កណ្ដាល ៖ លោក គួច ចំរើន អភិបាលខេត្តកណ្ដាល បានណែនាំដល់កងកម្លាំង និង អាជ្ញាធរគ្រប់ជាន់ថ្នាក់ ត្រូវរួមគ្នា បង្ក្រាបបទ ល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងល្បែងស៊ីសងអនឡាញ ខុសច្បាប់គ្រប់ប្រភេទ ឱ្យអស់ពីមូលដ្ឋានខេត្តកណ្ដាល ។

លោក អភិបាលខេត្ត បានធ្វើការណែនាំដូច្នេះ ក្នុងកិច្ចប្រជុំគណបញ្ជាការឯកភាព រដ្ឋបាលខេត្តកណ្ដាល នាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ នៅសាលាខេត្តកណ្ដាល ដោយមានការអញ្ជើញចូលរួមពីអាជ្ញាធរក្រុង-ស្រុកទាំង១៣ និងកងកម្លាំងមានសមត្ថកិច្ច ជាច្រើនរូបទៀត។
លោក អភិបាលខេត្ត គូសបញ្ជាក់ថា «កងកម្លាំងមាន សមត្ថកិច្ច អាជ្ញាធរក្រុង-ស្រុកទាំង១៣ និងគណៈបញ្ជាការ ឯកភាពគ្រប់ថ្នាក់ ត្រូវប្ដេជ្ញារួមគ្នា ដើម្បីបង្ក្រាបបទល្មើស ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងល្បែងស៊ីសងខុសច្បាប់ តាមអនឡាញគ្រប់ប្រភេទ ឱ្យអស់ពីមូលដ្ឋានខេត្តកណ្ដាល ហើយត្រូវមានវិធានការ ទប់ស្កាត់មិនឱ្យត្រឡប់មកវិញបានទៀត ពីព្រោះកិច្ចការនេះគឺជាកិច្ចការអាទិភាព ជាការងារ ដ៏ចម្បងបំផុត សម្រាប់អាជ្ញាធរ ក៏ដូចជាកងកម្លាំង មានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដែលទាមទារឱ្យ យើងទាំងអស់គ្នា ត្រូវបង្កើនការយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់ ក្នុងដោះស្រាយបញ្ហានេះប្រកប ដោយប្រសិទ្ធភាពខ្ពស់»។

លោក អភិបាលខេត្ត បានក្រើនរំលឹកគណៈបញ្ជាការ ឯកភាពក្រុង-ស្រុក ខេត្ត ត្រូវបង្កើនកិច្ចសហការគ្នា ដើម្បីដោះស្រាយបញ្ហាខាងលើនេះ ឲ្យទទួល បានជោគជ័យ ស្របទៅតាមបទបញ្ជា របស់រាជរដ្ឋាភិបាល ស្ដីពីការអនុវត្តប្រតិបត្តិការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងសេចក្ដីណែនាំនានា របស់រាជរដ្ឋាភិបាល បានដាក់ចេញ៕
