ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលជួបគណៈប្រតិភូនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលដឹកនាំដោយ លោក Phongsaysack INTHALATH អនុរដ្ឋមន្រ្តីក្រសួងការងារ និង សុខុមាលភាពសង្គម ដើម្បីពិភាក្សាការងារ និងចែករំលែកបទពិសោធ ទាក់ទងការគ្រប់គ្រងគាំពារសង្គម នៅទីស្ដីការក្រសួង នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥។

កិច្ចពិភាក្សានាព្រឹកនេះ លោករដ្ឋមន្រ្តី ហេង សួរ បានចែករំលែកបទពិសោធ ទាក់ទងក្របខណ្ឌអភិបាលកិច្ច និងរចនាសម្ព័ន្ធរបស់ក្រុមប្រឹក្សាជាតិ គាំពារសង្គម ក្នុងការគ្រប់គ្រង គាំពារសង្គមកម្ពុជា វិសាលភាពគោលនយោបាយសន្ដិសុខសង្គម និងសុខុមាលភាពសង្គម នៅព្រះរាជាណាចក្រកម្ពុជា ទៅដល់គណៈប្រតិភូឡាវដែលកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា។
លោករដ្ឋមន្រ្តីបានបញ្ជាក់ថា៖«ក្រសួងយើងទាំងពីរ ទាំងនៅប្រទេសកម្ពុជា និងប្រទេសឡាវ គឺមានវិសាលភាពគ្របដណ្ដប់ ទៅលើវិស័យសន្ដិសុខសង្គមដូចគ្នា។ ដូច្នេះគឺជារឿងមួយមានសារប្រយោជន៍ ដែលយើងបានជួបគ្នា និងអាចផ្លាស់ប្ដូរបទពិសោធ ក៏ដូចជាចែករំលែកទស្សនវិស័យពាក់ព័ន្ធ របបសន្ដិសុខសង្គម ហើយការអនុវត្តរបបសន្ដិសុខសង្គមនៅឡាវ និងកម្ពុជា ក៏មានស្ថានភាព លក្ខណៈប្រហាក់ប្រហែលគ្នាដែរ»។

បន្ថែមលើការចែករំលែកបទពិសោធនេះ លោករដ្ឋមន្រ្តី បានផ្ដល់អនុសាសន៍ឱ្យមន្រ្តីជំនាញ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងការងារ និងសុខុមាលភាពសង្គម នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បង្កើនកិច្ចសហប្រតិបត្តិការ ជាមួយគ្នាឱ្យបានជិតស្និទ្ធបន្ថែមទៀត ដើម្បីចែករំលែក ផ្លាស់ប្ដូរបទពិសោធទាក់ទងបច្ចេកទេស នៃការគ្រប់គ្រងអភិបាលកិច្ច និងការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗជាច្រើនទៀត។

ជាការឆ្លើយតប លោក Phongsaysack INTHALATH អនុរដ្ឋមន្រ្តីក្រសួងការងារ និងសុខុមាលភាពសង្គមនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានថ្លែងអំណរគុណ លោករដ្ឋមន្រ្តី ហេង សួរ ដែលបានចំណាយពេលវេលា ចែករំលែកបទពិសោធទាក់ទង ការគ្រប់គ្រងរបបសន្ដិសុខ សង្គមដល់គណៈប្រតិភូឡាវ។

លោក Phongsaysack បានបន្ថែមថា តាមរយៈជំនួបនាព្រឹកនេះ ឯកឧត្តមនឹងដកស្រង់បទពិសោធដែលលោករដ្ឋមន្ត្រី ហេង សួរ បានផ្តល់ជូនទៅអនុវត្ត តាមស្ថានភាពជាក់ស្ដែងទាក់ទង ការគ្រប់គ្រងអភិបាលកិច្ច និងការអនុវត្តរបបសន្ដិសុខសង្គមនៅប្រទេសឡាវ ដើម្បីលើកកម្ពស់ជីវភាព ប្រជាជន៕





