ព័ត៌មានជាតិ

សមាជិកព្រឹទ្ធសភា ៥៨រូប ឯកភាពទាំងស្រុងលើសេចក្តីស្នើច្បាប់ វិសោធនកម្មដកសញ្ជាតិ

ភ្នំពេញ៖ សមាជិកព្រឹទ្ធសភា៥៨រូប ក្នុងចំណោម៦០រូប បានឯកភាពទាំងស្រុងលើសេចក្តីស្នើច្បាប់វិសោធនកម្មដកសញ្ជាតិដោយឥតកែប្រែ នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។

យោងតាមសេចក្តីប្រកាសស្តីពីលទ្ធផលនៃកិច្ចប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥ នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥បានឲ្យដឹងថា លោកស្រី ចាន់ សុទ្ធាវី ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃព្រឹទ្ធសភា បានអញ្ជើញឡើងរាយការណ៍អំពីលទ្ធផលនៃការពិនិត្យសិក្សាសេចក្តីស្នើច្បាប់នេះ និងមានសមាជិកព្រឹទ្ធសភាចំនួន៥រូប បានឡើងមានយោបល់ ព្រមទាំងមានការឆ្លើយបំភ្លឺជូនអង្គប្រជុំព្រឹទ្ធសភាពីសំណាក់លោក អង្គ វង្ស វឌ្ឍនា តំណាងក្រុមតំណាងរាស្ត្រហត្ថលេខី និងលោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ។

ជាលទ្ធផលអង្គប្រជុំព្រឹទ្ធសភា បានពិនិត្យហើយឲ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីស្នើច្បាប់ ទាំងមូល ដោយឥតកែប្រែចំនួន ៥៨សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។

សេចក្តីស្នើច្បាប់ធម្មនុញ្ញនេះ ជាឧបករណ៍គតិយុត្តដ៏សំខាន់ ដើម្បីធានានិងការពារសន្តិភាព ស្ថិរភាព អធិបតេយ្យជាតិ ទប់ស្កាត់ ប្រឆាំងនឹងការជ្រៀតជ្រែកពីខាងក្រៅចូលមកក្នុងកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ជាពិសេសការប្រឆាំងនឹងអំពើក្បត់ជាតិ និងអំពើគប់គិតជាមួយបរទេស ដែលធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សន្តិសុខជាតិ និងឧត្តមប្រយោជន៍ជាតិ។ ការធ្វើវិសោធនកម្ម មាត្រា៣៣ នៃរដ្ឋធម្មនុញ្ញកម្ពុជានេះ បានបង្ហាញឲ្យឃើញអំពីភាពរឹងមាំនៃក្របខ័ណ្ឌច្បាប់ក្នុងការពង្រឹងកិច្ចការពារជាតិ ស្របតាមស្តង់ដារ និងនិយាមអន្តរជាតិ។

គួរធ្វើការកត់សម្គាល់ថា នាពេលថ្មីៗនេះ ស្ថិតក្នុងស្ថានភាពដែលប្រទេសជាតិកំពុងប្រឈមនឹងការឈ្លានពានទឹកដី ហើយនៅពេលដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងខិតខំ ប្រឹងប្រែងទប់ស្កាត់ការគំរាមកំហែងដ៏ស្មុគស្មាញពីបរទេស ដើម្បីរក្សាការពារអធិបតេយ្យជាតិ បូរណភាពទឹកដី សន្តិភាព ស្ថិរភាព និងសុវត្ថិភាពជូនប្រជាពលរដ្ឋ បែរជាជនជ្រុលនិយមមួយក្តាប់តូច គប់គិតជាមួយបរទេស ព្យាយាមបិទបាំងអំពើឈ្លានពានរបស់បរទេស បកស្រាយព្រឹត្តិការណ៍ ខុសស្រឡះពីការពិត និងធ្វើសកម្មភាពប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ផលប្រយោជន៍ជាតិ និង ប្រជាពលរដ្ឋ ដែលនេះឆ្លុះបញ្ចាំងឲ្យឃើញយ៉ាងជាក់ស្តែងពីភាពគ្មានទំនួលខុសត្រូវចំពោះជាតិ និងបំផ្លាញផលប្រយោជន៍ជាតិខ្លួនឯង៕

To Top