាច់ទ័ព និងបង្កើនប្រសិទ្ធភាពក្នុងការបំពេញសាច់ទ័ព ។

សូមបញ្ជាក់ថា យោងតាមច្បាប់ស្តីពីកាតព្វកិច្ចយោធា ឆ្នាំ២០០៦ ក្នុងជំពូកទី១ មានត្រាទី២ បានបញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរគ្រប់រូបទាំងពីរភេទ ដែលមានអាយុពី១៨ ដល់៣០ឆ្នាំ ត្រូវបំពេញកាតព្វកិច្ចយោធា តាមការកំណត់នៃច្បាប់ និងការបំពេញកាតព្វកិច្ចយោធា របស់ប្រជាពលរដ្ឋខ្មែរជាស្ត្រីភេទគ្រប់រូប ត្រូវផ្អែកតាមការស្ម័គ្រចិត្ត ក្នុងនោះបំពេញកាតព្វកិច្ចយោធា មានរយៈពេល១៨ខែ គិតចាប់ពីថ្ងៃចូលបំពេញកាតព្វកិច្ច៕

To Top