ព័ត៌មានជាតិ

រដ្ឋមន្រ្តីក្រសួងបរិស្ថាន ផ្តាំនិស្សិតអាហារូបករណ៍ទៅសិក្សានៅបរទេស កសាងសច្ចៈភាព និងភាពទៀងត្រង់របស់ខ្លួន នៅលើឆាកអន្តរជាតិ

ភ្នំពេញ ៖ កសាងសច្ចៈភាព និងភាពទៀងត្រង់របស់កម្ពុជានៅលើឆាកអន្តរជាតិ» ជាអនុសាសន៍ផ្តាំផ្ញើដ៏មានអត្ថន័យរបស់ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ដែលបានចាក់ឆ្លុះអំពីការដឹងគុណ និងភាពកត្តញ្ញូជូនចំពោះរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ខណៈដែលសិស្សនិស្សិតអាហារូបករណ៍ខ្មែរចំនួន ៥៥រូប ទទួលបានឱកាសដ៏ល្អទៅសិក្សានៅបរទេស។

ការផ្តាំផ្ញើនេះ បានធ្វើឡើងនៅក្នុងជំនួបសំណេះសំណាលជាមួយក្រុមសិស្សនិស្សិតម្ចាស់ជ័យលាភីអាហារូបករណ៍ប្រទេសហុងគ្រី ប្រទេសជប៉ុន ប្រទេសចិន និងប្រទេសអៀរឡង់ នាថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងបរិស្ថាន។

ការកសាងសច្ចៈភាព និងភាពទៀងត្រង់របស់ខ្លួន គឺជាការកសាងនូវម៉ាកយីហោដ៏ល្អមួយសម្រាប់ប្រទេសកម្ពុជា ក្នុងនាមជាបញ្ញាវ័ន្តខ្មែរ ដែលមានចំណេះដឹងខ្ពស់ និងមានឱកាសទៅបន្តការសិក្សានៅក្រៅប្រទេស។ លើសពីនេះ សច្ចៈភាពក៏បានដឹកនាំបុគ្គលទាំងនោះ ទៅកាន់ភាពជោគជ័យនៃគោលដៅជីវិត។ ពីព្រោះថា ប្រសិនជាបុគ្គលណាម្នាក់គ្មានភាពស្មោះត្រង់ចំពោះខ្លួនឯង ចំពោះច្បាប់ ចំពោះប្រទេស និងសង្គមជាតិនោះ គឺមិនអាចសាងភាពជោគជ័យបានឡើយ។

ជាមួយគ្នានេះ លោករដ្ឋមន្រ្តី ក៏បានលើកឡើងជាឧទាហរណ៍ជាក់ស្តែង ដោយផ្សារភ្ជាប់នឹងបទពិសោធន៍ជីវិតរបស់ឯកឧត្តម ដោយផ្តើមចេញពីកុមារភាពក្នុងភ្លើងសង្គ្រាម សូម្បីសិទ្ធទទួលបានការអប់រំក៏គ្មាន តែដោយមានការតាំងចិត្តមោះមុត ការតស៊ូជម្នះឧបសគ្គ និងការកំណត់គោលដៅជីវិតជាក់លាក់ជាមួយដើមទុននៃភាពស្មោះត្រង់ ធ្វើឱ្យឯកឧត្តមទទួលបានភារកិច្ចជារដ្ឋមន្រ្តីក្រសួងបរិស្ថាន ដើម្បីរួមចំណែក និងបណ្តុះគំនិតទៀតត្រង់បន្តទៅដល់អ្នកជំនាន់ក្រោយ។ ទាំងនេះក៏ជាការសិក្សារៀនសូត្រពីគំរូភាពរបស់ថ្នាក់ដឹកនាំ ដែលមានសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ហើយក៏ដូចជាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចតែងណែនាំ និងបង្ហាត់បង្ហាញឱ្យមានសច្ចៈភាពការងារ។ ហើយសច្ចៈភាពការងារនេះ ជាអ្វីដែលប្រជាពលរដ្ឋកម្ពុជាគ្រប់រូបចង់បាន ដូច្នេះយើងគម្បីណារួមគ្នាកសាង ម៉ាកយីហោសច្ចៈភាព និងភាពទៀងត្រង់របស់ខ្មែរ ឱ្យល្បីរន្ទឺទាំងក្នុងប្រទេស និងលើកឆាកអន្តរជាតិ។

សូមជម្រាបជូនថា សិស្សនិស្សិតម្ចាស់ជ័យលាភីអាហារូបករណ៍ ទៅសិក្សានៅក្រៅប្រទេសចំនួន ៥៥រូប ក្នុងនោះរួមមាន និស្សិតជ័យលាភីអាហារូបករណ៍ប្រទេសហុងគ្រី១៦នាក់ និស្សិតជ័យលាភីអាហារូបករណ៍ប្រទេសជប៉ុន២៣នាក់ និស្សិតជ័យលាភីអាហារូបករណ៍ប្រទេសចិន១៣នាក់ និងនិស្សិតជ័យលាភីអាហារូបករណ៍ប្រទេសអៀរឡង់៣នាក់៕

To Top