ព័ត៌មានជាតិ

ទស្សនៈ ! មេភូមិភាគ២ ទំនងចង់ទំលាក់បន្ទុក ដាក់រដ្ឋមន្ត្រីវប្បធម៌ថៃ លាងជម្រះយករួចខ្លួន

ភ្នំពេញ ៖ ក្រោយពីសារជាបន្តបន្ទាប់ របស់សម្ដេចតេជោធិបតី (សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត) បង្ហាញជំហររឿងថៃចង់បិទ ឬធ្វើរបងព័ទ្ធប្រាសាទ តាមាន់ធំមក មេបញ្ជាការយោធភូមិភាគ២ថៃ បានប្រកាសគ្រលាស់ខ្លួន បន្ទន់ឥរិយាបថជាមួយកម្ពុជាក្នុងន័យថា យោធាថៃ នឹងធ្វើរបងព័ទ្ធពេលមានបញ្ជាពីរដ្ឋាភិបាល និងក្រសួងវប្បធម៌ ដែលដឹកនាំដោយ គណបក្សភឿថៃ ដែលជាកម្មសិទ្ធិលោកថាក់ ស៊ីន ។ នេះបើតាមលោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ។

កាសែតបាងកកប៉ុស្តិ៍របស់ថៃ ចេញផ្សាយ ថ្ងៃពុធ ទី១៦ ខែកក្កដា ឆ្នាំ២០២៥ ពាក់ព័ន្ធនឹងការធ្វើ របងព័ទ្ធប្រាសាទ តាមាន់ធំនេះថា ឧត្តមសេនីយ៍ទោ Boonsin Padklang មេបញ្ជាការយោធភូមិភាគ២ថៃ ឱ្យដឹងថា «កងទ័ពថៃនឹងធ្វើរបងព័ទ្ធប្រាសាទ តាមាន់ធំ នៅពេលណា មានបញ្ជារបស់រដ្ឋាភិបាល និង ក្រសួងវប្បធម៌វិចិត្រសិល្បៈរបស់ថៃ»។

តាមកាសែតនេះដដែល មេបញ្ជាការយោធភូមិ២រូបនេះ បានអះអាងថា «ប៉ុន្តែសភាពការណ៍បច្ចុប្បន្ន នៅទីនោះមានស្ថិរភាពទេ ហើយទំនាក់ទំនងថ្នាក់មូលដ្ឋាននៅមានជាប្រក្រតី»។ ទន្ទឹមនេះ ករណីអតីតទាហានថៃ និងអ្នកទេសចរណ៍ថៃ វាយលើយោធាកម្ពុជាវិញ ក៏លោក Boonsin Padklang បញ្ជាក់ដែរថា «អ្នកប្រព្រឹត្តត្រូវបាន ចាត់វិធានការ ផ្លូវច្បាប់ហើយ»។ លោកដែលធ្លាប់តែពើងទ្រូង ពេលនេះចាប់បន្ទាបខ្លួន សម្រួលពាក្យសម្ដីថ្នមសភាការណ៍ បណ្ដើរៗ។ជាមួយកម្ពុជានោះ លោកបានសង្កត់ធ្ងន់ថា «អាជ្ញាធរថៃក៏បានធ្វើការ សូមទោសអាជ្ញាធរកម្ពុជាហើយផងដែរ»។

តាមខ្លឹមសារចុះផ្សាយលើកាសែតបាងកកប៉ុស្តិ៍របស់ថៃខាងលើនេះ អាចនិយាយបានថា យោធាចាប់ផ្ដើមរុញទូកបណ្ដោយទឹក ទម្លាក់គ្រោះលើរដ្ឋាភិបាល ដឹកនាំដោយក្រុមលោកថាក់ស៊ីន ជាពិសេស ក្រសួងវប្បធម៌ថៃ ដែលដឹកនាំដោយអតីតនាយករដ្ឋមន្ត្រីព្យួរតំណែង ធ្លាក់កាន់ជារដ្ឋមន្ត្រីក្រសួងវប្បធម៌ គឺ ផែថងថាន ឱ្យទទួលខុសត្រូវម្នាក់ឯង។ នេះក៏អាចចាត់ថា ជាសញ្ញាណដែលយោធាចង់ឆ្លើយតបមកកម្ពុជាដែរថា ការគម្រាមបិទឬធ្វើរបងព័ទ្ធប្រាសាទតាមាន់ធំ មិនមែនយោធាទេ ព្រោះកន្លងទៅ ផែថងថាន តែងនិយាយបែបគម្រាមជុំវិញវិធានការ លើប្រាសាទតាមាន់ធំនេះជារឿយៗ និងជាក់ស្ដែងបានប្រកាសផ្អាក មិនបញ្ជូនវត្ថុបុរាណរបស់កម្ពុជា មកឱ្យកម្ពុជាវិញតាមការសន្យារបស់ខ្លួន កាលនៅជានាយករដ្ឋមន្ត្រី ដោយយកលេសថាបញ្ហាថវិកា តែត្រូវក្រសួងវប្បធម៌កម្ពុជា សកទៅវិញបាត់មាត់ដូចគេចុក។

