ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានលើកឡើងថា មន្រ្តីសុខាភិបាល ត្រូវមានស្មារតីបុរេ សកម្មជាប់ជាប្រចាំ និងប្រកបដោយគុណភាពការងារ ក្នុងនាមអ្នកបម្រើសេវាសុខាភិបាល ជូនប្រជាពលរដ្ឋ។
នេះជាប្រសាសន៍របស់លោករដ្ឋមន្រ្តី ក្នុងឱកាសដឹកនាំកិច្ចប្រជុំ កម្រិតថ្នាក់ដឹកនាំលើកទី១ នៃខែកក្កដា ពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅ ការងារបន្តនាថ្ងៃ១៤ កក្កដា ។

សាស្ត្រាចារ្យរដ្ឋមន្រ្តី បានក្រើនរំលឹកដល់ថ្នាក់ដឹកនាំមន្ទីរពេទ្យ ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ ដោយត្រូវអនុវត្តឲ្យបានខ្ចាប់ខ្ជួន និងត្រូវប្រជុំផ្សព្វផ្សាយដល់មន្រ្តីរាជការ បុគ្គលិកបម្រើការងារទាំងអស់ឲ្យបានយល់ ស្របតាមគោលការណ៍ របស់ក្រសួង ដោយត្រូវប្រើប្រាស់ភាសាតែមួយ និងអនុវត្តខ្លឹមសារមួយ ចៀសវាងការអនុវត្ត ដាច់ដោយផ្នែកៗ។ ទន្ទឹមនឹងនេះ ត្រូវបង្កើន ការយកចិត្តទុកដាក់ខ្ពស់លើឯកសារលិខិតស្នាម ដោយត្រូវរៀបចំនិងពិនិត្យ ឲ្យច្បាស់លាស់ មុននឹងដាក់ឲ្យប្រើប្រាស់ ដើម្បីស្របតាមគោលការណ៍ណែនាំ របស់ក្រសួងសុខាភិបាល និងប្រមុខរាជរដ្ឋាភិបាល ។

សាស្រ្តាចារ្យ បានណែនាំដល់ ប្រធានអង្គភាព មន្ទីរសុខាភិបាលរាជធានី-ខេត្ត ត្រូវពង្រឹងការអនុវត្តការងារក្នុងដែន សមត្ថកិច្ចរបស់ខ្លួន ប្រកបដោយប្រសិទ្ធភាព គុណភាព និងដោយស្មារតីបុរេសកម្ម ជាជាងប្រតិកម្ម ហើយត្រូវដោះស្រាយបញ្ហាភ្លាមៗ ឲ្យបានលឿនទាន់ពេលវេលា ដើម្បីឆ្លើយតបទាន់សភាពការណ៍។

សាស្រ្តាចារ្យ បានណែនាំបន្ថែមដល់ថ្នាក់ ដឹកនាំមន្ទីរពេទ្យ ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ដល់ប្រជាពលរដ្ឋ និងអ្នកជំងឺបសស អ្នកជំងឺមូលនិធិសមធម៌ ក្នុងការសម្របសម្រួលដល់ប្រជាពលរដ្ឋ ដើម្បីបង្កឲ្យមានភាពងាយស្រួល លំហូច្បាស់លាស់។ បន្ថែមពីនេះ ត្រូវបម្រើសេវាជូនប្រជាពលរដ្ឋ ឬអ្នកជំងឺ ដោយឥរិយាបថ កាយវិការល្អ ត្រូវស្តាប់រាល់ការលើកឡើងរបស់អ្នកជំងឺ ដើម្បីជាផ្នែកមួយជួយដល់ការយល់អំពីស្ថានភាពរបស់អ្នកជំងឺកាន់តែច្បាស់លាស់ មុននឹងធ្វើការសន្និដ្ឋានបានត្រឹមត្រូវសមស្រប ។ លើសពីនេះ ត្រូវបង្កើនការយកចិត្តទុកដាក់បន្ថែមទៀត អំពីបញ្ហាសុខភាពមាតា កុមារ ទារក ដោយត្រូវពិនិត្យតាមដានស្វែងរកគ្រប់ករណី អំពីបញ្ហាប្រឈមអត្រាមរណមាតា និងទារក ដើម្បីរកដំណោះស្រាយ រួមគ្នាក្នុងការលើកកម្ពស់សុខភាពមាតា ទារកឲ្យកាន់តែប្រសើរឡើង៕









