ភ្នំពេញ ៖ថ្មីៗនេះ ក្រសួងមហាផ្ទៃ បានចេញលិខិតដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវប្លង់បង្គន់អនាម័យស្តង់ដាប្រកបដោយបរិយាបន្ន នៅតាមសាលាឃុំ សង្កាត់ ទូទាំងប្រទេស។

ដើម្បីឱ្យមានការឯកភាពគ្នាលើការប្រើប្រាស់ប្លង់បង្គន់អនាម័យស្ដង់ដាប្រកបដោយបរិយាបន្ននេះទូទាំងប្រទេស ក្រសួងមហាផ្ទៃ ក៏បានស្នើរដ្ឋបាលរាជធានី ខេត្ត អនុវត្តនូវកិច្ចការមួយចំនួន ដូចជា ៖
១-ផ្សព្វផ្សាយដល់រដ្ឋបាលឃុំ សង្កាត់ និងអ្នកពាក់ព័ន្ធឱ្យបានយល់ដឹងអំពីអត្ថប្រយោជន៍នៃប្លង់បង្គន់ អនាម័យស្តង់ដាប្រកបដោយបរិយាបន្ន ដូចមានភ្ជាប់ជាមួយសេចក្តីជូនដំណឹងនេះ។
២-ករណីរដ្ឋបាលឃុំ សង្កាត់មានផែនការ ឬតម្រូវការចាំបាច់ក្នុងការសាងសង់បង្គន់នៅតាមសាលាឃុំ សង្កាត់ ត្រូវចាត់ចែងអនុវត្តឱ្យបានត្រឹមត្រូវតាមប្លង់បង្គន់អនាម័យស្តង់ដាប្រកបដោយបរិយាបន្ននេះ។
៣-បង្កលក្ខណៈដល់រដ្ឋបាលឃុំ សង្កាត់ក្នុងការកៀរគរការគាំទ្រពីអង្គការដៃគូអភិវឌ្ឍន៍ អង្គការ សង្គមស៊ីវិល សប្បុរសជន និងពីប្រភពស្របច្បាប់ផ្សេងៗទៀត ដើម្បីចូលរួមសាងសង់។
៤-ក្នុងពេលដំណើរការសាងសង់ រដ្ឋបាលរាជធានី ខេត្ត អាចស្នើមកអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួង មហាផ្ទៃ ដើម្បីស្នើសុំការគាំទ្រពិនិត្យផ្នែកបច្ចេកទេស និងរចនាបថឱ្យបានត្រឹមត្រូវស្របតាមគំរូប្លង់ជាធរមាន។


សូមបញ្ជាក់ថា ក្រសួងមហាផ្ទៃ ដោយសហការជាមួយ អង្គការក្លែនអន្តរជាតិកម្ពុជា បានសិក្សា និងគូរប្លង់ បង្គន់អនាម័យស្តង់ដាប្រកបដោយបរិយាបន្ននៅតាមសាលាឃុំ សង្កាត់ ក្នុងគោលបំណង ដើម្បីលើកកម្ពស់អនាម័យបរិស្ថាន និងសោភណភាពនៅតាមមូលដ្ឋាន សម្រួលដល់ប្រជាពលរដ្ឋ ចាស់ជរា ស្ត្រីមានផ្ទៃពោះ កុមារ ជនមានពិការភាពដែលមកស្នើសុំនិងទទួលសេវារដ្ឋបាល នៅសាលាឃុំ សង្កាត់ និងសម្រាប់បម្រើដល់សមាជិកក្រុមប្រឹក្សា បុគ្គលិកបម្រើការងារនៅរដ្ឋបាលឃុំ សង្កាត់អាចប្រើប្រាស់បានសមរម្យ ប្រកបដោយអនាម័យ និងផាសុកភាព៕
