ភ្នំពេញ ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពគម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងបំពាក់ឧបករណ៍វេជ្ជសាស្រ្ត សម្រាប់មន្ទីរពេទ្យបង្អែកកម្រិត១ និងកម្រិត២ (CPA1 & CPA2) ចំនួន៦១មន្ទីរពេទ្យ ក្រោមការចង្អុលបង្ហាញ និងណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា។
គោលបំណងនៃកិច្ចប្រជុំនេះ ដើម្បីពិនិត្យមើលវឌ្ឍនភាពនៃការអនុវត្តគម្រោង ពិនិត្យមើលបញ្ហាប្រឈម និងដំណោះស្រាយ ដើម្បីធ្វើយ៉ាងណាឲ្យគម្រោងអនុវត្តតាមផែនការ និងបញ្ចប់តាមពេលវេលាដែលបានកំណត់។
សាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានផ្តល់អនុសាសន៍ណែនាំឲ្យថ្នាក់ដឹកនាំទទួលបន្ទុក និងក្រុមការងារជំនាញ ជំរុញពន្លឿនការអនុវត្តនីតីវិធី តាមផែនការគ្រោងទុក និងត្រូវមានការរាយការណ៍ឲ្យបានទៀតទាត់ពីវឌ្ឍនភាពនៃគម្រោងនេះ។ សាស្ត្រាចារ្យរដ្ឋមន្ត្រី ក៏បានកោតសសើរ ចំពោះការខិតខំបំពេញការងាររបស់ក្រុមការងារកន្លងមក និងការប្តេជ្ញាចិត្តក្នុងការបន្តបេសកកម្មរបស់ខ្លួន ឲ្យកាន់តែប្រសើរឡើងថែមទៀត៕




