ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ត្រី ស សុខា អញ្ជើញសម្ពោធអគារ និងចម្អិនអាហារ ជូនលោកគ្រូ អ្នកគ្រូ និងសិស្ស នៅសាលាមត្តេយ្យសិក្សាជីផុច

ព្រៃវែង ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និង លោកស្រី កែ សួនសុភី ស សុខា បានអញ្ជើញជាអធិបតី ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សា ១ខ្នង មាន ៤បន្ទប់ នៅសាលាមត្តេយ្យសិក្សាជីផុច ស្ថិតនៅឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែង។

អគារសាលាមត្តេយ្យនេះ ផ្ដួចផ្ដើមកសាងដោយសម្ដេចក្រឡាហោម ស ខេង និងលោកស្រី ញ៉ែម សាខន សខេង រួមទាំង លោក លោកស្រី ក្រុមការងារពាក់ព័ន្ធ ក្រោមការដឹកនាំសម្របសម្រួលពី លោកឧបនាយករដ្ឋមន្ត្រី ស សុខា និងលោកស្រី ដោយចំណាយទឹកប្រាក់សាងសង់ប្រមាណជាង ៨ម៉ឺនដុល្លារ។

មានប្រសាសន៍សំណេះសំណាល នៃឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានចាត់ទុកសមិទ្ធផលថ្មីមួយនេះ ថាទឡ្ហីករណ៍ជាក់ស្ដែង នៃការយកចិត្តទុកដាក់ពង្រឹងវិស័យអប់រំ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ឈរលើមូលដ្ឋានមរតក នយោបាយដឹកនាំដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី។

លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានថ្លែងអំណរគុណ ថ្នាក់ដឹកនាំ ក្រុមការងារ រួមទាំងសប្បុរសជន ដែលបានចូលរួមគាំទ្រ សាងសង់អគារសិក្សាសាលាមត្តេយ្យនេះ និងសង្ឃឹមជឿជាក់ថា អគារសិក្សាថ្មីនេះ នឹងរួមចំណែកផ្ដល់បរិយាកាស កាន់តែប្រសើរសម្រាប់ការបង្រៀន និងរៀនរបស់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ជាពិសេសកុមារតូចៗ ដែលជាទំពាំងស្នងឬស្សី។

យោងតាមរបាយការណ៍លោក ហ៊ន សុផាត អភិបាល នៃគណៈអភិបាលស្រុកមេសាង ស្រុកមេសាង មានគ្រឹះស្ថានសិក្សា ចំនួន ៦៥កន្លែង ក្នុងនោះមាន មត្តេយ្យដាច់១កន្លែង មត្តេយ្យសហគមន៍២២កន្លែង សាលាបឋមសិក្សា ៥៥កន្លែង អនុវិទ្យាល័យ៦កន្លែង វិទ្យាល័យ៣កន្លែង និងមានមជ្ឈមណ្ឌល សិក្សា១កន្លែង ។ លោកអះអាងថា សមិទ្ធផលសម្ពោធនាថ្ងៃនេះ បានធ្វើឱ្យវិស័យអប់រំក្នុងស្រុកមេសាង រីកចម្រើនមួយកម្រិតទៀត។

គួររម្លឹកថា សាលាបឋមសិក្សាជីផុច បង្កើតឡើងតាំងពីឆ្នាំ១៩៧៩ ក្នុងគោលបំណងផ្តល់ការអប់រំ និងបណ្ដុះបណ្ដាលកុមារ និងយុវជនក្នុងសហគមន៍។ ដោយមានការចង្អុលបង្ហាញពីសម្ដេចក្រឡាហោម និងការទទួលដឹកនាំជ្រោមជ្រែងពីឯកឧត្តមអភិសន្តិបណ្ឌិត សាលាមត្តេយ្យសិក្សាជីផុច ចាប់ផ្ដើមសាងសង់នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ និងបញ្ចប់ជាស្ថាពរនៅថ្ងៃ១៤ ខែកក្កដា ឆ្នាំ២០២៥៕

To Top