ព័ត៌មានជាតិ

បង្រ្កាបទីតាំងលួចលាក់បង្កប់បទល្មើសឆបោកអនឡាញ នៅខណ្ឌសែនសុខ​ ឃាត់ខ្លួន​ជន​ជាតិ​ចិន ៣នាក់

ភ្នំពេញ៖ កម្លាំងចម្រុះនៃរដ្ឋបាលរាជធានីភ្នំពេញ ដឹកនាំដោយលោក ហ៊ុន សុរិទ្ធី អភិបាលរងរាជធានីភ្នំពេញ ដោយសហការជាមួយអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ បានចុះបង្រ្កាបទីតាំងលួចលាក់បង្កប់បទល្មើសឆបោកអនឡាញ (Online Scams) ដែលមានទីតាំងនៅក្នុងអគារខុនដូរ លេខ៣៨២ ផ្លូវឌួងងៀប ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។

ក្នុងប្រតិបត្តិការចុះបង្រ្កាបនៅទីតាំងអគារខុនដូរ៨ជាន់ នេះ កងកម្លាំងចម្រុះបានត្រួតពិនិត្យរកឃើញជនសង្ស័យ ហើយបានឃាត់ខ្លួនមនុស្សមានសញ្ជាតិចិនសរុបចំនួន០៣នាក់ និងសម្ភារៈដែលជាវត្ថុតាងមួយចំនួន រួមមានកុំព្យូទ័រ ចំនួន ៤៧គ្រឿង, Laptop ចំនួន ១៩គ្រឿង, iPad ចំនួន ១ គ្រឿង, ទូរស័ព្ទ ចំនួន ២៨គ្រឿង, ទូរដែក ចំនួន ៦គ្រឿង។ ក្នុងនោះដែរ ក្រុមការងារក៏បានប្រមូលបានលិខិតឆ្លងដែន ចំនួន៨ ក្បាល និងចុងភៅ ចំនួន ៣នាក់ ស្រី១នាក់, អ្នកអនាម័យ ចំនួនម្នាក់ផងដែរ។ បច្ចុប្បន្ន អ្នកដែលត្រូវបានឃាត់ខ្លួន និងសម្ភារៈ ត្រូវបានប្រគល់ជូនស្នងការដ្ឋានរាជធានីភ្នំពេញ ដើម្បីបន្តអនុវត្តនីតិវិធី ដោយឡែកទីតាំងអគារខាងលើត្រូវបានបិទឃ្លុំជាបណ្តោះអាសន្ន៕

To Top