ភ្នំពេញ ៖ លោក លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន បានថ្លែងថា សកម្មភាពមីននៅកម្ពុជា ទទួលបានការវាយតម្លៃខ្ពស់ពីឆាកអន្តរជាតិ មិនត្រឹមតែដោះស្រាយបញ្ហាមីននៅកម្ពុជា ប៉ុណ្ណោះទេ ថែមទាំងបានចែករំលែក នូវបទពិសោធម៌របស់ខ្លួន យ៉ាងច្រើនជូនដល់ប្រទេសមួយចំនួន នៅជុំវិញពិភពលោក ។
ការលើកឡើងរបស់លោក លី ធុជ នាឱកាសអនុញ្ញាតឱ្យ លោកស្រី សេង តក្កនារី កុងស៊ុលកិត្តិយសសហរដ្ឋម៉ិកស៊ិកប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងឈ្វេងយល់អំពីកិច្ចប្រតិបត្តិការសកម្មភាពមីននៅកម្ពុជា នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥។

ក្នុងជំនួបនោះ លោកទេសរដ្ឋមន្រ្តី លី ធុជ បានជម្រាបប្រាប់ លោកស្រីកុងស៊ុលកិត្តិយស សហរដ្ឋម៉ិកស៊ិកប្រចាំកម្ពុជា អំពីកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា និងសមិទ្ធផលសម្រេចបាន ក្នុងវិស័យសកម្មភាពមីននៅកម្ពុជា ដែលសមិទ្ធផលទាំងនោះ បានមកការរួមចំណែកយ៉ាងសំខាន់ ពីប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ ប្រតិបត្តិករដោះមីន វិស័យជន និងសប្បុរសជននានា ក្រោមការដឹកនាំ គ្រប់គ្រង និងសម្របសម្រួលពីអាជ្ញាធរមីន ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ជាប្រធាន។
លោកបន្តទៀតថា សកម្មភាពមីននៅកម្ពុជា ទទួលបានការវាយតម្លៃខ្ពស់ពីឆាកអន្តរជាតិ ដែលមិនត្រឹមតែដោះស្រាយបញ្ហាមីននៅកម្ពុជា ប៉ុណ្ណោះទេ ថែមទាំងបានចែករំលែក នូវបទពិសោធម៌របស់ខ្លួនយ៉ាងច្រើន ជូនដល់ប្រទេសមួយចំនួននៅជុំវិញពិភពលោក ផងដែរ។

លោកទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់ទៀតថា វិស័យសកម្មភាពមីន ត្រូវបានចាត់ទុកជាកិច្ចការអាទិភាពមួយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលសម្តេចធិបតី បានយកចិត្តទុកដាក់ខ្ពស់ សម្រាប់ការរួមចំណែកក្នុងការសង្រ្គោះអាយុជីវិត និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនកម្ពុជា ជាពិសេសការកសាងក្តីសង្ឃឹមថ្មី និងកសាងសហគមន៍ឱ្យកាន់តែរីកចម្រើន។
លោកទេសរដ្ឋមន្រ្តី លី ធុជ តាងនាមឱ្យរាជរដ្ឋាភិបាល ក៏បានលើកឡើង អំពីទំនាក់ទំនងល្អ និងមិត្តភាព រវាងរដ្ឋាភិបាល និងប្រជាជននៃសហរដ្ឋម៉ិកស៊ិក និងព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបានប្តេជ្ញានឹងបន្តកសាងនូវ ទំនាក់ទំនងនេះឱ្យកាន់តែប្រសើរឡើង។
ក្នុងឱកាសនោះផងដែរ លោកស្រី សេង តក្កនារី កុងស៊ុលកិត្តិយស សហរដ្ឋម៉ិកស៊ិកប្រចាំកម្ពុជា បានម្តែងនូវការកោតសរសើរ ចំពោះសមិទ្ធផល សម្រេចបាន របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅកម្ពុជា ហើយលោកស្រី មានការសប្បាយចិត្ត ដែលបានឃើញនូវស្នាមញញឹមរបស់ប្រជាពលរដ្ឋកម្ពុជានៅតាមសហគមន៍ ទទួលបាននូវដីប្រើប្រាស់ប្រកបដោយសុវត្ថិភាព លើដីបោសសម្អាតមីនរួច៕
