ភ្នំពេញ៖ ក្រសួងមហាផ្ទៃ បានជូនដំណឹងស្តីពីការប្រឡងប្រជែង ជ្រើសរើសក្របខ័ណ្ឌមន្ត្រីពន្ធនាគារ សម្រាប់ឆ្នាំ២០២៥ ឱ្យចូលបម្រើការងារនៅពន្ធនាគាររាជធានីភ្នំពេញ ។
ក្នុងនោះក្រសួងបានបញ្ជាក់ថា រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យក្រសួងមហាផ្ទៃ ជ្រើសរើសក្របខ័ណ្ឌមន្ត្រីពន្ធនាគារ (ឋានន្តរស័ក្តិអនុរក្ស ថ្នាក់លេខ៣) ចំនួន៨នាក់ (ស្រី១នាក់) សម្រាប់បម្រើការងារនៅពន្ធនាគាររាជធានីភ្នំពេញ ។
ក- លក្ខខណ្ឌនៃការជ្រើសរើសបេក្ខជនទាំងពីរភេទ ដែលមានសិទ្ធិសុំចុះឈ្មោះប្រឡងប្រជែងជ្រើសរើស ត្រូវបំពេញដូចខាងក្រោម៖
១- មានសញ្ជាតិខ្មែរ
២- មានកាយសម្បទាគ្រប់គ្រាន់ និងមានសុខភាពល្អ (ឆ្លងកាត់ការត្រួតពិនិត្យឈាម កាយសម្បទា និង តេស្តរកសារធាតុញៀន)
៣- បេក្ខជនទាំងពីរភេទត្រូវមានកម្ពស់ បុរសកម្ពស់ ១,៦៧ម៉ែត្រឡើង និងនារីកម្ពស់១,៥៧ម៉ែត្រឡើង និងមានទម្ងន់សមាមាត្រនឹងកម្ពស់
៤- មានជីវប្រវត្តិច្បាស់លាស់ មានកិរិយាមារយាទល្អ និងពុំធ្លាប់មានទោស
៥- បេក្ខជនទាំងពីរភេទ ត្រូវមានសញ្ញាបត្រយ៉ាងទាបបំផុត មធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្រសមមូល
៦- ត្រូវមានអាយុយ៉ាងតិច ១៨ឆ្នាំ ហើយមិនលើសពី ២៥ឆ្នាំ។ ការកម្រិតអាយុ ត្រូវបានរំកិលពី ២៥ឆ្នាំ ដល់ ៣៥ឆ្នាំ ចំពោះបេក្ខជន ដែលមានសញ្ញាបត្រថ្នាក់បរិញ្ញាបត្រ ឬសមមូល និង ៤០ឆ្នាំ ចំពោះ បេក្ខជន ដែលមានសញ្ញាបត្រថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឬសមមូល។
៧- មានទីលំនៅអចិន្ត្រៃយ៍ច្បាស់លាស់ នៅភូមិសាស្រ្តរាជធានីភ្នំពេញ
៨- មិនមានស្លាកស្នាមរបួស ឬស្លាកស្នាមសាក់ ដែលពិនិត្យជាក់ស្តែងឃើញថាមិនសមរម្យ។
ខ- កាលបរិច្ឆេទផ្តល់ពាក្យ ទទួលពាក្យ ទីកន្លែងផ្តល់ពាក្យ
-ផ្តល់ពាក្យ រៀងរាល់ម៉ោងធ្វើការ ចាប់ពីថ្ងៃទី២១ ខែកក្កដា ដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥
-ទទួលពាក្យរៀងរាល់ម៉ោងធ្វើការ ចាប់ពីថ្ងៃទី២៨ ខែកក្កដា ដល់ថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង១៧:០០នាទី ជាកាលបរិច្ឆេទកំណត់ចុងក្រោយ ។
-ទីកន្លែងផ្តល់ពាក្យ និងទទួលពាក្យនៅសាលារាជធានីភ្នំពេញ។
គ- វិញ្ញាសាប្រឡង និងមណ្ឌលប្រឡង
វិ-ញ្ញាសាប្រឡង៖ ចំណេះដឹងទូទៅ និងចំណេះដឹងវិស័យពន្ធនាគារ (រយៈពេល ២ម៉ោង)
-មណ្ឌលប្រឡងនៅរាជធានីភ្នំពេញ (ទីតាំងជាក់ស្តែងនឹងជូនដំណឹងនៅពេលក្រោយ)។
ឃ-ការចុះឈ្មោះតាមប្រព័ន្ធអនឡាញ (ONLINE)
បេក្ខជនត្រូវបំពេញព័ត៌មានបឋម ក្នុងការស្នើសុំសិទ្ធិប្រឡងប្រជែង តាមប្រព័ន្ធអនឡាញតាមតំណភ្ជាប់ (https://gdhr.interior.gov.kh/gdp/request?recruit=2) ឬស្ទែន QR CODE រួចបេក្ខជនម្នាក់ៗត្រូវបោះពុម្ព (Print) បង្កាន់ដៃស្នើសុំ សិទ្ធិប្រឡងប្រជែងនេះ ដើម្បីបង្ហាញដល់អនុគណៈកម្មការ ផ្តល់ពាក្យនិងទទួលពាក្យ នៅទីកន្លែងផ្តល់ពាក្យសុំចូលបម្រើការងារ ក្នុងក្របខ័ណ្ឌមន្ត្រីពន្ធនាគារ៕
