ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ប្រាប់ទូតកូរ៉េ ថា កម្ពុជា ជាប្រទេសតូច តែមានកម្លាំងទិញធំ

ភ្នំពេញ ៖ សម្ដេចតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានថ្លែងប្រាប់ទូតរ៉េ ថា កម្ពុជា ជាប្រទេសតូច ប៉ុន្តែមានកម្លាំងទិញធំ ដោយកម្ពុជា បាននាំចូលទំនិញច្រើនពីកូរ៉េ ប៉ុន្តែទន្ទឹមគ្នានេះ ក៏មានកំណើនទេសចរកូរ៉េ មកទស្សនាកម្ពុជាច្រើនផងដែរ ។

ការលើកឡើងរបស់ សម្ដេចតេជោហ៊ុន សែន នាឱកាសអនុញ្ញាតឱ្យ លោក PARK Jung-Wook ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសមនិងជម្រាបលា នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ នាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥។

ក្នុងជំនួបនោះដែរ លោកឯកអគ្គរដ្ឋទូត បានលើកឡើងអំពីសមិទ្ធផល ដែលគួរឱ្យកត់សម្គាល់ ដែលប្រទេសទាំងពីរ សម្រេចបាន ដូចជា កំណើនពាណិជ្ជកម្មទ្វេភាគី ការកៀរគរវិនិយោគិនកូរ៉េមកកម្ពុជា តាមរយៈរៀបចំវេទិកាវិនិយោគ និងធុរកិច្ច និងកិច្ចពិគ្រោះយោបល់ជាប្រចាំជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ ការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចសហប្រតិបត្តិការ នៃការអនុវត្តគម្រោងនានា ក្រោមកម្ចី ODA រួមទាំងគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ជាដើម។

លោក ឯកអគ្គរដ្ឋទូត បានគូសបញ្ជាក់ថា «វឌ្ឍនភាពទាំងនេះនឹងមិនអាចកើតឡើងបាននោះទេ ប្រសិនបើគ្មានការរួមចំណែក និងគាំទ្រពីភាគីកម្ពុជា»។

ជាការឆ្លើយតប សម្តេចតេជោ បានសម្តែងនូវក្តីរីករាយ ចំពោះវឌ្ឍនភាពទាំងឡាយ ដែល លោកឯកអគ្គរដ្ឋទូត បានខិតខំជំរុញ និង បានបញ្ជាក់ថា «ទោះបីទំនាក់ទំនងរវាង កម្ពុជា-កូរ៉េ មានស្ថានភាពឡើងចុះ ប៉ុន្តែជាទំនាក់ទំនង មួយយ៉ាងឆាប់រហ័ស និងមានល្បឿនលឿន បន្ទាប់ពីការផ្សាភ្ជាប់ទំនាក់ទំនង ការទូតពេញលេញនៅឆ្នាំ១៩៩៧»។

សម្តេច បានរំលេចថា ស្ទើរគ្រប់វិស័យកិច្ចសហប្រតិបត្តិការ មានការកើនឡើង ក្នុងនោះ ទំហំពាណិជ្ជកម្មទ្វេភាគី មានការកើនឡើង ចំណែកឯវិនិយោគកូរ៉េក៏មានកើនឡើង ។ ជើងហោះហើរកម្ពុជា-កូរ៉េ ក៏បានបន្តរក្សាភ្ជាប់ ទោះជានៅក្នុង អំឡុង ពេលមានការរីករាលជំងឺកូវីដ-១៩ នៅខណៈដែលមានការបិទខ្ទប់ ការធ្វើដំណើរតាមច្រកផ្លូវផ្សេងៗ។ ជាមួយនឹងការថ្លែងអំណរគុណសម្តេចបានចង្អុលបង្ហាញ ជាការពិចារណាឱ្យប្រទេសទាំងពីរ ធ្វើកិច្ចសហប្រតិបត្តិការ ដែលបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមក ។

សម្ដេច មានប្រសាសន៍ថា « ជាក់ស្តែង កម្ពុជាជាប្រទេសតូច ប៉ុន្តែមានកម្លាំងទិញធំ ដោយកម្ពុជាបាននាំចូល ទំនិញច្រើនពីកូរ៉េ ប៉ុន្តែទន្ទឹមគ្នានេះ ក៏មានកំណើនទេសចរកូរ៉េ មកទស្សនាកម្ពុជាច្រើនផងដែរ។ បន្ថែមពីលើនេះ សម្តេច បានសម្តែងនូវក្តីរំពឹងទុកថា ដោយឆ្នាំ២០២៧ គឺជាគម្រប់ខួប៣០ឆ្នាំ នៃការបង្កើតចំណងការទូតកម្ពុជា-កូរ៉េ ប្រទេសទាំងពីរនឹងអាចលើកកម្ពស់ ទំនាក់ទំនងខ្លួនទៅជាភាព ជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ»៕

To Top