ព័ត៌មានជាតិ

សមត្ថកិច្ច បង្ក្រាបក្មេងទំនើង និងអ្នកងប់ល្បែង ស៊ីសងជាង ៤០០នាក់ ក្នុងខែមិថុនា

ភ្នំពេញ ៖ ក្នុងខែមិថុនា ឆ្នាំ២០២៥នេះ សមត្ថកិច្ចក្រសួងមហាផ្ទៃ បន្តបង្ក្រាបក្រុមក្មេងទំនើង នៅទូទាំងប្រទេសបានចំនួន ៩០ករណី និងឃាត់ខ្លួនមនុស្សសរុបចំនួន ២៨៩នាក់ ខណៈអ្នកងប់ងល់នឹងល្បែងស៊ីសង ខុសច្បាប់គ្រប់ប្រភេទចំនួន ៦២ករណី ដោយឃាត់ខ្លួនមនុស្សចំនួន ១៤៩នាក់។

បើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ក្នុងចំណោមក្មេង ទំនើងដែលសមត្ថកិច្ចបង្ក្រាប អ្នកពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌមាន ៥១ករណី ស្មើនឹង ១៧៦នាក់ ស្រី ១៧នាក់ ដោយអ្នកទាំងនោះត្រូវបានសមត្ថកិច្ច កសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងរាជធានី-ខេត្ត។ អ្នកពាក់ព័ន្ធមួយចំនួនទៀត សមត្ថកិច្ច អនុវត្តវិធានការរដ្ឋបាល ដោយណែនាំ អប់រំ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពចំនួន ៣៩ករណី ស្មើ ១១៣នាក់ និងស្រីចំនួន១០នាក់។

អ្នកនាំពាក្យរង លោក ទូច សុឃៈ បានបន្ថែមឱ្យដឹងថា ក្នុងរយៈពេលដូចគ្នានេះ សមត្ថកិច្ចក៏បានបង្ក្រាបករណី អ្នកងប់ងល់នឹងល្បែងស៊ីសង ខុសច្បាប់គ្រប់ប្រភេទនៅទូទាំងប្រទេសចំនួន ៦២ករណី ដោយឃាត់ខ្លួនមនុស្សចំនួន ១៤៩នាក់ មានស្រី៥៧នាក់ រួមទាំងវត្ថុតាងមានជាអាទិ៍ម៉ូតូ១៧គ្រឿង កុំព្យូទ័រ៥គ្រឿង និងសម្ភារផ្សេងមួយចំនួនទៀត។

លោក បានឱ្យដឹងទៀតថា ក្នុងចំណោម ការបង្ក្រាបករណីល្បែងស៊ីសងខុសច្បាប់នេះ សមត្ថកិច្ចបានអនុវត្តវិធានការ ច្បាប់ចំនួន ១៨ករណី មានមនុស្ស៤៥នាក់ ស្រី២០នាក់ និងអនុវត្តលើវិធានការរដ្ឋបាល ចំនួន៤៤ករណី មានមនុស្ស ១០៤នាក់ ស្រី៣៧នាក់។

លទ្ធផលនៃការបង្រ្កាប ក្រុមក្មេងទំនើង និងល្បែងស៊ីសងខុសច្បាប់ ក្នុងខែមិថុនាកន្លងទៅនេះ បានឆ្លុះបញ្ចាំងអំពីការ យកចិត្តទុកដាក់ខ្ពស់ ចំពោះសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋគ្រប់មូលដ្ឋាន ។ ជាការកត់សម្គាល់ក្នុង រយៈពេលចុងក្រោយនេះ សកម្មភាពល្បែងស៊ីសងបានលេចឡើងមិនត្រឹមតែជាលក្ខណៈប្រពៃណី ដូចជាលេងបៀ អាប៉ោង ជល់មាន់ ឬចាក់កន្ទុយលេខនោះទេ ពោល គឺក្រុមមេល្បែង ពួកកាងល្បែងបានប្រើវិធីសាស្រ្ត អូសទាញមនុស្ស ឱ្យលេងល្បែង តាមប្រព័ន្ធបច្ចេកវិទ្យា ខណៈការទូទាត់ប្រាក់ឈ្នះចាញ់ ល្បែងបានធ្វើឡើង យ៉ាងងាយស្រួល តាមមធ្យោបាយធនាគារ ៕

To Top