ព័ត៌មានជាតិ

អ្នកតាមដាន កិច្ចការសង្គម ៖ សមត្ថកិច្ចត្រូវ អនុវត្តការបង្ក្រាប ការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា ឲ្យបានម៉ឹងម៉ាត់

ភ្នំពេញ ៖ លោកបណ្ឌិត យង់ ពៅ អ្នកតាមដាន កិច្ចការសង្គម បានលើកឡើងថា សមត្ថកិច្ចជំនាញពាក់ព័ន្ធ ត្រូវចុះអនុវត្តក្នុងការ បង្ក្រាបបទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យាជាធរមាន ដើម្បីកុំឲ្យកើតមានឡើងនៅក្នុងសង្គមកម្ពុជា ទៅតាមបទបញ្ជាសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ។

ការលើកឡើងរបស់លោកបណ្ឌិត យង់ ពៅនេះ បន្ទាប់ពីសម្តេចធិបតី កាលពីរាត្រីថ្ងៃ១៥ កក្កដា បានចេញបទបញ្ជា ស្តីពី យុទ្ធនាការបោសសម្អាត ការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា។ ក្នុងនោះ គ្រប់អភិបាលរាជធានី-ខេត្ត , ស្នងការនគរបាល រាជធានី-ខេត្ត , មេបញ្ជាការបណ្តាអង្គភាព និងក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវអនុវត្ត បទបញ្ជានេះឲ្យបានម៉ឺងម៉ាត់ ហើយបើសិនមិនអនុវត្តតាមបទបញ្ជា ឬមិនសហការអនុវត្ត ត្រូវជាកម្មវត្ថុនៃការវាយតម្លៃក្នុងការតែងតាំង ផ្លាស់ប្តូរ ឬបញ្ចប់មុខតំណែង ។

លោកបណ្ឌិតបានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលនាថ្ងៃ១៦ កក្កដា ថា លោកគាំទ្រ ចំពោះបទបញ្ជាយ៉ាងម៉ឹងម៉ាត់ របស់សម្តេចនាយករដ្ឋមន្រ្តី ព្រោះការឆបោកនេះ ធ្វើឲ្យកម្ពុជារងគ្រោះ បើសិនជាសមត្ថកិច្ចនៅបណ្តែត បណ្តោយឲ្យរូបភាព នៃការឆបោកមាន លក្ខណៈទូលំទូលាយ ។

លោកបណ្ឌិត យង់ ពៅ គូសបញ្ជាក់ថា “ខ្ញុំយល់ឃើញថា សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវតែធ្វើតាមបទបញ្ជា ក៏ដូចជាច្បាប់ជាធរមាន នៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវតម្កល់ផលប្រយោជន៍ជាតិជាធំ ។ បើមិនដូច្នោះទេ យើងនឹងមានបញ្ហា” ។
លោកបណ្ឌិតបន្តថា រាជរដ្ឋាភិបាលត្រូវមានចំណាត់ការ អនុវត្តតាមផ្លូវច្បាប់ឲ្យបានធ្ងន់ធ្ងរ ចំពោះមន្រ្តីនៅថ្នាក់ក្រោម ប្រសិនបើរកឃើញថា ពួកគាត់ជាប់ពាក់ព័ន្ធនឹងបទល្មើស ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីឲ្យកម្ពុជាមានការអភិវឌ្ឍ សណ្តាប់ធ្នាប់ ស្ថិរភាពនយោបាយ និងល្បីល្បាញលើឆាកអន្តរជាតិ ដើម្បីទាក់ទាញវិនិយោគពីបរទេស ។

សូមបញ្ជាក់ថា បច្ចុប្បន្នសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) បាននិងកំពុងបង្កការគំរាមកំហែង និងអសន្តិសុខ ក្នុងពិភពលោកនិងតំបន់ ។ ក្រុមឧក្រិដ្ឋជនបរទេស ក៏បានជ្រៀតចូលធ្វើសកម្មភាព ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាផងដែរ ៕

To Top