ព័ត៌មានជាតិ

បណ្ឌិត កៅ ថាច ស្នើឲ្យម្ចាស់ឡសម្ងួតពោតក្រហមធំៗ និងឃ្លាំងស្តុក ក្នុងខេត្តប៉ៃលិន បាត់តំបង និងបន្ទាយមានជ័យ ជួយបង្កើនការទិញពោតពីកសិករ ឲ្យអស់ពីលទ្ធភាព និងស្របតាមតម្លៃទីផ្សារ

ភ្នំពេញ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួកបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និង តំណាងក្រុមហ៊ុនហង្ស ហាវេស នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ បានអញ្ជើញចុះពិនិត្យមើល ឡសម្ងួត និងឃ្លាំងស្តុកទុកពោតក្រហមធំៗស្ថិតនៅក្នុងទីតាំងមួយចំនួន ក្នុងមូលដ្ឋានស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ និងស្រុកសាលាក្រៅ ខេត្តប៉ៃលិន និងនៅឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង។

ក្នុងឱកាសអញ្ជើញចុះពិនិត្យ នៅបណ្តាខេត្តជាប់តាមបណ្តោយព្រំដែនកម្ពុជា-ថៃ បណ្ឌិត កៅ ថាច បានស្នើសុំឲ្យម្ចាស់ សីឡូ ទទួលទិញពោតក្រហម ក្នុងខេត្តប៉ៃលិន បាត់ដំបង និងបន្ទាយមានជ័យ សូមជួយបន្តទិញ ពោតក្រហម ឲ្យបានកាន់តែច្រើនពីកសិករ អោយអស់ពីលទ្ធភាព និងស្របតាមតម្លៃទីផ្សារ ជាពិសេស នៅចុងខែកក្កដាខាងមុខនេះគឺដល់ការប្រមូលផលពេញធំ។​ បន្ថែមពីនេះ សូមទាំងអស់គ្នា មេត្តា​ជួយទិញតម្លៃពី​ ៥៣០៛​ ឡើងទៅ​ គឺកសិករនឹងមិនខាតនោះទេ។

សម្រាប់លោកបណ្ឌិត កៅ ថាច ក្នុងឱកាសនោះក៏បានស្នើសុំអោយម្ចាស់សីឡូ ប្រើប្រាស់រូបិយវត្ថុជាតិគឺប្រាក់រៀល ក្នុងប្រតិបត្តិការទិញ-លក់កសិផលដើម្បីកាត់បន្ថយនូវហានិភ័យនៃអត្រាប្តូរប្រាក់ផងដែរ ៕

To Top