ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចេញ «បទបញ្ជា ស្តីពី យុទ្ធនាការបោសសម្អាត ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» ដែលមាន៩ចំណុច ក្នុងនោះ អភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត ស្នងការនគរបាលរាជធានី-ខេត្ត មេបញ្ជាការបណ្តាអង្គភាព និងក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវអនុវត្ត បទបញ្ជានេះឱ្យបានម៉ឺងម៉ាត់ ការមិនអនុវត្តតាមបទបញ្ជា ឬមិនសហការអនុវត្ត ត្រូវជាកម្មវត្ថុនៃការវាយតម្លៃក្នុងការតែងតាំង ផ្លាស់ប្តូរ ឬបញ្ចប់មុខតំណែង។
ការចេញបទបញ្ជារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ខាងលើនេះ បន្ទាប់ពីរាជរដ្ឋាភិបាល បានសង្កេតឃើញថា បច្ចុប្បន្នសកម្មភាពឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) នៅព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងបង្កការគំរាមកំហែង និងអសន្តិសុខ ក្នុងពិភពលោកនិងតំបន់។ ក្រុមឧក្រិដ្ឋជនបរទេស ក៏បានជ្រៀតចូលធ្វើសកម្មភាព ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាផងដែរ។
យោងតាមបទបញ្ជា របស់រាជរដ្ឋាភិបាល ដែលចុះហត្ថលេខាដោយសម្តេចធិបតី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ បានបញ្ជាក់ថា «អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត និងជាប្រធានគណៈបញ្ជាការ ឯកភាពរដ្ឋបាលរាជធានី ខេត្ត ស្នងការនគរបាលរាជធានី ខេត្ត មេបញ្ជាការបណ្តាអង្គភាព និងក្រសួង ស្ថាប័នដែលពាក់ព័ន្ធ ត្រូវអនុវត្ត បទបញ្ជានេះឱ្យបានម៉ឺងម៉ាត់ និងដោយការទទួលខុសត្រូវ។ ការមិនអនុវត្តតាមបទបញ្ជា ឬមិនសហការអនុវត្ត ក្នុងរូបភាពណាមួយ ត្រូវជាកម្មវត្ថុនៃការវាយតម្លៃ ក្នុងការតែងតាំង ផ្លាស់ប្តូរ ឬបញ្ចប់មុខតំណែង»។
បន្ថែមលើនេះ សម្តេចធិបតី នាយករដ្ឋមន្ត្រី ឱ្យគ្រប់ក្រសួង ស្ថាប័ន គណៈកម្មាធិការជាតិសន្តិសុខលម្អសមុទ្រ លេខាធិការដ្ឋាននៃគណៈកម្មការ ចំពោះកិច្ចប្រយុទ្ធប្រឆាំង ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) គណៈបញ្ជាការឯកភាព រដ្ឋបាលរាជធានី ខេត្ត អង្គភាព និងសមត្ថកិច្ចដែលពាក់ព័ន្ធ ត្រូវអនុវត្តបទបញ្ជានេះ ឱ្យបានម៉ឺងម៉ាត់បំផុត និងមានប្រសិទ្ធភាពខ្ពស់ ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ៕
