ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់ចិន ៖ ក្នុងបរិការណ៍ពិភពលោក មានភាពមិនប្រាកដប្រជា ការពង្រឹងកិច្ចសហការ រវាងកម្ពុជា-ចិន កាន់តែមានសារៈសំខាន់

ភ្នំពេញ៖ លោក ឈិន ចូវ (Chen Zhou) អនុរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានថ្លែងប្រាប់សម្តេចធិបតី ហ៊ុន ម៉ាណែត ថា នៅក្នុងបរិការណ៍ដែលពិភពលោក នៅតែមានភាពមិនប្រាកដប្រជា និងស្របពេលដែលភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ច កាន់តែមានភាពស្រួចស្រាល់ឡើង ការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ នៅគ្រប់កម្រិត និងគ្រប់វិស័យ គឺកាន់តែមានសារៈសំខាន់ ។

ការលើកឡើងរបស់អនុរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិចិន ខាងលើនេះ ធ្វើឡើងក្នុងឱកាស​សម្តេចមធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ នៅវិមានសន្ដិភាព។

ក្នុងជំនួបនេះ លោក ឈិន ចូវ បានពាំនាំការផ្តាំផ្ញើការសួរសុខទុក្ខ ពីសំណាក់ប្រធានាធិបតី ស៊ី ជីនពីង ក៏ដូចជាលោក លី ឈាង (Li Qiang) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន ជូនចំពោះសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចធិបតី នាយករដ្ឋមន្ត្រី។

លោកអនុរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ លោក ស៊ី ជីនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន នៅព្រះរាជាណាចក្រកម្ពុជា កាលពីខែមេសា ឆ្នាំ២០២៥ គឺជាសក្ខីភាពឆ្លុះបញ្ចាំង ពីការវិវត្តកាន់តែល្អប្រសើរ នៅក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។

លោក ឈិន ចូវ បានបញ្ជាក់ថា នៅក្នុងបរិការណ៍ដែលពិភពលោក នៅតែមានភាពមិនប្រាកដប្រជា និងស្របពេលដែលភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ច កាន់តែមានភាពស្រួចស្រាល់ឡើង ការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ នៅគ្រប់កម្រិត និងគ្រប់វិស័យ គឺកាន់តែមានសារៈសំខាន់ ដែលការណ៍នេះតម្រូវឱ្យប្រទេសទាំងពីរ បន្តពូនជ្រុំ និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី​ ទាំងក្នុងកម្រិតរដ្ឋាភិបាល និងរដ្ឋាភិបាល គណបក្សនិងគណបក្ស និងការបន្តបណ្ដុះបណ្ដាល យុវជនជំនាន់ក្រោយ ដែលជាយុវជនបន្ដវេន របស់ប្រទេសទាំងពីរ​ ឱ្យកាន់តែមានសមត្ថភាពរឹងមាំថែមទៀត ដើម្បីត្រៀមខ្លួនទទួលភារកិច្ចដឹកនាំ ប្រទេសនាពេលអនាគត ក្នុងនាទីជាអ្នកដឹកនាំ។

ជាការឆ្លើយតប សម្ដេចធិបតី​ បានសម្ដែងនូវការស្វាគមន៍​ និងសោមនស្សរីករាយ ដែលបានជួប លោក ឈិន ចូវ អនុរដ្ឋមន្ត្រី និងគណៈប្រតិភូ ក្នុងពេល​ដែលលោកនិង​គណៈប្រតិភូ​ បាន​អញ្ជើញ​មកបំពេញ​ទស្សនកិច្ច​នៅកម្ពុជា។

សម្ដេចធិបតី បានវាយតម្លៃខ្ពស់ ចំពោះការរីកចម្រើន នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ក្នុងគ្រប់កម្រិត ដែលសម្រេចបាន នូវសហគមន៍ជោគវាសនារួម នៅគ្រប់រដូវកាល ដែលត្រូវបានអនុវត្តនៅគ្រប់កម្រិត ទាំងកម្រិតរដ្ឋាភិបាល ក្រសួង ស្ថាប័ន រាជធានី ខេត្ត។

សម្ដេច ក៏បានគូសបញ្ជាក់បន្ថែមថា ទំនាក់ទំនងដ៏ល្អប្រសើរ នៅគ្រប់កម្រិតនៃកិច្ចសហប្រតិបត្តិការទ្វេភាគីនេះ គឺមិនកាត់ផ្តាច់ចេញបានឡើយ​ ពីទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការដ៏ស្អិតរមួត រវាងគណបក្សយើងទាំងពីរ ដោយមានយុវជនជាស្នូល។

ក្នុងនោះសម្តេច​ធិបតី​ នាយករដ្ឋមន្ត្រី​​​ ក៏បាន​លើទឹកចិត្ត​ដល់យុវ​ជន​ នៃ​ប្រទេស​ទាំង​ពីរ បន្ត​ពង្រឹង​ និង​ពង្រីក​នូវ​ទំនាក់ទំនង​ និង​កិច្ច​សហប្រតិបត្តិការ​គ្នា ​ឱ្យកាន់តែ​ជិតស្និទ្ធ​បន្ថែម​ទៀត​ ដើម្បី​រួមចំណែក​ដល់​ការបន្ត​ពូន​ជ្រំ​ នូវ​ទំនាក់ទំនង​ និង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំងពីរ​ ឱ្យ​កាន់តែ​រីកចម្រើន​ និង​រឹងមាំ​ផងដែរ៕

To Top