ភ្នំពេញ ៖ សម្តេច ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានថ្លែងថា អាស៊ាន ដើរតួនាទីកាន់តែសំខាន់ ក្នុងការបង្កើនគោលការណ៍ ពហុភាគីនិយម ខណៈអាស៊ាន គឺជាពន្លឺសន្តិភាព ស្ថិរភាព និងវិបុលភាព ។

ក្នុងពិធីទទួលជួបសវនាការ និងស្វាគមន៍ជាមួយប្រធានគណៈប្រតិភូបរទេស ដែលបានអញ្ជើញ ចូលរួមកិច្ចប្រជុំ AIPA Caucus នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ សម្តេច ប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា ”យើងមានមោទនភាព ចំពោះសមិទ្ធផលរបស់ AIPA សម្រេចបាននិងកំពុងបន្តឆ្ពោះ ទៅមុខកាន់តែស្វាហាប់ ក្នុងកិច្ចសហប្រតិបត្តិការយ៉ាងសកម្មជាមួយអាស៊ាន ដៃគូក្នុងតំបន់ និងអន្តរជាតិផ្សេងទៀត ។ ជាការពិតណាស់ យើងត្រូវខិតខំបន្ថែមទៀត ដើម្បីរក្សាកិច្ចសហប្រតិបត្តិការ ក្នុងការពង្រីកបេសកកម្ម របស់យើងដើម្បីប្រជាពលរដ្ឋ”។

សម្តេច ប្រធានរដ្ឋសភា បន្ដថា ចំណងមិត្តភាព និង មិត្តភាពផ្ទាល់ខ្លួន គឺជាមូលដ្ឋានគ្រឹះ នៃកិច្ចសហប្រតិបត្តិការ អន្តរជាតិនិងការកសាងសហគមន៍។ មិត្តភាព និងសាមគ្គីភាព នឹងបន្តកាន់តែស៊ីជម្រៅ និងលើកកម្ពស់បន្ថែមទៀត ដើម្បីផលប្រយោជន៍រួមក្នុងតំបន់និងសកលលោក។ បច្ចុប្បន្ននេះ ពិភពលោកកំពុងស្ថិតក្នុងដំណាក់កាលដ៏សំខាន់មួយ ដែលអភិបាលកិច្ចសកល និងសណ្តាប់ធ្នាប់អន្តរជាតិ ដែលផ្អែកលើច្បាប់បានកំពុងធ្លាក់ចុះ។

សម្តេច ឃួន សុដារី បានមានប្រសាសន៍ថា “យើងត្រូវស្តារឡើងវិញ និងបង្កើនគោលការណ៍ពហុភាគីនិយមដែលបើកចំហ និងបរិយាបន្ន។ អាស៊ានដើរតួនាទីកាន់តែសំខាន់ក្នុងរឿងនេះ។ អាស៊ានគឺជាពន្លឺសន្តិភាព ស្ថិរភាព និងវិបុលភាព”។

ជាមួយគ្នានេះដែរ សម្តេច ប្រធានរដ្ឋសភា បានលើកឡើងថា អំឡុងពេល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានថ្លែងក្នុងបាឋកថា នៅលេខាធិការដ្ឋានអាស៊ាននៅប្រទេសឥណ្ឌូនេស៊ី កាលពីពេលថ្មីៗនេះថា អាស៊ាន គឺជាប៉ូលនយោបាយ និងសេដ្ឋកិច្ចដ៏សំខាន់មួយនៅក្នុងពិភពលោក។ ជាក់ស្តែង អាស៊ានមានប្រជាជនប្រមាណ ៧០០លាននាក់ ហើយជាតំបន់មានសក្តានុពលសេដ្ឋកិច្ចខ្ពស់៕