បន្ថែមពីនេះ ការបើកច្រកទ្វារព្រំដែន ឱ្យដូចដើមវិញ ក៏អាចនិយាយបានថា យោធាព្យាយាមរុញការសម្រេចចិត្តនេះ ទៅគណបក្សដឹកនាំរដ្ឋាភិបាលដែរ ព្រោះថា ដើមឡើយរដ្ឋាភិបាលជាអ្នកប្រគល់សិទ្ធិឱ្យខាងយោធា ដែលពេលនេះយោធាអាចបកស្រាយថា ខ្លួនគ្រាន់តែធ្វើតាមរដ្ឋាភិបាលបើកភ្លើងខៀវប៉ុណ្ណោះទេ។ ជាសត្យានុម័ត ផែថងថាន តែងដឹកនាំក្រុមគ្រួសារបក្ស ចុះទៅភូមិភាគ២ ជាញឹកញាប់ដែរ។ មកដល់ចំណុចនេះ ក៏ស្របនឹងសារ របស់លោកថាក់ស៊ីនដែលឈរពីក្រោយបក្សភឿថៃ ទាំងខ្លួនគ្មានសិទ្ធិនយោបាយ ផ្ដល់កិច្ចសម្ភាសដល់សារព័ត៌មានថៃ ដែរថា«នឹងមិនមានសង្រ្គាមរវាងកងទ័ព នៃប្រទេសទាំងពីរទេ តែនេះ គឺជាការប្រកួតមុជទឹក! អ្នកណាមុជបានយូរជាង គឺអ្នកនោះឈ្នះ!»។ ក៏ដូចគ្នា គឺស្របនឹងការបកត្រឡប់របស់សម្ដេចតេជោ ហ៊ុន សែន ដែរថា បើថាក់ស៊ីននិយាយបែបនេះ គេអាចយល់បានថា«មេក្លោងនៅពីក្រោយការបិទព្រំដែន គឺ លោក ថាក់ស៊ីន នេះឯង»។

ម្យ៉ាងខាងយោធាក៏ទំនងជាកុំឱ្យសាធារណមតិជាតិ អន្តរជាតិ ពិភពលោក ចេះតែមើលឃើញថា យោធាថៃ មានចរិតកោងកាច ល្មោបសង្គ្រាម ពាលព្រៃផ្សៃ បង្កើតហេតុការណ៍ ដើម្បីទាញប្រជាប្រិយ៍ភាព ដើម្បីឈានទៅកាន់មុខតំណែងនេះនោះ ដូចការវិភាគនិងខ្សឹបខ្សៀវ ទាំងផ្ទៃក្នុងនិងសាធារណមតិអន្តរជាតិព្រោងព្រាត។
និយាយមួយម៉ាត់ទៀត ក៏ដោយសារខាងយោធាឆ្អែតចិត្តនឹងការប្រមាថរបស់ ផែថងថាន កាលក្នុងតួនាទីជានាយករដ្ឋមន្ត្រី បានវាយប្រហារប្រមាថយោធា ពិសេសមេភូមិភាគ២តែម្ដង នៅចំពោះមុខថ្នាក់ដឹកនាំកម្ពុជា ។ អ៊ីចឹងហើយ បានជាប្រហែលជាខាងយោធា អាចចាប់ផ្ដើមយល់ពីកម្ពុជាបន្តិចម្ដងៗ និងចេះស្ដាប់ភាសាខ្មែរបណ្ដើរៗ ថាខ្មែរមិនមែន ជាអ្នកផ្ដើមបិទច្រកព្រំដែនទេ ខ្មែរចង់បានព្រំដែនអភិវឌ្ឍន៍ ពិសេសសន្តិភាព រវាងកងកម្លាំង ប្រដាប់អាវុធនិងកងកម្លាំង ប្រដាប់អាវុធ រវាងប្រទេសនិងប្រទេស ហើយក៏ក្នុងចេតនាខាងយោធា ដើម្បីស្ដារមុខមាត់ឡើងវិញ ស្របនឹងប្រសាសន៍ សម្ដេចតេជោ ហ៊ុន សែន ថ្លែងក្នុងដំណើរចុះសួរសុខទុក្ខ ប្រជាពលរដ្ឋភៀសសឹក ដោយស្ម័គ្រចិត្ត សួរសុខទុក្ខយោធា និងនគរបាលជាតិតាមព្រំដែនថា «គ្មានទំនាក់ទំនងកម្ពុជាថៃណាល្អជាងទំនាក់នងកាលលោក ប្រាយុទ្ធ ចាន់អូចា ដែលក្រុមយោធាធ្វើជា នាយករដ្ឋមន្ត្រីនោះឡើយ»។ យើងសង្ឃឹមថា វាពិតជាបែបនេះមែនទៅចុះ ហើយយើងរង់ចាំ នាយករដ្ឋមន្ត្រីថ្មី ដែលមានសិទ្ធិអំណាចពិតប្រាកដ ដើម្បីបន្តនីតិវិធីជាមួយកម្ពុជាដោយសន្តិវិធី ទាំងទ្វេភាគី និងតាមថ្នាលតុលាការយុត្តិធម៌អន្តរជាតិ«ICJ» ជាគ្រឹះនៃប្រទេសទាំងពីរមានសុខសន្តិភាពនិងអភិវឌ្ឍន៍ព្រមៗគ្នា៕

To Top